ស្ថាបនិក​​ក្លឹប​ CTT នឹង​មិន​មាន​មុខ​ជួប​ឪពុក​ម្ដាយ​ បើ​មិន​​ឈ្នះខ្សែក្រវាត់ONE

  • 2019-01-11 08:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហ៊ុន ច័ន្ទរាជ្យ​ ​បាន​​មក​ប្រទេស​កម្ពុជា​​ដោយ​មាន​គោល​បំណង​​បណ្ដុះបណ្ដាល​​កីឡា​គុន​ចម្រុះ​ និង​នាំ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​។ ជា​ពិសេស​ លោក​បាន​តាំង​ចិត្ត​ហើយ​ថា​​ ​នឹង​មិន​មាន​មុខ​ជួប​ឪពុក​ម្តាយ​ឡើយ ដរាប​ណា​កីឡាករ​របស់​លោក​មិន​ទាន់​ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក​របស់​ ONE ណា​មួយ។

លោក ហ៊ុន ច័ន្ទរាជ្យ​

បុរស​សញ្ជាតិ​ខ្មែរ​ដើម​កំណើត​អាមេរិក​ ច័ន្ទរាជ្យ​​បាន​បោះ​ជំហាន​មក​កាន់​ទឹក​ដី​នៃ​ប្រទេស​ដើម​កំណើត​របស់​ឪពុក​ម្ដាយ​​របស់​ខ្លួន​ដើម្បី​បើក​ក្លឹប​ប្រដាល់​ MMA​ កាល​ពី​ឆ្នាំ​២០១១​ ក្រោយ​ពី​លោក​បាន​មើល​ឃើញ​ពី​សក្ដានុពល​ ក៏​ដូច​ជា​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ​ នៅ​អាមេរិក​ ក៏​ដូច​ជា​ទូទាំង​ពិភព​លោក។ 

ឆ្នាំ​ដែល​លោក​បាន​មក​​ដំបូង​ ទាំង​ការ​ប្រកួត​ក៏​ដូច​ជា​កីឡាករ​យុទ្ធ​គុន​ចម្រុះ​ស្ទើរ​មិន​មាន​សោះ​ កុំ​បាច់​និយាយ​ដល់​ប្រជា​ប្រិយភាព​ឡើយ​នៅ​កម្ពុជា​ ដោយ​សារ​តែ​វា​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡា​ទើប​តែ​បង្កើត​ថ្មី​ ហើយ​ក្លឹប​ MMA​ អាជីព​​​ក៏​អត់​មាន​ដែរ។ ដោយ​សារ​ការ​មើល​ឃើញ​ពី​ប្រជា​ប្រិយភាព​ និង​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កីឡា​ MMA​ លោក​ច័ន្ទរាជ្យ​ រំពឹង​ទុក​ថា​ កីឡា​នេះ​នឹង​ក្លាយ​ជា​ស្ពាន​ដ៏​ធំ​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់​គុន​ប្រដាល់​ខ្មែរ​ ក៏​ដូច​ជា​កីឡាករ​ប្រកប​ដោយ​ទេព​កោសល្យ​របស់​កម្ពុជា​ ទៅ​បង្ហាញ​ខ្លួន​លើ​ឆាក់​អន្តរជាតិ។ 

លោក ហ៊ុន ច័ន្ទរាជ្យ ពេល​ប្រកាស​បង្កើត​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​

គ្រូ​បង្វឹក​វ័យ​៣១​ឆ្នាំ​រូប​នេះ​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​អស់​រយៈ​ពេល​ជា​ង​៧​ឆ្នាំ​នោះ​ បាន​បញ្ជាក់​ថា​ ៖​«​ក្នុង​នាម​ជា​ខ្ញុំ​ជា​កីឡាករ​ និង​ជា​អ្នក​ស្រឡាញ់​កីឡា​ MMA​ ពេល​នៅ​អាមេរិក​ ខ្ញុំ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ដែល​កម្ពុជា​ មិន​មាន​កីឡាករ​ MMA​ និង​គ្មាន​ក្លឹប​ហ្វឹកហាត់​។ ខ្ញុំ​គិត​ថា​ ប្រសិន​បើ​យើង​បាន​នាំ​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​ក្នុង​ឆាក​ MMA​ អន្តរជាតិ​នោះ​ យើង​នឹង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់​គុន​ខ្មែរ​ ក៏​ដូច​​ជា​វប្បធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភព​លោក»។ 

ការ​មើល​ឃើញ​​កម្ពុជា​មិន​មាន​ក្លឹប​ដើម្បី​ផ្ដល់​ការ​ហ្វឹកហាត់​ MMA​ លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ក៏​បាន​សម្រេច​ចិត្ត​លះ​បង់​ជីវិត​ និង​សុខ​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​ដើម្បី​ចាប់​ផ្ដើម​បើក​ក្លឹប​ប្រដាល់​គុន​ចម្រុះ​នៅ​កម្ពុជា។ ក្រោយ​ពី​បាន​បង្កើត​ក្លឹប​​នៅ​ចុង​ឆ្នាំ​២០១១​ លោក​រំពឹង​ទុក​ថា​ ការ​នាំ​យក​កីឡា​នេះ​មក​កាន់​កម្ពុជា​ និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់​គុន​ខ្មែរ​ទៅ​កាន់​ពិភព​លោក​ជា​គោល​ដៅ​ចម្បង​មួយ។ យ៉ាង​ណា​ មុន​នឹង​បង្កើត​ក្លឹប​លោក​ច័ន្ទរាជ្យ​ ក៏​មាន​កត្តា​សំខាន់​ៗ​ក្នុង​ការ​ជួយ​ជ្រោម​​ជ្រែង​គឺ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អង្គភាព​រៀប​ចំ​ក្បាច់​ប្រដាល់​ចម្រុះ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ ONE Championship​​ជា​ដើម។ 

លោក​ ច័ន្ទរាជ្យ​ បាន​សហ​ប្រតិបត្តិការ​ជា​មួយ​នឹង​អង្គភាព​រៀប​ចំ​ក្បាច់​ប្រដាល់​ចម្រុះ​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាស៊ី​មួយ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ម្ល៉េះ​ និង​បាន​នាំ​យក​កីឡាករ​កម្ពុជា​ច្រើន​នាក់​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​របស់​ ONE​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ 

លោក ហ៊ុន ច័ន្ទរាជ្យ ពេល​បង្ហាត់​ សរ សី

អង្គភាព​ ONE​ Championship​ បាន​បង្កើត​ភាព​រំភើប​ផ្សេង​ៗ​តាម​រយៈ​ការ​បោះ​ជំហាន​មក​កាន់​ទឹក​ដី​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៤​ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ជា​លើក​ទី​១​របស់​ខ្លួន​នៅ​ភ្នំពេញ។ ​លោក​បាន​បញ្ជាក់​ថា​ មុន​នឹង​ជ្រើស​រើស​កីឡាករ​កម្ពុជា​ម្នាក់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ កីឡាករ​រូប​នោះ​ ត្រូវ​ធ្វើ​ការ​ហ្វឹក​ហាត់​​នៅ​ក្លឹប​របស់​លោក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​រយៈ​ពេល​កន្លះ​ឆ្នាំ​ដែរ​ដើម្បី​អាច​មាន​សមត្ថភាព​ទៅ​ប្រកួត​ជា​មួយ​នឹង​កីឡាករ​បរទេស​បាន។ 

បច្ចុប្បន្ន​ក្លឹប​ Cambodian​ Top​ Team​ មាន​កីឡាករ​កំពុង​ហ្វឹក​ហាត់​ប្រមាណ​ជា​៨នាក់​ ហើយ​ក្លឹប​កំពុង​ពង្រឹង​វិសាល​ភាព​តាម​រយៈ​ការ​នាំ​យក​គ្រូ​បង្វឹក​ជំនាញ​ផ្នែក​ MMA​ មក​ពី​ប្រទេស​សិង្ហបុរី​ និង​ប្រេស៊ីល​ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ និង​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា។ ក្រោយ​ពី​ការ​ហ្វឹក​ហាត់​ជា​មួយ​គ្រូ​បង្វឹក​ជំនាញ​មួយ​រយៈ​ និង​បន្ទាប់​ពី​មើល​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​កីឡាករ​កម្ពុជា​លើ​កីឡា​ MMA​ លោក​ច័ន្ទរាជ្យ​ កំពុង​សម្លឹង​មើល​អនាគត​ និង​ក្តី​សុបិន​ដ៏​ធំ​ពី​កីឡាករ​របស់​លោក។ 

ទាក់​ទង​នឹង​គោល​ដៅ​​ឆ្នាំ​២០១៩​ និង​ក្តី​សុបិន​ដ៏​ធំ​​គឺ​លោក​បាន​បញ្ជាក់​ថា​ ៖​«​ខ្ញុំ​សង្ឃឹម​ កីឡាករ​កម្ពុជា​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ ONE​ ក៏​ដូច​ជា​នាំ​យក​ជ័យជម្នះ​មក​កាន់​ប្រទេស​វិញ​កាន់​តែ​ច្រើន។ ក្តី​សុបិន​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​ គឺ​ការ​ឃើញ​កីឡាករ​កម្ពុជា​ក្នុង​ក្លឹប​របស់​ខ្ញុំ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​មួយ​របស់​ ONE ទើប​ខ្ញុំ​អាច​មាន​មុខ​ទៅ​ជួប​ឪពុក​ម្ដាយ​របស់​ខ្ញុំ​វិញ​បាន»៕

អត្ថបទ៖ Bear Frazer