ទូរទស្សន៍ CW ត្រៀមចេញរឿងអាមេរិកយកលំនាំតាម "Strong Woman Do Bong Soon”

  • 2019-01-15 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ភាគ​ច្រើន ប្រាកដ​ជា​ចាំ​រឿង​ភាគ​កូរ៉េ​ដ៏​ល្បី ដែល​មាន​ចំណង​ជើង​ថា "Strong Woman Do Bong Soon”។ ភាពយន្ត​នេះ​ដែរ ចូលរួម​សម្ដែង​ជា​ពិសេស​ពី​សំណាក់​តារា​ស្រី​ដ៏​ល្បី Park Bo Young ដែល​នាង​ដើរ​តួ​ជា​ Do Bong Soon មនុស្ស​ស្រី​ដែល​មើល​ទៅ​តួច​ល្អិត ប៉ុន្តែ​នាង​មាន​កម្លាំង​ខ្លាំង​ក្លា​ខុស​ពី​មនុស្ស​ធម្មតា។

នៅ​ពេល​នេះ ខាង​ទូរទស្សន៍​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក The CW នឹង​បង្កើត​រឿង​ថ្មី​មួយ​សម្រាប់​ទស្សនិកជន​សញ្ជាតិ​អាមេរិក។ រឿង​ថ្មី​នោះ ពួកគេ​នឹង​យក​លំនាំ​តាម​ភាពយន្ត​ភាគ​កូរ៉េ​មួយ​នេះ ដោយ​កាត់​ចំណង​ជើង​ក្ដី​ជាង​រឿង​ដើម ដោយ​មក​នៅ​ត្រឹម "Strong Girl”។

រឿង​អាមេរិក​នេះ​ដែរ បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​សាច់​រឿង​មួយ​ចំនួន។ ក្នុង​រឿង​ភាគ​កូរ៉េ Do Bong Soon ជា​អ្នក​ឌីហ្សាញ​ហ្គេម​មួយ​ដែល​តារា​សម្ដែង Park Hyung Sik ជ្រើស​ជា​គំរូ​តួអង្គ​ហ្គេម ក្រោយ​លោក​រក​ឃើញ​ថា​នាង​មាន​កម្លាំង​ថាមពល​ខុស​ពី​មនុស្ស​ធម្មតា។ លោក​បាន​ជួល​នាង​ឲ្យ​ធ្វើ​ជា​អង្គរក្ស​ផ្ទាល់​ខ្លួន ដោយ​ក្រោយ​មក​ក៏​បាន​បាក់​ចិត្ត​ស្រឡាញ់​គ្នា។

ក្នុង​រឿង​បែប​អាមេរិក​វិញ​នេះ សាច់រឿង​រៀបរាប់​ពី​អតីត​អ្នក​ថត​រូប​ម្នាក់​មាន​ឈ្មោះ​ថា Rayna ដែល​បាន​រក​ឃើញ​ថា​រូប​នាង​មាន​ថាមពល​អស្ចារ្យ​ក្នុង​ខ្លួន។ ក្រោយ​បែកបាក់​ស្នេហា​ជាមួយ​គូ​ដណ្ដឹង​នាង​ នៅ​ពេល​គូ​ស្នេហ៍​នាង​មិន​អាច​ទ្រាំទ្រ​កម្លាំង​មហិមា​របស់​នាង​បាន Rayna ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ជា​អង្គរក្ស​របស់​មហាសេដ្ឋី​ម្នាក់​ឈ្មោះ Oliver។

ខ្សែ​ភាពយន្ត​រឿង "Strong Girl” នេះ បាន​ផលិត​ឡើង​ដោយ​ផលិតករ Ronda Rousey ដែល​ធ្លាប់​ជា​កីឡា​ការិនី​ប្រដាល់ អ្នក​កីឡាកាស និង​ជា​តារា​សម្ដែង​ផង​ដែរ​នោះ រួម​សហការ​គ្នា​ជាមួយ​លោក Ben Silverman ​ប្រតិបត្តិ​ផលិតករ​នៃ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី "Jane The Virgin”។ គួរ​បញ្ជាក់​ដែរ​ថា ចំពោះ​ពេលវេលា​ចាក់​បញ្ចាំង និង​ព័ត៌មាន​លម្អិត​ជុំវិញ​តួអង្គ​សម្ដែង​សម្រាប់​ភាពយន្ត​ថ្មី​មួយ​នេះ នៅ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម