មិន​ត្រឹម​តែ​ជា​ម៉ូដែល Antony Rolland ក៏​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​ដ៏​មាន​សមត្ថភាព

  • 2019-01-10 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antony Rolland ជា​តារា​ម៉ូដែល​ខ្មែរ​កាត់​បារាំង​មួយ​រូប មាន​សម្រស់​ស្រស់​សង្ហា​មិន​ធម្មតា ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​លោក​ក៏​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​មួយ​រូប​ផង​ដែរ។ ក្រៅ​ពី​អាជីព​ម៉ូដែល ត្រឹម​វ័យ​១៧​ឆ្នាំ​​លោក​ក៏​ជា​សហគ្រិន​មួយ​រូប​សម្រាប់​ជំនួញ​ទាក់ទង​ខាង​ទីផ្សារ​​ (Marketing) ព្រមទាំង​ Web Business។

ពាក់​ព័ន្ធ​នឹង​អាជីព​ជា​តារា​ម៉ូដែល Antony បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​កាន់​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន ហើយ​មុន​នេះ​លោក​ក៏​មាន​បទ​ពិសោធន៍​ខ្លះៗ​ទាក់ទង​នឹង​ម៉ូដែល​នៅ​ប្រទេស​បារាំង​​រួច​ទៅ​ហើយ។ ការងារ​ដំបូង​បំផុត​របស់​លោក​ គឺ​ថត​រូប​ម៉ូដែល​លក្ខណៈ​ជា​គូ​ជាមួយ Mélia Constantin ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ជំនាញ​លោក Remy Hou។ ក្រោយ​មក​លោក​និង​ដៃ​គូ Mélia ក៏​បាន​ចាប់​ដៃ​គ្នា​សហការ​ថត​រូប​ម៉ូដែល​យ៉ាង​ច្រើន​មិន​ថា​ជា​គម្រោង​ដែល​ទទួល​បាន​កម្រៃ​ឬ​ជា​ការ​ស្ម័គ្រចិត្ត​ថត​ដើម្បី​ជា​បទ​ពិសោធន៍។

Antony និង Mélia Constantin

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ Antony បាន​បង្ហាញ​ខ្លួន​ក្នុង​គម្រោង​ជា​ច្រើន​មិន​ថា​ជា​ការ​ថត​លក្ខណៈ​ម៉ូដែល​ ឬ​ក៏​ជា​លក្ខណៈ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ លោក​តែង​តែ​ស្វាគមន៍​នូវ​គម្រោង​ថ្មីៗ​ជានិច្ច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ដោយ​សារ​តែ​លោក​បាន​ដឹង​ក្ដី​នៅ​ប្រទេស​បារាំង​​ ដូច្នេះ​លោក​មាន​ការ​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ខ្លះៗ​ ដែល​គ្រោង​នឹង​រៀន​បន្ថែម​នៅ​ឆ្នាំ​នេះ។

​ចំពោះ​គម្រោង​នៅ​ឆ្នាំ​ ២០១៩ នេះ Antony នឹង​ផ្ដោត​សំខាន់​លើ​ការ​ហាត់​ប្រាណ​ឲ្យ​កាន់​តែ​មាន​រាង​រៅ​សង្ហា​ជាង​នេះ​មួយ​កម្រិត​ទៀត និយាយ​ភាសា​ខ្មែរ​កាន់​តែ​ល្អ និង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​កាន់​តែ​ច្រើន​ជាង​មុន ខណៈ​ពេល​នេះ​លោក​ចំណាយ​ពេល​ពាក់​កណ្ដាល​ជា​អ្នក​ជំនួញ​ និង​ពាក់​កណ្ដាល​ជា​តារា​ម៉ូដែល​និង​សម្ដែង​៕​

អត្ថបទ៖ ធារ៉ូ