តារា​ចម្រៀង​ខ្មែរ​នៅ​អាមេរិក Badassvon និង Soup Pha រៀប​រាប់​ពី​រលក​ថ្មី​នៃ​វិស័យ​តន្ត្រី​​ខ្មែរ

  • 2019-01-10 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​ផលិត​ចម្រៀង​ខ្មែរ​ពី​បណ្ដា​តារា​នៅ​ឯ​នាយ​សមុទ្រ​កាន់​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​មិន​ថា​ជា​នៅ​ សហរដ្ឋអាមេរិក អូស្ត្រាលី​ ឬ​កាណាដា​នោះ​ទេ។ ថ្មីៗ​នេះ​តារា​​ចម្រៀង​សញ្ជាតិ​​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​អាមេរិក​២​រូប​គឺ Soup Pha និង​ Badassvon បាន​មក​លេង​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ជួប​​ជជែក​ជាមួយ​សប្បាយ​ ដើម្បី​វែក​ញែក​នូវ​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​នឹង​វិស័យ​តន្ត្រី​ក្នុង​ស្រុក។

Badassvon
Soup Pha
ផែន​ បូទី

ចូលរួម​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​លោក ផែន បូទី​ ដែល​ជា​អ្នក​និពន្ធ​និង​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម Sunday ក៏​បាន​ចូលរួម​ផង​ដែរ ដោយ​លោក​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​និពន្ធ​បទ​ភ្លេង​និង​ទំនុក​ចម្រៀង​សម្រាប់​តារា​ក្រៅ​ស្រុក​ដូច​ជា​លោក Jay Chan និង Soup Pha ជាដើម។ ថ្លែង​មក​កាន់​សប្បាយ​ Soup បាន​និយាយ​ថា​ខ្លួន​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ចម្រៀង​នេះ​យូរ​មក​ហើយ ដោយ​ធ្លាប់​ទាំង​ចូល​រួម​ប្រឡង​ចម្រៀង​កម្មវិធី​លំដាប់​ពិភពលោក​ "The X-Factor” ផង​ដែរ។

លក្ខណៈ​ពិសេស​មួយ​ចំពោះ​តារា​ចម្រៀង​ខ្មែរ​​នៅ​ក្រៅ​ស្រុក​គឺ ពួក​គេ​ភាគ​ច្រើន​មាន​ការ​បញ្ចេញ​សំឡេង​ និង​សំនៀង​ច្រៀង​ខុស​ប្លែក​បន្តិច​ពី​តារា​ចម្រៀង​ខ្មែរ​ក្នុង​ស្រុក។ ចំណុច​នេះ​ហើយ​បាន​ជា​ចម្រៀង​ដែល​បាន​បញ្ចេញ​គឺ​មាន​លក្ខណៈ​ប្លែក​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ​ត្រង់​កន្លែង​នេះ​លោក Badassvon បញ្ជាក់​ថា​បទ​ចម្រៀង​ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គឺ​ពឹង​ផ្អែក​ទៅ​លើ​ ទំនុក​ភ្លេង​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​តារា​ទាំង​ពីរ​បាន​​បង្ហាញ​អំពី​សន្ទុះ​នៃ​ការ​ផលិត​ចម្រៀង​ខ្មែរ​ជា​ច្រើន ពី​បណ្ដា​អ្នក​ចម្រៀង​ខ្មែរ​រស់​នៅ​ប្រទេស​ក្រៅ​ដូច​ជា​ កាណាដា អូស្ត្រាលី​និង​អាមេរិក​ជា​ដើម​ ព្រម​ទាំង​តារា​ចម្រៀង​ថ្មីៗ​ត្រៀម​បង្ហាញ​ខ្លួន​លើ​វិថី​នេះ​។ ជុំវិញ​​ការ​ចូលរួម​ចំណែក​ឲ្យ​វិស័យ​តន្ដ្រី​ខ្មែរ​រីក​ចម្រើន Soup និង Badassvon គិត​ថា​តារា​ទាំង​អស់​គួរ​តែ​មាន​ប្រព័ន្ធ​មួយ​សម្រាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​និង​សហការ​គ្នា​ជា​បន្ត​បន្ទាប់​។

តារា​ចម្រៀង​ទាំង​ពីរ​ក៏​នឹង​មាន​គម្រោង​ថ្មីៗ​ ដូច​ជា​បទ​ចម្រៀង​ថ្មីៗ​គ្រោង​បញ្ចេញ​ក្នុង​ឆ្នាំ ២០១៩​នេះ​ផង​ដែរ។

ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖

​​

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម