សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​ថ្មី

  • 2019-01-16 08:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៨ និង​ការ​ស្វែង​រក​ការ​ប្រឈម ដើម្បី​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​តាម​ផែន​ការ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ ២០២១។

នៅ​ឯ​ពិធី​លៀង​សាយភោជន​ នៃ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៨ ឧកញ៉ា គួច ផេង ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ថ្លែង​តាម​រយៈ​សន្ទរកថា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ទី២ នៃ​ផែន​ការ​យុទ្ធសាស្ត្រ​ ៥ឆ្នាំ ២០១៧-២០២១ របស់​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។

(លោក គួច ផេង និង ឯកឧត្តម ចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង សិប្បកម្ម កាលពីពេលកន្លងទៅ)

ផែន​ការ​យុទ្ធសាស្ត្រ​ ៥ឆ្នាំ បាន​ផ្ដោត​លើ​សកម្មភាព​គោល​ចំនួន​ ៦ ដូច​ខាង​ក្រោម៖

១. បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម ២. បង្កើន​ផលិតភាព និង​ទំនើប​កម្ម​នៃ​សហគ្រាស​ធុនតូ និង​មធ្យម ៣. ពង្រឹង​ និង​ជំរុញ​ឲ្យ​មាន​កម្លាំង​ពលកម្ម​ជំនាញ ៤. គោល​នយោបាយ​អនុគ្រោះ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​ ៥. ការ​ជ្រៀង​ចូល​ទីផ្សារ​ក្នុង​តំបន់​ ៦. ការ​រីក​ចម្រើន​ និង​និរន្ត​ភាព​របស់​សមាគម

ក្រោយ​ពី​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៨ របស់​សមាគម ជា​លទ្ធផល​នៅ​ក្នុង​អំឡុង​ពេល​១ឆ្នាំ​កន្លង​មក​នេះ ដោយ​មាន​ការ​តម្រង់​ទិស​ពី​ក្រុមប្រឹក្សាភិបាល ពី​ប្រធាន​ អនុប្រធាន​សមាគម​ គណៈកម្មាធិការ លេខាធិការដ្ឋាន​ នៃ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​បាន​ធ្វើ​ការ​សម្រប​សម្រួល​ និង​អនុវត្ត​សកម្មភាព​ទៅ​តាម​ផែន​ការ​គោល​ និង​សម្រេច​បាន​នូវ​លទ្ធផល​ដូច​ខាង​ក្រោម៖

  • បាន​ពង្រីក​សមាគម​បន្ថែម​ទៅ​កាន់​ខេត្ត​កំពង់​ចាម បាត់​ដំបង​ និង​ទៅ​ខេត្ត​បន្ទាយមានជ័យ
  • បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ក្នុង​ក្រុម​ហ៊ុន​ចំនួន ២វគ្គ
  • បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ KPI in Performance Management ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការ​គ្រប់គ្រង​ និង​ស្វែង​យល់​ពី​ការ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​មនុស្ស។
  • បាន​រៀប​ចំ​ប្រជុំ CEO Lunch ចំនួន​៦​លើក
  • បាន​រៀប​ចំ​វេទិកា​សប្ដាហ៍​សហគ្រិន​សកល​លើ​ប្រធាន​បទ​ ស្ត្រី និង​យុវជន​ក្នុង​សហគ្រិនភាព​ និង​សេដ្ឋកិច្ច​ឌីជីថល ដោយ​សហការ​ជាមួយ​សាខា​នៅ​ខេត្ត​សៀមរាប​ ដោយ​មាន​អ្នក​ចូល​រួម​ជិត ៦០០ នាក់។
  • បាន​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​លើ​គោល​នយោបាយ​ជាតិ​ស្ដីពី ប្រាក់​បំណាច់​អតីតភាព​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សភា​ពាណិជ្ជកម្ម​កម្ពុជា សភាព​ពាណិជ្ជកម្ម​អន្តរជាតិ តំណាង​សមាគម និង​សហព័ន្ធ​ពាណិជ្ជកម្ម​នានា​ក្នុង​ប្រទេស​។
  • បាន​ចូលរួម​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ជា​សមាជិក​ក្នុង​ក្រុម​ការងារ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នាយកដ្ឋាន​ពន្ធដារ​ គយ និង​រដ្ឋាករ ទាក់ទង​នឹង​គោល​នយោបាយ​អនុគ្រោះ​ពន្ធ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (ចំណុច​ទី៤ នៃ​ផែន​ការ​យុទ្ធសាស្ត្រ)
  • ការ​បណ្ដុះបណ្ដាល​ និង​ទំនាក់ទំនង​រវាង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា និង​សមាគម​សហគ្រិន វ័យ​ក្មេង​ក្នុង​តំបន់​អាស៊ាន​ ចិន ជប៉ុន អូស្ត្រាលី និង​បន្ត​ពង្រីក​សមាជិកភាព​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​បណ្ដាញ​ខេត្ត​សំខាន់ៗ​ដូចជា​ខេត្ត​សៀមរាប​ កំពង់ចាម​ និង​បាត់​ដំបង ដែល​យើង​នឹង​គ្រោង​បង្កើន​សមាជិក​រហូត​ដល់ ៥០០ ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២១។
  • បាន​នឹង​កំពុង​រៀបចំ​ធ្វើ​សៀវភៅ​មគ្គទេសក៍​វិនិយោគ Siem Reap and Kampong Cham Investment Guidebook
  • បាន​រៀប​ចំ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើត​ Entrepreneurs Promotion Center និង​ក្រសួង​បាន​ចេញ​នូវ​សេចក្ដី​ណែនាំ​ពី​ការ​លើក​លែង​ពន្ធ​ក្នុង​វិស័យ​អាទិភាព។

ឧកញ៉ា គួច ផេង បាន​បន្ត​ទៀត​ថា ការ​សម្រេច​បាន​​មក​ដល់​ពេល​នេះ របស់​សមាគម​ គឺជា​កេរ្តិ៍​ស្នាដៃ​បន្ត​ពី​អតីត​ប្រធាន​ និង​ស្ថាបនិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កន្លង​ទៅ និង​រៀមច្បង​ទាំង​អស់​ដែល​ជា​អតីត​ក្រុមប្រឹក្សាភិបាល​ និង​សមាជិក​ទាំង​អស់ ដែល​បាន​នាំ​នូវ​សមិទ្ធផល​ជាច្រើន​ដល់​សមាគម​ដូចជា៖

  • កិច្ច​សហប្រតិបត្តិការ​ជាមួយ​គម្រោង MBI របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​មជ្ឈមណ្ឌល​សេវាកម្ម​អាជីវកម្ម Business Information Center។
  • កិច្ច​សហប្រតិបត្តិការ ជាមួយ​កម្មវិធី​អង្គការ​សហប្រជាជាតិ
  • កិច្ច​សហប្រតិបត្តិការ​ជាមួយ JCI Cambodia ក្នុង​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​
  • ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កែ​តម្រូវ​គោល​នយោបាយ​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​ឯកជន។
  • ការ​ពង្រីក​សក្ដានុពល​របស់​សមាគម​ទៅ​តាម​តំបន់
  • ការ​ដឹកនាំ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ទៅ​ឆាក​អន្តរជាតិ។

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា មក​ដល់​ពេល​នេះ មាន​អាយុ​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​បង្កើត​ឡើង នៅ​អំឡុង​ឆ្នាំ ២០០៩ កន្លង​ទៅ។ សមាគម​នេះ​បង្កើត​ឡើង​ដោយ​ស្ថាបនិក​សហគ្រិន​វ័យ​ក្មេង​កម្ពុជា មួយ​ក្រុម​ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម សហគ្រាស មក​ពី​វិស័យ​ផ្សេងៗ​គ្នា នឹង​ចង់​ក្លាយ​ខ្លួន​ជា​ភ្នាក់ងារ​មួយ ក្នុង​ការ​ផ្សា​ភ្ជាប់​សហគ្រិន​វ័យ​ក្មេង​ទាំង​ឡាយ ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ និង​ទទួល​បាន​នូវ​ឱកាស​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក។ បេសកកម្ម​របស់​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា YEAC គឺ​ត្រូវ​ដើរ​តួ​ជា​អ្នក​ចូល​រួម​មតិយោបល់ ផ្នែក​គោល​នយោបាយ​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ជាមួយ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​ សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ស្ថាប័ន​នានា​ក្នុង​តំបន់៕

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម