ពាន​រង្វាន់ KMH ​កាន់​តែ​ជោគជ័យ​១​កម្រិត​ទៀត ​ព្រោះ​ក្រុម​យុវជន​នៅ​លីគ​កំពូល​កម្ពុជា​ចូល​លេង​

  • 2019-01-14 03:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជោគជ័យ​ KMH Champions League ប៉ុន្មាន​ឆ្នាំ​មក​ហើយ ​ពេល​នេះ KMH Cup ​U18 ​កំពុង​ទាញ​ក្រុម​នៅ​ក្លឹប​អាជីព​ខ្លាំង​មែនទែន ​ជាក់​ស្ដែង​ក្រុម​យុវជន​ក្រោន បឹងកេត ​ស្វាយ​រៀង​ជា​ដើម​នោះ ​បាន​ចូល​លេង​ពាន​នេះ​អស់​ហើយ។

ព្រឹត្តិការណ៍​បាល់ទាត់​ពាក់​កណ្ដាល​អាជីប​ធំ​បំផុត​នៅ​កម្ពុជា KMH Champions League ​និង KMH Cup U18 ​រដូវ​កាល​ថ្មី​២០១៩ ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​នៅ​លើ​ទីលាន KMH Park ​ផ្ទាល់​តែ​ម្ដង។ KMH Champions League ​ជា​ពាន​រង្វាន់​មួយ​បង្កើត​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​ក៏​ជោគជ័យ​ខ្លាំង​ផង​ដែរ។ ពាន​រង្វាន់​មួយ​នេះ ​មាន​ក្រុម​ចូល​រួម​៣២​ក្រុម ​ហើយ​ឆ្នាំ​នេះ​ក៏​មាន​ក្រុម​ប្លែក​ៗ​ច្រើន​ចូល​រួម​ផង​ដែរ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ហៅ​ពាន​រង្វាន់​នេះ​ថា​​ជា​ពាន​រង្វាន់ Champions League ​នៅ​ស្រុក​ខ្មែរ ត្បិត​អី​វា​ត្រូវ​បាន​រៀប​ចំ​ដោយ​ស្រដៀង​ទៅ​នឹង​ពាន​រង្វាន់​ធំ​បំផុត​នៅ​អឺរ៉ុប​ដែរ។

យ៉ាងណាមិញ ​បើ​មើល​ទៅ​លើ​ពាន​រង្វាន់ KMH Cup U18 ​វិញ ​រឹត​តែ​ពិសេស​ថែម​ទៀត​នៅ​ឆ្នាំ​នេះ ​ដោយ​មាន​ក្រុម​យុវជន​នៅ​តាម​បណ្ដា​ក្លឹប​អាជីព​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​ឈ្មោះ​ចូល​លេង​។ ដោយ​ក្រុម​ទាំង​នោះ​រួម​មាន​ក្រុម​យុវជន ​ភ្នំពេញ​ក្រោន ​បឹង​កេត ​ស្វាយ​រៀង អគ្គិសនី​កម្ពុជា​និង​វិសាខា​ជា​ដើម។ ការ​មាន​ក្រុម​អាជីព​ចូល​រួម​ដូច្នេះ ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ពាន​យុវជន​មួយ​នេះ​នឹង​មាន​កម្រិត​ប្រកួត​ប្រជែង​ខ្លាំង​មែនទែន។

លោក ​កាំង សេន ​ជា​ស្ថាបនិក​​ KMH Tournament ​នេះ ​បាន​បញ្ជាក់​ថា​ពាន​រង្វាន់​ទាំង​នេះ ​នឹង​ជួយ​កសាង​ធនធាន​កីឡាករ​នៅ​កម្ពុជា​បាន​ច្រើន​មែនទែន​នៅ​ថ្ងៃ​អនាគត ​មិន​ថា​អាជីព ឬ​ពាក់​កណ្ដាល​អាជីព​ទេ។ ការ​ប្រកួត​ប្រជែង​ដែល​មាន​កម្រិត​ខ្ពស់​នេះ ​នឹង​អាច​ឱ្យ​កម្ពុជា​ចម្រាញ​បាន​នៅ​កីឡាករ​ល្អ​សម្រាប់​ជម្រើស​ជាតិ​ផង​ដែរ។ ត្បិត​អី​ពាន​រង្វាន់ KMH Cup U18 ​មាន​ក្រុម​យុវជន​សុទ្ធ​តែ​ក្នុង​ក្លឹប​អាជីព​មក​ចូល​រួម​ទៅ​ហើយ​នោះ។

ពាន​រង្វាន់ KMH Champions League ​នឹង​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១២​ខែ​មករា​រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​កក្កដា​ឆ្នាំ​២០១៩។ ស្រប​ពេល​ពាន​រង្វាន់ KMH Cup U18 ​វិញ ​នឹង​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ១២​ខែ​មករា​ដូច​គ្នា ​ហើយ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៩។ សម្រាប់​ប្រាក់​រង្វាន់​វិញ KMH Champions League ​ក្រុម​ជើង​ឯក​ទទួល​បាន ១៤ ០០០​ដុល្លារ ​និង​ពាន​រង្វាន់ KMH Cup U18 ​ប្រាក់​រង្វាន់ ៥​ពាន់​ដុល្លារ៕

រូបភាព៖ KMH

អត្ថបទ៖ មុន្នីរម្យ