កាណាដា​មាន​បំណង​ស្វាគមន៍​ជន​អន្តោប្រវេសន៍​ជាង​ ១​លាន​នាក់​ក្នុង​រយៈពេល ៣​ឆ្នាំ

  • 2019-01-11 13:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ សភា​របស់​ប្រទេស​កាណាដា​បាន​ប្រកាស​ពី​ផែនការ​ស្ដី​ពី​ការ​ទទួល​យក​បន្ថែម​នូវ​ជន​ដែល​តាំង​ទី​លំនៅ​អចិន្ត្រៃយ៍​ ច្រើន​ជាង​ ១​លាន​នាក់​ ក្នុង​រយៈពេល​ ៣​ឆ្នាំ។

កាណាដា​បាន​ស្វាគមន៍​ជន​អន្តោប្រវេសន៍​ច្រើន​ជាង​ ២៨​ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៧ ហើយ​ការ​គ្រោង​ទុក​របស់​ពួកគេ​នឹង​ទទួល​យក​បន្ថែម​នូវ​ជន​ចំណូល​ស្រុក​ចំនួន ៣៥​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​នេះ ៣៦​ម៉ឺន​នាក់​ក្នុង​​ឆ្នាំ ២០២០ ហើយ​ ៣៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០២១។

លោក​រដ្ឋមន្ត្រី​ក្រសួង​ ជន​អន្តោប្រវេសន៍​ ជន​ភៀសខ្លួន​ និង​ សញ្ជាតិ​កាណាដា លោក Ahmed Hussen បាន​និយាយ​ថា​ ក្នុង​ប្រវត្តិសាស្ត្រ​កាណាដា​ ជន​ចំណូល​ថ្មី​ជា​ចំណែក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ការ​អភិវឌ្ឍ​ និង​ រីកចម្រើន​។

សូម្បី​តែ​លោក Hussen ផ្ទាល់​ក៏​ជា​ជន​អន្តោប្រវេសន៍​ពី​ប្រទេស​សូម៉ាលី​ (ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក) ដែរ​។ លោក​បាន​ប្រាប់​ថា​ លំហូរ​នៃ​ជន​អន្តោប្រវេសន៍​នេះ អាច​ជួយ​ទប់ស្កាត់​ការ​ថយ​ចុះ​នៃ​អត្រា​កំណើត​ និង​ ជួយ​បង្កើន​កម្លាំង​ពលកម្ម។

ក្រសួង​អន្តោប្រវេសន៍​កាណាដា​ បាន​សន្យា​ចំណាយ​ទឹកប្រាក់​ចំនួន ៥.៦​លាន​ដុល្លារ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ការ​តាំង​ទីលំនៅ​ជា​សកល​៕

ប្រភព៖ CNN   អត្ថបទ៖ សេរី មង្គល