សឿត បារាំង ​ប្រាប់​ពី​សម្ដី​មាស​របស់ Leonardo ​ធ្វើ​ឱ្យ​កីឡាករ​រត់​ដាច់​ជើង​ចោល

  • 2019-01-16 02:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​ហើយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គ្រូ​ប្រេស៊ីល​រូប​នេះ។

រូបភាព៖ Phnom Penh Crown

ជាក់​ស្ដែង សឿត បារាំង ​ខ្សែ​ការពារ​ស្លាប​វ័យ​ក្មេង​ម្នាក់​របស់​ក្រុម​ភ្នំពេញ​ក្រោន ​បាន​បញ្ជាក់​ថា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ប្រេស៊ីល​រូប​នេះ ​គឺ​ក្រុម​មាន​ការ​រីក​ចម្រើន​ច្រើន​ទាំង​បច្ចេកទេស ​និង​ចិត្ត​សាស្ត្រ។ ជាក់​ស្ដែង ត្រឹម​ពេល​ប៉ុន្មាន​ខែ​ក្រុម​ទាំង​មូល​លេង​បាន​យ៉ាង​ល្អ ​និង​យល់​ចិត្ត​គ្នា​ច្រើន បើ​ទោះ​ជា​កីឡាករ​មួយ​ចំនួន​ជា​យុវជន​ក៏​ដោយ។

“រាល់​ថ្ងៃ យើង​ខំ​ប្រឹង​ហាត់​ខ្លាំង​ណាស់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​លេង​ឱ្យ​ល្អ​និង​យល់​ចិត្ត​គ្នា។ មួយ​វិញ​ទៀត Leo ​តែងតែ​ប្រាប់​កីឡាករ​ថា​រាល់​ប្រកួត​គឺ​ត្រូវ​តែ​ឈ្នះ កីឡាករ​ចង់​ឈ្នះ ​គ្រូ​ចង់​ឈ្នះ ​ហើយ​អ្នក​គាំទ្រ​វិញ​រឹត​តែ​ចង់​ឱ្យ​ក្រុម​ឈ្នះ​ថែម​ទៀត។ សម្ដី​នេះ ​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​ប្ដេជ្ញា ​និង​លេង​មិន​ខ្លាច​ហត់​ឡើយ។ វា​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​សម្រាប់​ពួក​យើង។ លេង​ដើម្បី​ក្លឹប​របស់​យើង ​និង​លេង​ដើម្បី​អ្នក​គាំទ្រ​របស់​យើង”។ សឿត បារាំង ​និយាយ​ពី​ពាក្យ​ដែល Leo តែង​ផ្ដាំ​កីឡាករ។

ក្នុង​ការ​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន​នេះ​ដែរ ​លោក Leo ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​លោក​នឹង​នាំ​ក្រោន​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ ​ហើយ​ប្រសិន​ណា​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទេ ​លោក​នឹង​ចាកចេញ​ដោយ​ខ្លួន​ឯង។ អ្វី​ដែល​កាន់​តែ​ខ្លាំង​ទៀត​នោះ គឺ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​នេះ ​ផ្ដាំ​ទៅ​កីឡាករ​ថា​កុំ​ទុក​ខ្លួន​ជា Idol ​អ្វី​ឡើយ ​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់ ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​សិន​ទៅ៕

អត្ថបទ៖ មុន្នីរម្យ