Idol ច្រើន​នាក់ គ្រោង​ទៅ​ច្រៀង​លើ​ព្រឹល​ទឹកកក​​នៅ​ប្រទេស​កូរ៉េ​

  • 2019-01-11 04:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​តារា​​ចម្រៀង តារា​សម្ដែង ព្រម​ទាំង​ពិធីករ ជិត​២០​រូប ត្រូវ​បាន​លោក សុខ សៀង​ឌី ដែល​ជា​តារា​ចម្រៀង​ពលករ​ខ្មែរ​​មួយ​រូប​ និង ដៃគូ ម្នាក់ទៀត គឺ​លោក សេង គឹមឡែន ដែល​ជា​ដៃគូ​ជំនួញ​ដែល​តស៊ូ​ពី​ពលករ ដូចគ្នា ហើយ កំពុង​តែ​ធ្វើ​ការ​​នៅ​ប្រទេស​កូរ៉េ គ្រោង​ធានា​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិត្ត​ខាង​មុខ​នេះ ពោល​គឺ​ចំ​ពេល​​កំពុង​តែ​ធ្លាក់​ព្រឹល​ទឹក​កក​តែ​ម្ដង។

តារា​ល្បីៗ ទាំង​នោះ​មាន​ដូច​ជា លោក ខេម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហាជី លោក លោក ពេជ្រ ថាណា លោក សៅ ឧត្ដម លោក ថែល ថៃ កញ្ញា យូរី កញ្ញា សួស វីហ្សា កញ្ញា លីនដា កញ្ញា សុធារ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ាដូណា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី ព្រម​ទាំង​ក្រុម​ការងារ​ជិត​១០នាក់​ថែម​ទៀត។

ការ​ប្រគំតន្ត្រី​គ្រោង​ធ្វើ​​រហូត​ដល់​ទៅ​៦ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទីតាំង​​២​​ដំបន់​ផ្សេង​គ្នា ទី១​នៅ​​ដំបន់​មាត់សមុទ្រ ប៊ូសាន នៃ​ទី​ក្រុង គឺមហេ - ឆាំងវ៉ុន ក្បែរ​ព្រំប្រទល់​ប្រទេស​ជប៉ុន និង​ទី២ ធ្វើ​នៅ ទីក្រុង​សេអ៊ូល ដំបន់ អាន់សាន់ -ស៊ូវ៉ុន ដែល​តំបន់​ទាំង​២​​នោះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង២ម៉ឺន​នាក់​រស់​នៅ ។

លោក លោក សុខ សៀង​ឌី ម្ចាស់​បទ "ខ្មាស​មិត្ត​នៅ​កូរ៉េ" និង​ជា​ម្ចាស់​​ក្រុមហ៊ុន​អចលនទ្រព្យ "​ភូមិ​ឋាន​សួស្ដី" ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ធ្វើ​នេះ ក៏​ព្រោះ​តែ​មាន​ការ​សំណូមពរ​ពី បង​ប្អូន​ពលករ​ខ្មែរ​នៅ​ទី​នោះ​ដែល​ធ្វើ​ការ​យ៉ាង​លំបាក ថា​ពួក​គេ​ចង់​មាន​ពេល​កម្សាន្ត​សប្បាយ​ និង​ចង់​ជួប Idolរបស់​ខ្លួន​ផង ទើប​លោក​ផ្ដួច​ផ្ដើម​គំនិត​នេះ​ឡើង​តែ​ម្ដង។

តាម​លោក សេង គឹម​ឡែន ដែល​ជា​ដៃគូ លោក សុខ សៀងឌី បាន​ថ្លែង​ឲ្យ​ដឹង​បន្ត​ថា ដោយសារតែ​​បច្ចុប្បន្ន​ពួក​លោក​រវល់​ការងារ​​នៅ​​ប្រទេស​កូរ៉េ ដូច​នេះ​កិច្ច​ការ ​ធ្វើ​កុងត្រា​ជា​មួយ​​តារា​ចម្រៀង​ទាំង​អស់​ប៉ុន្មាន​ដែល​បាន​រៀប​​រៀប​​ខាង​លើ លោក​បាន​ឲ្យ​ដៃគូ នៅ​ស្រុក​ខ្មែរ​​ជា​អ្នក​ជួយ​ធ្វើ​កិច្ច​ការ​​ទាំង​នោះ ហើយ​គិត​មក​ដល់​ពេល​នេះ​កុងត្រា​បាន​ធ្វើ​រួច​​រាល់​អស់​ហើយ និង កំពុង​រត់​ការ​ឯកសារ​ដាក់​ចូល​ស្ថាន​​ទូត ដើម្បី​បាន​វីសា ចេញ​មក។

ដោយសារតែ​មាន​តារា​ចម្រៀង​ចូល​រួម​ច្រើន ហើយ​ការ​ប្រគំតន្ត្រី​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ផង​នោះ ដូច​នេះ​ការ​ចំណាយ​និង​ត្រូវ​​ចាយ​ច្រើន​ដូច​គ្នា។ តាម​ការ​ប៉ាន់ប្រមាណ​ លោក សុខ សៀង​ឌី បាន​វាយ​តម្លៃ​ថា ប្រហែល​ជា​ត្រូវ​​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ ឯណោះ។

សុខ សៀង​ឌី ​ថ្លែង​ថា ប្រសិន​បើ​ការ​ប្រគំតន្ត្រី​​រដូវ​រងា​នេះ​ទទួល​បាន​ជោគជ័យ ​​ក្រុម​លោក និង រៀប​ចំ​ការ​កម្មវិធី​សិល្បៈ​ជា​បន្ត​បន្ទាប់​ទៀត ជា​ពិសេស អាច​នឹង​ឈាន​ដល់ ការ​បង្កើត​ផលិតកម្ម​មួយ​សម្រាប់​ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង៕

អត្ថបទ៖ ស៊ុត ហួត

អត្ថបទថ្មី