ចិនបោះទុនជាង១ពាន់លានដុល្លារ សង់កន្លែងកម្សាន្ត និងពាណិជ្ជកម្មដ៏ធំសម្បើម១ នៅកោះកុង

  • 2019-01-11 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ អ្នក​វិនិយោគ​ចិន​បាន​សម្រេច​បោះ​ទុន​ប្រមាណ​ជា ១៩០០លានដុល្លារ ដើម្បី​សាងសង់​គម្រោង TEMI នៅ​ក្នុង​ទឹកដី​ខេត្ត​កោះកុង។

គម្រោងTEMIស្ថិត​ក្នុង​ផ្ទៃ​ដី​ប្រមាណ​ ២៥០០ហិកតា​ ដែល​គម្រោង TEMI បាន​មក​ពី​ពាក្យ​កាត់ ​ជា​អក្សរអង់គ្លេស​ទេសចរណ៍ (T-Tourism) ផ្នែក​អេកូឡូស៊ី (E-Ecological) សមុទ្រ (M-Marine) និង អន្តរជាតិ(I-International) ដោយ​បែងចែក​ជា ​៣ដំណាក់កាល​ធ្វើការ​សាងសង់។

គម្រោង TEMI គឺ​ជា​គម្រោង​សំខាន់​មួយ​របស់​គម្រោង​តារា​សាគរ​ដែល​មាន​ទំហំ​ដី ៣​ម៉ឺន​៦​ពាន់​ហិកតា ហើយ​មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ចម្ងាយ​ពី​ភ្នំពេញ ២៦០​គីឡូម៉ែត្រ និង​៥០​គីឡូ​ពី​កំពង់សោម តាម​ផ្លូវ​ទឹក​ដែល​បាន​ដាក់​សម្ពោធ​សាងសង់​នា​ពេល​កន្លង​មក។

នាយក​ទីផ្សារ​គម្រោង TEMI កញ្ញា Lin Wang បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បង្ហាញ គម្រោង​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ២០១៩ ថា​​ក្រុមហ៊ុន​បន្ត​វិនិយោគ​បន្ថែមចំនួន ១៩០០លានដុល្លារទៀត ក្នុង​គម្រោង​នេះ ដោយ​មាន​សាង​សង់ជា​កន្លែង​ជិះ​អូប័រ​កម្សាន្ត ទី​លាន​វាយ​កូន​ហ្គោល ទី​កន្លែង​សម្រាក​លំហែ​កាយ តំបន់​ពាណិជ្ជកម្ម ក្លឹប​កម្សាន្ត រួម​បញ្ចូល​គ្នា។

កញ្ញា​បន្ថែម​ថា ផលិតផល​ដាក់​បង្ហាញ គឺ​ទី​ក្រុង​ធីមី (TEMI) ស្ថិត​នៅ​ចំ​បេះដូង​នៃ​តំបន់ តារា​សាគរ​ទាំង​មូល មាន​លក្ខណៈ ជា​វីឡារីសត អូប័រ​ទេសចរណ៍ ទូក​កម្សាន្ត ។

គម្រោង​ដែល​វិនិយោគ ១៩០០លានដុល្លារ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ ២៥០០ហិកតា ។ គម្រោង​នេះ មាន​រយៈ​ពេល​១០​ឆ្នាំ ហើយ​នៅ​ពេល​សាងសង់​រួច​ទីក្រុង​នឹង​អាច​ផ្ទុក​មនុស្ស​បាន​៣០​ម៉ឺន​នាក់។ បច្ចុប្បន្ន​ទីក្រុង​នេះ កំពុង​សាង​សង់​ដែល​នឹង​ចេញ​ជា​រូបរាង ជា​ផ្ទះ​គំរូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ។

សូម​ជម្រាប​ថា ក្រុមហ៊ុន Union City Development Group Co.,Ltd និង​ក្រុមហ៊ុន Tianjin Intellectual Capital Investment Media Co.,Ltd​កាល​ពី​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៩​កន្លង​មក​នេះ​បាន​រៀបចំ​កម្មវិធី​សម្ពោធ​គម្រោង TEMI ជា​លក្ខណៈ​សាកល​ជា​លើកដំបូង​នៅ​មជ្ឈមណ្ឌល P.G.C.T យ៉ាង​ជោគជ័យ៕

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ ពៅ រក្សា