អាជ្ញាធរឆ្លើយបែបនេះ ក្រោយព្រះពុទ្ធបដិមានៅប្រាសាទបាយ័ន ត្រូវគេគូសក្រវេមក្រវាម

  • 2019-01-10 07:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​មួយ ដែល​ព្រះពុទ្ធ​បដិមា​ជា​ទី​គោរព​សក្ការ​បូជា នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរ ដែល​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ត្រូវ​បាន​ជន​ខ្វះ​ការ​គិត​ពិចារណា បាន​យក​ថ្នាំ​ពណ៌​ទៅ​គូស​លើ​ព្រះភ័ក្ដ្រ​ក្រវេមក្រវាម គួរ​ឲ្យ​ស្រណោះ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ Sabay បាន​ទំនាក់ទំនង​ទៅ​លោក ឡុង កុសល ជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សុំ​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ។ លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា មិន​បាន​ដឹង​ឮ​អំពី​រឿង​នេះ​ឡើយ មិន​ដឹង​អ្នក​ណា​ជា​អ្នក​ទៅ​គូស ព្រោះ​ធម្មតា​មនុស្ស​ទៅ​លេង​ច្រើន ម៉ោង​ខុស​គ្នា ពេល​ខុស​គ្នា ធ្វើ​ម៉េច​អាជ្ញាធរ​ទៅ​ដឹង​ថា​តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​នោះ?

រូបភាព៖ Thorn Theara

នៅ​ពេល​សួរ​ថា​តើ​អាជ្ញាធរ​នឹង​មាន​វិធាន​ការ​បែប​ណា ក្រោយ​កើត​ឡើង​ករណី​នេះ និង​រក​ជន​ដែល​បាន​ប្រព្រឹត្តិ​នោះ​ដែរ​ទេ? លោក​បាន​ឆ្លើយ​ថា៖ «ឲ្យ​ទៅ​រក​នៅ​ឯ​ណា? ពិបាក​ដែរ​បើ​ឲ្យ​ទៅ​រក​អ្នក​ណា​ អ្នក​ធ្វើ​នោះ?» គ្រាន់​តែ​អាច​ទាក់ទង​សួរ​ទៅ​កាន់​អាជ្ញាធរ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មិន​ដឹង​ជា​គេ​គូស​ដើម្បី​អី? មិន​ដឹង​ថា​ប្រពៃ​ណី​ ទំនៀម​ទម្លាប់​អ្វី​ឡើយ។ តែ​យ៉ាង​ណា​លោក​ឆ្លើយ​ថា នេះ​មិន​មែន​ជា​រឿង​ដែល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ឡើយ។

រូបភាព៖ Thorn Theara

ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​បែប​នេះ តែង​មាន​អាជ្ញាធរ​ចុះ​ហាម​ឃាត់​ភ្លាមៗ​ប្រសិន​បើ​មាន​សកម្មភាព​មិន​ប្រក្រតី​កើត​ឡើង និង​ហាម​មិន​ឲ្យ​ប៉ះពាល់​រាល់​វត្ថុបុរាណ និង​សកម្មភាព​ណា​ដែល​ឆ្គាំឆ្គង​ដាច់​ខាត។ ពាក់ព័ន្ធ​នឹង​សំណួរ​នេះ​ដែរ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លើក​ឡើង​ថា ប្រហែល​ជា​រឿង​នេះ​កើត​ឡើង នៅ​ម៉ោង​ក្រោយ​បំពេញ​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា៕

រូបភាព៖ Thorn Theara

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម