ចិនមានគម្រោងយកផ្លូវដែកលើអាកាស មកសាងសង់នៅកម្ពុជាថ្ងៃអនាគត

  • 2019-01-11 08:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម នេះបើយោងតាមជំនួបពិភាក្សាទ្វេភាគី រវាង ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូចិនខេត្តឆុងឈី ដឹកនាំដោយលោក LUO LINQUAN សមាជិកគណៈកម្មាធិការ CPC នៃតំបន់ជីវឡុងប៉។

នៅក្នុងជំនួបពិភាក្សា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក LUO LINQUAN បានរៀប​រាប់​​អំពី​សក្ដានុពល​ខេត្ត​ឆុងឈីង​ និង​ការសាងសង់​ផ្លូវដែកលើអាកាស ​ដោយក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមាន​ឯកទេស​ខាងវិស្វកម្ម ​ព្រមទាំង​គម្រោង​បង្កើត​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅតំបន់ជីវឡុងប៉ ​នៃ​ខេត្តឆុងឈីង​។

រូបផ្លូវដែកលើអាកាសនៅខេត្តឆុងឈីង​

ជាការឆ្លើយតប ឯកឧត្តម ឈួន ដារ៉ា បាន​សម្តែង​ការស្វាមគមន៍ ចំពោះប្រតិភូខេត្តឆុងឈីង ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យផ្លូវដែកលើអាកាស ក៏ដូចជាវិស័យសក្តានុពលសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តម បានជម្រាបជូនភាគីចិន អំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។ ពាក់ព័ន្ធគម្រោងបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងពីភាពជោគជ័យ ក្នុងការបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន ក្វាងចូវ និងហាយនីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសន្យាជួយសម្របសម្រួលប្រតិភូខេត្តឆុងឈីង បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម ​បាន​ទទួល​លិខិត​ស្នើ​សុំ​ជា​ផ្លូវការ​ ពី​រដ្ឋបាល​ខេត្ត​ឆុងឈីង​ និង​មន្ទីរ​ពាណិជ្ជកម្ម​របស់ចិន​៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី