ច្បាស់ខ្លួនឯងមាន ៧ចំណុចនេះចង់ទាក់ទងអ្នកណាក៏ជោគជ័យដែរ

  • 2019-01-16 02:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សង្គម មិនថា​ជា​ការ​ងារ ឬ ជីវិត​ឯកជន​ឡើយ របៀប​ប្រាស្រ័យ​ទាក់ទង​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព ពិតជា​ចាំបាច់​ ដើម្បី​ជួយ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ងាយ​ស្រួល និង​ សម្រេច​ការ​កាន់​តែ​ធំ។ របៀប​ទំនាក់​ទំនង​ដែល​ល្អ គឺ​ត្រូវ​មាន​ភាព​បត់បែន​ឲ្យ​សមស្រប​នឹង​ពេលវេលា​ ទីកន្លែង​ និង​ស្ថានភាព ខណៈ​ក្នុង​នោះ​ភាព​ស្មោះ​ត្រង់​ អំណត់ និង​ការ​យោគយល់​​ក៏​ត្រូវ​តែ​មាន​ដូចគ្នា។

ដើម្បី​ឲ្យ​យុទ្ធសាស្ត្រ​ទំនាក់​ទំនង​កាន់​តែ​មាន​ប្រសិទ្ធភាព ដាច់​ខាត​មិន​អាច​ខ្វះ​ចំណុច​ទាំង ៧​នេះ​ជា​មូល​ដ្ឋាន​បាន​ឡើយ ដូច​ជា៖ ​

១. កំណត់​ឲ្យ​ច្បាស់​ពី​គោលដៅ​នៃ​ការ​ទំនាក់ទំនង៖ និយាយ​ឲ្យ​សាមញ្ញ​មានន័យ​ថា ហេតុ​អ្វី​អ្នក​ត្រូវ​ប្រាស្រ័យ​ទាក់ទង​ម្នាក់​នោះ ដើម្បី​ស៊ីប​សួរ​បាន​ព័ត៌មាន ឬ ក៏​គ្រាន់​តែ​​ការ​គួរ​សម​ដើម្បី​បង្កើត​បណ្ដាញ​សង្គម។ ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ពី​ទំនាក់ទំនង​ អាច​ឲ្យ​អ្នក​ធ្វើ​សកម្មភាព​បាន​ត្រឹមត្រូវ។

២. រៀប​ឫកពារ ឬ កាយវិការ​ឲ្យ​បាន​សមរម្យ ៖ កាយវិការ របៀប​ដែល​អ្នក​ឈរ ទឹកមុខ ក្រសែ​ភ្នែក ទាំងអស់​នេះ​ហើយ​ នឹង​ផ្ញើ​សារ​ដំបូង​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក អំពី​អ្នក។ ការ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​ និង​មាន​របៀប​គ្រប់​ពេលវេលា ក៏​ជា​ការ​បង្ហាញ​ពី​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ដែរ មុន​អ្នក​ទទួល​បាន​ការ​គោរព​រាប់​អាន​ពី​អ្នក​ដទៃ។

៣. ផ្តល់​ការ​គោរព​ចំពោះ​បុគ្គល​ដែល​អ្នក​កំពុង​ប្រាស្រ័យ​ទាក់ទង ៖ មាន​ការ​គោរព​ចំពោះ​គ្នា​ នឹង​ជួយ​ឲ្យ​ការ​បង្កើត​ទំនាក់ទំនង​មាន​ប្រសិទ្ធភាព និង​ច្បាស់លាស់។

(រូបតំណាង)

**៤. មាន​ភាព​ជឿជាក់​លើ​តម្លៃ​ខ្លួន​ឯង** ៖ រក្សា​ការ​គិត​ជា​វិជ្ជមាន​ចំពោះ​គ្រប់​គ្នា​ក្នុង​ជីវិត​របស់​អ្នក បើ​ទោះ​ពេល​ខ្លះ មនុស្ស​មួយ​ចំនួន​អាច​មើល​ងាយ​អ្នក​ដោយសារ​អ្នក​មិន​បាន​ស្លៀកពាក់​ហ៊ឺហារ​ ប្រើ​សម្ភារ​ថ្លៃៗ ឬ ជិះ​រថយន្ត​ទំនើប​ដូច​គេ​ក្តី នោះ​ជា​បញ្ហា​របស់​គេ វា​មិន​ធ្វើ​ឲ្យ​តម្លៃ​អ្នក​បាត់បង់​ឡើយ។

៥. ស្តាប់​ឲ្យ​បាន​ច្រើន និង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ ៖ រាល់​ការ​ចែក​រំលែក​របស់​អ្នក​ដទៃ​តែង​ផ្តល់​ព័ត៌មាន​អ្វី​មួយ​ដល់​អ្នក​មិន​ខាន។​ការ​ចំណាយ​ពេល​ស្តាប់​ឲ្យ​បាន​ច្រើន មាន​ន័យ​ថា​អ្នក​ក៏​បាន​អង្កេត​មើល​អ្នកដែលកំពុង​និយាយ​នោះ​បាន​​គ្រប់​ជ្រុង​ជ្រោយ ទាំង​កាយវិការ និង​ក្រសែ​ភ្នែក ​ដែល​ទម្លាប់​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អាច​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​ ហើយ​ជួយ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​របស់​អ្នក​កាន់​តែ​ប្រសើរ​។

៦. មាន​សិល្បៈ​នៃ​ការ​និយាយ ៖ ដាច់ខាត កុំ​និយាយ​ច្រើន​ឲ្យ​សោះ ត្រូវ​និយាយ​ខ្លី ខ្លឹម និង​ច្បាស់ៗ។ សិល្បៈ​នៃ​ការ​និយាយ​នេះ មិន​សំដៅ​លើ​តែ​ការ​ប្រើ​ពាក្យ​ពេចន៍ ត្រឹមត្រូវ ថ្លៃថ្នូរ ចេះ​លើ​ដាក់​សម្លេង​ឲ្យ​ត្រូវ​តាម​ស្ថានការណ៍ប៉ុណ្ណោះទេ វា​ក៏​មាន​ន័យ​ថា​អ្នក​អាច​ដឹង​ថា​អ្វី​គួរ​ និង​មិន​គួរ​និយាយ​ផង​ដែរ​។

គ្រប់​គ្នា​អាច​ក្លាយ​ជា​មនុស្ស​ដែល​មាន​សិល្បៈ​នៃ​ការ​និយាយ​បាន​ ដោយ​ការ​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លួន​ឯង​ជា​រឿយៗ នៅ​មុខ​កញ្ចក់​ រៀន​ត្រាប់​តាម ឬ​រៀន​ពី​ទម្លាប់​អ្នក​ដែល​ធ្វើ​បាន​ល្អ និង ប្រមូល​ចំណេះដឹង ឬ​ព័ត៌មាន​ដោយ​ការ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ជាដើម ៕​

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម