អស់លុយតិច តែបានសម្រស់ស្អាតសុខភាពល្អ ដោយមកញ៉ាំទឹកប្រភេទនេះ

  • 2019-01-15 08:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​រ៉ែ ឬ Mineral Water គឺ​ជា​ទឹក​មាន​ប្រភព​ចេញ​ពី​ធម្មជាតិ​នៅ​ក្រោម​ដី ដែល​​មាន​គុណភាព និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ប្រភេទ​ដែល​មនុស្ស​យើង​ត្រូវ​ការ​ជា​ប្រចាំ។ ទឹក​រ៉ែ​ប្រភេទ​ផ្សេងៗ​គ្នា​ អាច​ផ្ទុក​បរិមាណ​សារធាតុ​ចិញ្ចឹម​តិច​ ឬ​ច្រើន​ ទៅ​តាម​ប្រភេទ និង​ប្រភព​របស់​វា។ អ្នក​ខ្លះ​ឆ្ងល់​ថា ទឹក​រ៉ែ និង​ទឹក​ធម្មតា ញ៉ាំ​ហើយ​​សុទ្ធ​តែ​អាច​ជួយ​ឲ្យ​យើង​បាត់​ស្រេក​​ទឹក តើ​វា​ខុស​គ្នា​ដូច​ម្ដេច​ទៅ?

ការ​ពិត​នោះ​គឺ ទាំង​ទឹក​រ៉ែ និង​ទឹក​ដែល​​បើក​ចេញ​ចេញ​ពី​ម៉ាស៊ីន សុទ្ធ​តែ​អាច​ជួយ​សម្រួល​រាង​កាយ​ឲ្យ​បញ្ចេញ​ជាតិ​ញើស និង​កាក​សំណល់​ពី​ក្នុង​ខ្លួន​បាន​ល្អ ហើយ​ជួយ​​សម្រួល​ដល់​ប្រព័ន្ធ​ឈាម​រត់​មាន​តុល្យភាព​ទៀត​ផង។ ប៉ុន្តែ​ទឹក​រ៉ែ​ ពិត​ជា​មាន​គុណ​ប្រយោជន៍​លើស​ពី​ទឹក​ធម្មតា​ ដែល​យើង​មិន​អាច​​ប្រកែក​បាន។ ហើយ​នេះ​គឺ​ជា​ហេតុ​ផល​ទាំង ១០ ដែល​អ្នក​គួរ​តែ​ងាក​ការ​ចាប់​អារម្មណ៍​ពី​ការ​ចំណាយ​លើ​ភេសជ្ជៈ​កំប៉ុង តែ ឬ​កាហ្វេ​ថ្លៃៗ ​មក​ញ៉ាំ​ទឹក​រ៉ែ​វិញ។

១. ជួយ​ឲ្យ​ស្រក​ទម្ងន់

ទឹក​រ៉ែ​ មិន​​ផ្ទុក​នូវ​ជាតិ​កាល់ឡូរី ឬ ស្ករ​នោះទេ ដូច្នេះ​វា​ជា​​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​សម្រក់​ទម្ងន់។ បើ​អ្នក​ចាំ​ទឹក​រ៉ែ​ជា​ប្រចាំ ជំនួស​ភេសជ្ជៈ​ផ្សេងៗ រាង​កាយ​អ្នក​នឹង​ប្រែ​ជា​​តូច​ស្លីម និង​មាន​សុខភាព​ល្អ។

២. ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ

មនុស្ស​ស្រី​នៅ​វ័យ​ដែល​ចាប់​ផ្ដើម​មាន​រដូវ​នឹង​ជួប​នូវ​បញ្ហា​ជំងឺ​ឆ្អឹង​ជា​ច្រើន ដូចជា​ការ​ឈឺ​ចាប់​លើ​ជង្គង់ ឬ​ ជើង​ជា​ដើម។ មូល​ហេតុ​នោះ​គឺ ដោយ​សារ​​ឆ្អឹង​ទាំង​នោះ​ចាប់​ផ្ដើម​ចាស់ តែ​ការ​ញ៉ាំ​ទឹក​រ៉ែ​ត្រឹម​មួយ​ដប អាច​ជួយ​ជួសជុល​ឲ្យ​ឆ្អឹង​មាំមួន​វិញ​បាន ព្រោះ​វា​មាន​ផ្ទុក​នូវ​ជា​កាល់ស្យូម ដែល​យើង​មិន​គួរ​មើល​រំលង។

៣. ជួយ​សម្រួល​សម្ពាធ​ឈាម

យោង​តាម​ការ​ពិសោធន៍ និង​ធ្វើ​តេស្ត​ជាក់​ស្ដែង​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ទទួល​ទាន​ទឹក​រ៉ែ ១ លីត្រ ជា​រៀង​រាល់​ថ្ងៃ បាន​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​គេ​វិល​មក​រក​សភាព​ធម្មតា។ នេះ​ដោយ​សារ​តែ​គុណ​ប្រយោជន៍​របស់​ជាតិ​ម៉ាញ៉េស្យូម ដែល​នៅ​ក្នុង​ទឹក​រ៉ែ​ទាំង​នោះ។

៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

ការ​ញ៉ាំ​ទឹក​រ៉ែ​រាល់​ថ្ងៃ​នឹង​​នាំ​ឲ្យ​អត្រា​ជាតិ​ខ្លាញ់​​ក្នុង​ខ្លួន និង​ឈាម​ទាប ដែល​អាច​ការ​អ្នក​ពី​ការ​កើត​ជំងឺ​បេះដូង​នានា។ ក្រៅ​ពី​នោះ អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា ជាតិ​ប៉ូតាស្យូម និង ម៉ាញ៉េស្យូម នេះ អាច​ជួយ​ឲ្យ​បេះដូង​ មាន​សុខភាព​កាន់​តែ​ល្អ​ប្រសើរ​ជា​មុន​ទៅ​ទៀត។

៥. ជួយ​ប្រព័ន្ធ​រំ​លាយ​អាហារ

ជាតិ​​​ស៊ុលហ្វាត​ ដែល​មាន​ក្នុង​ទឹក​រ៉ែ នឹង​ជួយ​​លើក​កម្ពស់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​ឲ្យ​ដំណើរ​ការ​បាន​ល្អ។ វា​នឹង​ជំរុញ​ឲ្យ​លំពែង​របស់​អ្នក​បង្កើត​អង់ស៊ីម ដែល​ជួយ​ឲ្យ​អ្នក​រំលាយ​អាហារ​បាន​កាន់​តែ​ងាយ​ស្រួល។ ហើយ​ត្រូវ​ចាំ​ថា បើ​ក្នុង​ខ្លួន​អ្នក​មាន​ជាតិ​ស៊ុលហ្វាត​ក្នុង​កម្រិត​ទាប នោះ​អ្នក​នឹង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ខាន។ ​​​

៦. ជំនួយ​សាច់​ដុំ

ជាតិ​ម៉ាញ៉េស្យូម នៅ​ក្នុង​ទឹក​រ៉ែ គឺ​ជា​ធាតុ​សំខាន់ ដែល​ជួយ​ទ្រទ្រង់​សាច់​ដុំ​រាង​កាយ​របស់​អ្នក​ឲ្យ​សភាព​ប្រក្រតី និង​ជួយ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ផ្សេងៗ។

៧. ជួយ​សម្រួល​តុល្យភាព​អេឡិចត្រូលីត្រ

​ទឹក​រ៉ែ គឺ​ជា​ប្រភព​របស់​ជាតិ​អេឡិចត្រូត ដែល​ជួយ​ស្រោចស្រង់​មនុស្ស​ពី​​បញ្ហា​​កង្វះ​ជាតិ​ទឹក និង​ជួយ​ឲ្យ​កោសិការ​ស្រូប​យក​ជាតិ​ទឹក​បាន​កាន់​តែ​ប្រសើរ។ ដូច្នេះ​ហើយ ការ​ញ៉ាំ​ទឹក​រ៉ែ​នឹង​ជួយ​ឲ្យ​រាង​កាយ​ស្ដារ​បាន​​ជាតិ​អេឡិចត្រូលីត្រ​​ឡើង​វិញ​បាន​ដោយ​ស្វ័យ​ប្រវត្តិ។ ​​​

៨. កាត់​បន្ថយ​បញ្ហា​គ្រួស​ក្នុង​តម្រង់​នោម

ការ​ញ៉ាំ​ទឹក​រ៉ែ​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​ជា​កាល់ស្យូម​អុកស៊ីឡាក់​ ក្នុង​ខ្លួន​អ្នក​មាន​ការ​កើន​ឡើង ដែល​វា​ជា​ធាតុ​ផ្សំ​ល្អ​ក្នុង​ការ​ចូល​ទៅ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​គ្រួស​ក្នុង​តម្រង់​នោម។

៩. ជួយ​ចិញ្ចឹម​ស្បែក

ការ​ញ៉ាំ​ទឹក​រ៉ែ​​ត្រូវ​បាន​គេ​ដឹង​ថា​ជួយ​ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក និង​ជួយ​បន្ថយ​ល្បឿន​នៃ​ភាព​ជ្រីវជ្រួញ។ ក្រៅ​ពី​នោះ​ បើ​អ្នក​យក​ទឹក​​រ៉ែ​មក​លាង​សម្អាត​មុខ អ្នក​នឹង​ឃើញ​លទ្ធផល​ថា​វា​ជួយ​ឲ្យ​​ស្បែក​មុខ​អ្នក​ស្អាត ភ្លឺ និង​មាន​សុខភាព​ល្អ។​

១០. មាន​កម្រិត​ជាតិ​ pH សម​ស្រប

ក្រៅ​ពី​គុណ​ប្រយោជន៍​ជា​ច្រើន​ពី​សារធាតុ​ចិញ្ចឹម​ កម្រិត​ជាតិ​ pH ក៏​សំខាន់​ណាស់​មួយ ដែល​​អ្នក​ត្រូវ​គិត​គូ​មុន​ជ្រើសរើស​ប្រភេទ​ទឹក​នីមួយៗ​មក​ទទួល​ទាន​ដែរ។ ក្នុង​នោះ ទឹក​រ៉ែ​គឺ​ជា​ជម្រើស​ល្អ​មួយ ព្រោះ​ជាទូទៅ​ទឹក​​ប្រភេទ​នេះ​មាន​កម្រិត​ជាតិ pH ចាប់​ពី ៧.៤ ទៅ ៨.៥ ដែល​វា​បរិមាណ​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​វា​មាន​​នាទី​ក្នុង​សម្រួល​ឲ្យ​​ជាតិ​អាល់កាឡាំង និង​ជាតិ​អាស៊ីត​​ក្នុង​ឈាម​មាន​តុល្យភាព។ ជា​ទូទៅ​ទឹក​​ម៉ាស៊ីន​ច្រើន​សម្តែ​មាន​​ផ្ទុក​ជាតិ​រ៉ែ​ទាប តែ​មាន​ជាតិ​អាស៊ីដ​ខ្ពស់។ ដូច្នេះ​ហើយ បើ​អ្នក​ញ៉ាំ​វា​ជា​ប្រចាំ វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​អ​វិជ្ជមាន​ទៅ​លើ​ប្រព័ន្ធ​រំលាយ​អាហារ៕

ចុចអាន៖ យល់ដឹងលម្អិតពីកម្រិត pH ដែលល្អសម្រាប់សុខភាព

អត្ថបទ៖ សុខណា