គំនិតអន់ថយ ៤យ៉ាងរារាំងអ្នកមិនឲ្យរីកចម្រើនក្នុងការងារហើយមានគេស្អប់ជុំទិស

  • 2019-01-11 06:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​ការងារ ការ​ប្រកួតប្រជែង​ ឧបសគ្គ​តូច​ធំ​ គឺ​ជា​រឿង​ធម្មតា​ ដែល​តម្រូវ​​ឲ្យ​អ្នក​ប្រើប្រាស់ កម្លាំង​កាយ​ ចិត្ត​ក្នុង​ការ​​តស៊ូ​ដណ្ដើម​យក​ភាព​ជោគជ័យ​​​សម្រាប់​ខ្លួន​ឯង​។ ពេល​ខ្លះ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​អាត្មានិយម​ទាំង​មិន​ដឹង​ខ្លួន ព្រោះ​ចង់​ឈ្នះ​ពេក ពេល​ខ្លះ​អ្នក​ក៏​អាច​​​​​​មាន​អារម្មណ៍​ហត់នឿយ ធុញថប់ បាត់​បង់​កម្លាំង​ជំរុញ​ខ្លះ រួច​ក៏​លួងលោម​ខ្លួន​ឯង​ជាមួយ​ការ​កុហក​​​ ឬ​លេស​ដោះសា​មួយ​ចំនួន​​​ជា​រៀងរាល់​ថ្ងៃ​ ដែល​ជា​​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​នៅ​ទ្រឹង​មួយ​កន្លែង មិន​អាច​បន្ត​វិវត្ត​ទៅ​មុន​រួច​​ដូច​គេ​។

ការ​គិត​ដែល​ធ្វើ​ឲ្យ​អ្នក​មិនអាច​រីកចម្រើន​ក្នុង​អាជីពបាន​ដោយ​មិន​ដឹង​ខ្លួន​នោះ ​ដូច​ជា ​៖

១. ចេះ​តែ​គិត​ថា​អ្វីៗ​ទាំង​អស់​បាន​កំណត់​រួច​ហើយ​ ប្រឹង​យ៉ាង​ណា​ក៏​គ្មាន​លទ្ធផល​ដែរ

អ្នក​ជា​ម្ចាស់​ជីវិត​ខ្លួន​ឯង ដូច្នេះ​កុំ​បន្ទោស ឬ​ផ្ដេកផ្ដួល​លើ​ព្រហ្មលិខិត​ឲ្យ​សោះ។ ជោគជ័យ ឬ​បរាជ័យ គឺ​អាស្រ័យ​លើ​​ការ​ប្រឹងប្រែង​របស់​អ្នក​ទាំង​ស្រុង​។​ ពេល​អ្នក​យល់​ថា​ហត់នឿយ​ គួរ​សម្រាក​បន្តិច ហើយ​ងាក​មើល​ភាព​ជោគ​ជ័យ​ដែល​អ្នក​សម្រេច​បាន​កន្លងមក​ដើម្បី​បង្កើត​កម្លាំង​ថ្មី ឲ្យ​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ។​ បើ​អ្នក​មាន​សញ្ញាប័ត្រ ឬ​បទពិសោធន៍​​ការងារ ជា​រឿង​ប្រពៃ​មួយ តែ​មានគំនិត ភាព​ស្មោះ​ត្រង់ និង​ការ​តស៊ូ​ទើប​ធ្វើ​ឲ្យ​អ្នក​​មាន​ឱកាស​ជោគជ័យ​ក្នុង​អាជីព​ពិត​ប្រាកដ។

២. បើ​ថ្ងៃនេះ​មិន​ជោគជ័យ ថ្ងៃ​ក្រោយ​ក៏​នៅ​តែ​គ្មាន​សង្ឃឹម​ដែរ

បរាជ័យ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​អ្នក​អស់​សង្ឃឹម​ខ្លាំង រហូត​ចង់​​ទ្រាំ​បែប​នេះ​អស់​មួយ​ជីវិត​។ បុគ្គល​ជោគជ័យ​ធំៗ ក៏​ជួប​បរាជ័យ​រាប់​មិន​អស់​ដែរ មុន​នឹង​សម្រេច​ជោគជ័យ​មហិមា​​ធំ​មួយ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​​បន្ត ជាមួយ​គោលការណ៍​ថ្មី ធ្វើការ​បែប​ឆ្លាតវៃ​ ព្រម​ជា​មួយ​ការ​ប្រឹងប្រែង​ខ្លាំង​។ ក្រៅ​ពី​អភិវឌ្ឍ​ជំនាញ​ផ្ទាល់​ខ្លួន​ អ្នក​ក៏​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ពោរពេញ​ដោយ​បទពិសោធន៍ និង​ចំណេះដឹង ព្រោះ​​​​​​វា​ជា​បណ្ដាញ​​ដ៏​រឹងមាំ​​ដែល​អាច​ជ្រោមជ្រែង​អ្នក​ឲ្យ​សម្រេច​ជោគជ័យ​នៅ​ពេល​ខាង​មុខ​​​។

(រូបតំណាង)

**៣. ខ្លួន​កើត​មក​គ្មាន​ភ័ព្វវាសនា​ដូច​គេ** ៖

ឈប់​បន្ទោស​កំណើត​ខ្លួន​ឯង ព្រោះ​មនុស្ស​យើង​មិន​អាច​រើស​កំណើត​ ហើយ​រឹត​តែ​មិន​អាច​កែ​ប្រែ​វា​បាន​។ តែ​គួរ​គិត​ថា​​គ្មាន​​អ្នកណា​កើត​មក​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ទោះ​មាន​អ្វី​គ្រប់​យ៉ាង​ពី​កំណើត បើ​មិន​ចេះ​ថែរក្សា​គង់​នឹង​បាត់​បង់​ដូច​គ្នា។ ដូច្នេះ​ហេតុអ្វី​អ្នក​ត្រូវ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ផ្សេង​គ្រប់​ពេល​បែប​នេះ​។ ត្រូវ​មាន​ការ​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ជីវិត​អ្នក​នឹង​បាន​ប្រសើរ​ឡើង​ដរាប​ណា​អ្នក​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ស្វែង​រក​ការ​រីក​ចម្រើន​ពិត​មែន។

៤. គិត​ថា​គេ​មិន​ដល់​ខ្លួន

មាន​អំនួត​ជ្រុល​ហួស​ហេតុ​ពេក​អាច​ឲ្យ​អ្នក​បាត់​បង់​ការ​គោរព​ពី​មិត្ត​រួម​ការងារ និង​គ្មាន​អ្នក​ចង់​នៅ​ក្បែរ។ ពេល​ជួប​បញ្ហា​ជា​ជាង​បន្ទោស​គេ​ឯង អ្នក​គួរ​ពិនិត្យ​មើល​ការ​ទទួល​ខុស​ត្រូវ​ខ្លួន​​ជាមុន ហើយ​ចេះ​និយាយ​អរគុណ និង​សុំទោស​ ​នៅ​ពេល​ដែល​ស័ក្តិសម។​ គួរ​រៀន​ស្គាល់​កាលៈទេសៈ ដឹង​ពេលណា​ត្រូវ​ដកឃ្លា ពេល​ណា​ត្រូវ​សម្រុក ហ៊ាន​ទទួល​ស្គាល់​កំហុស ឬ​ចំណុច​ខ្សោយ​ខ្លួន​ឯង និង​ចេះ​សុំ​ជំនួយ​​ពី​អ្នក​ដទៃ​ពេល​ចាំបាច់៕

អត្ថបទ​៖ ដេត លីដា