ត្រលប់​មក​​កម្ពុជា​វិញ​ រឿន ណាត ទទួល​បាន​គម្រោង​ការងារ​សិល្បៈ​ច្រើន​នឹក​ស្មាន​មិន​ដល់

  • 2019-01-11 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ចូល​រួម​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ បវរកញ្ញា​​ចក្រវាល​តំណាង​ប្រទេស​កម្ពុជា កញ្ញា រឿន ណាត កំពុង​តែ​ទទួល​បាន​ការ​ទាក់ទង​និង​មមាញឹក​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់។

ថ្លែង​មក​កាន់​ Sabay លោក ម៉ែន និមលរតន៍​ ​ប្រធាន​ប្រតិបត្តិ Arise Agency ដែល​ជា​អ្នក​ទទួល​បន្ទុក​ចាត់​ចែង​ការងារ​របស់​កញ្ញា​ រឿន​ ណាត​ ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​កញ្ញា​ត្រូវ​បាន​ផលិតកម្ម​តូច​ធំ​ជា​ច្រើន​ទាក់​ទង​បន្ត​កន្ទុយ​គ្នា​ឲ្យ​ចូលរួម​សម្ដែង។ ចំពោះ​ពេល​នេះ​ផ្ទាល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ចរចា​ គឺ​មិន​ទាន់​សម្រេច​ច្បាស់​នៅ​ឡើយ​ប៉ុន្តែ​ មាន​ផលិតកម្ម​ធំៗ​ដល់​ទៅ​៣​កំពុង​តែ​ចង់​ឲ្យ​កញ្ញា​ រឿន ណាត ចូលរួម​សម្ដែង​ក្នុង​នោះ​សុទ្ធ​តែ​ជា​តួ​ឯក។

ថ្មីៗ​នេះ​ នាង​ទើប​តែ​បញ្ចប់​ការ​ថត​រឿង​ខ្នាត​ខ្លី​មួយ ដែល​គ្រោង​នឹង​បញ្ចេញ​ឆាប់ៗ​នេះ​ ដោយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ខ្លី​គឺ​កញ្ញា​សុំ​លាក់​សិន​។​ ក្រៅ​ពី​នេះ​កញ្ញា​ក៏​កំពុង​តែ​ចូលរួម សាក​សម្ដែង​ (Casting) ជា​ច្រើន​ ព្រម​ទាំង​រវល់​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ថត​រូប​ហ្វេ​សិន​ និង​ការ​ហ្វឹកហាត់​ធ្វើ​ជា​ពិធីការនី/Emcee ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រឿន ណាត​ នៅ​តែ​បន្ត​សកម្ម​ភាព​សប្បុរសធម៌​ ដែល​នាង​តែង​តែ​ធ្វើ​ជា​ហូរហែ​​ ដោយ​គ្រាន់​តែ​ថ្មី​ៗ​នេះ​នាង​រវល់​ការងារ​សិល្បៈ​ច្រើន​។ ចំពោះ​ពេល​នេះ​កញ្ញា​​នៅ​តែ​ស្វាគមន៍​ចំពោះ​ការងារ​សិល្បៈ​ផ្សេងៗ​ ពី​បណ្ដា​ក្រុមហ៊ុន​ដែល​ចង់​ឲ្យ​កញ្ញា​សហការ​ធ្វើ​ការ​ជាមួយ៕

​​

អត្ថបទ៖ ធារ៉ូ