ធ្វើរឿង ៦នេះឲ្យបានពេលជួបការលំបាក​ដើម្បីឲ្យចិត្តស្ងប់រកដំណោះស្រាយបានកាន់តែប្រសើរ

  • 2019-01-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​តែង​មាន​ឡើង មាន​ចុះ មិន​មែន​គ្រប់​យ៉ាង​សុទ្ធតែ​​សម្រេច​​ដូច​ការ​ចង់​បាន ឬ គ្រោង​ទុក​របស់​អ្នក​រហូត​នោះ​ទេ។ ស្ថានភាព​លំបាក​​មួយ​ចំនួន​ដែល​ជួប​ប្រទះ​ក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​អ្នក​ខូចចិត្ត​ខ្លាំង​ នឿយហត់ ចង់​បោះ​បង់ មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត។ បើដូច្នេះ អ្នក​គួរ​​សម្រាក​មួយ​ភ្លែត តែ​កុំ​ចុះ​ចាញ់ ព្រោះ​អារម្មណ៍​នេះ​មនុស្ស​ជា​ច្រើន​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ។

ពេល​​មាន​អារម្មណ៍​វង្វេង​បាត់បង់​គោល​ដៅ​ជីវិត មានរឿង ៦ ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ស្វែង​រក​ភាព​ភ្លឺ​ស្រាង​មក​វិញ ដូចជា​៖

១. បន្ធូរ​សម្ពាធផ្លូវចិត្ត​ ៖ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង ​ស្អែក​ព្រះអាទិត្យ​នៅ​តែ​រះ ដូច្នេះ​ក្តី​សង្ឃឹម​ក៏​នៅ​តែ​មាន ដរាប​ណា​អ្នក​ប្រឹង​ប្រែង​ស្វែង​រក​វា។ រឿង​ដែល​បាន​កើត​ឡើង​ថ្ងៃ​មុន គឺ​ជា​អតីតកាល​ទៅ​ហើយ គួរ​ចាប់​ទុក​វា​ជា​មេរៀន និង​សម្លឹង​ទៅ​មុខ។ ត្រូវ​ព្យាយាម​បន្ធូរ​សម្ពាធ​ខ្លួន​ឯង​ជា​មុន​សិន ទើប​ខួរ​ក្បាល​អ្នកដំណើរការ​​បាន​ល្អ អាច​ធ្វើការ​គិត​វែកញែក​បាន​​ច្បាស់​លាស់​  និង​រក​ដំណោះ​ស្រាយ​បាន​កាន់តែ​ប្រសើរ។

២. សម្រាក​មួយ​រយៈ ធ្វើ​កិច្ចការ​ដែល​ខ្លួន​ស្រលាញ់ ៖ ដើម្បី​អាច​ដក​សម្ពាធ​ចេញ​​​បាន អ្នក​ក៏​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​នោះ​ដែរ។ បើ​ទៅ​ធ្វើ​ការ ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​តាន​តឹង គួរ​សម្រាក​មួយ​រយៈ​ ទៅ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​អ្នក​តែង​ចង់​ធ្វើ តែ​មិន​មាន​ពេល​ធ្វើ​ពី​មុន​មក។ តែ​បើ​អ្នក​​ខូច​ចិត្ត​រឿង​ស្នេហា ជួនកាល បន្ត​មមាញឹក​នឹង​ការងារ​អាច​ជួយ​បន្លប់​ឲ្យ​អ្នក​បំភ្លេច​រឿង​ឈឺ​ចាប់​នោះ​បាន​ដែរ។

(រូបតំណាង)

**៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ ញុំា​ឲ្យ​ឆ្ងាញ់** ៖ ពិត​ណាស់​ថា​ពេល​កំពុង​ស្មូគស្មាញ​ ពិបាក​ដេក ពិបាក​ញុំា តែ​អ្នក​ក៏​ត្រូវ​ព្យាយាម​ជម្នះ​វា​ឲ្យបាន ដោយ​ការ​ហាត់ប្រាណ ឲ្យ​ហត់​បែក​ញើស​ខ្លាំង ជា​ប្រចាំ អ្នក​គង់​តែ​មាន​អារម្មណ៍​ថា​ឃ្លាន និង​ងងុយ​គេង​មិន​ខាន។ ដេក​គ្រប់​គ្រាន់​អាច​ឲ្យ​អ្នក​ភ្ញាក់​ឡើង​មាន​អារម្មណ៍​ស្រស់ស្រាយ ស្មារតី​នឹងនរ ខួរ​ក្បាល​ក៏​ដើរ​បាន​ល្អ ដូច្នេះ​ចង់​ចាប់​ផ្តើម​សារ​ជា​ថ្មី​មិន​លំបាក​ទៀត​ឡើយ។

៤. ជួប​ជុំ​គ្រួសារ៖ គ្រួសារ​អាច​ផ្តល់​ឲ្យ​អ្នក​នៅ​ភាព​កក់​ក្តៅ និង​អារម្មណ៍​សុវត្ថិភាព ដែល​អ្នក​មិន​អាច​រក​បាន​នៅ​កន្លែង​ផ្សេង។ ពេល​ជួប​វិបត្តិ​តូច​ធំ​ក្នុង​ជីវិត អ្នក​គួរ​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន ពេល​ខ្លះ​មិន​ចាំ​បាច់​និយាយ​ច្រើន​ពី​បញ្ហា​របស់​អ្នក​ក៏​បាន បើ​មិន​ចង់​រំខាន​លោក​អ្នក​មាន​គុណ​ឲ្យ​ខ្វល់​ខ្វាយ​ពី​អ្នក​ច្រើន។

៥. ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ថ្មី៖ ការ​ដើរ​​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ គឺ​ជា​ថ្នាំ​ព្យាបាល​ការ​ភាព​តប់ប្រមល់​​ល្អ​បំផុត បើ​ទោះជា​វា​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​លុយ​ក៏​ដោយ​។ គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់​ នឹង​ផ្តល់​មេរៀន និង​បទពិសោធន៍​ជីវិត​ថ្មីៗ​ជា​ច្រើន​ដល់​អ្នក​មិន​ខាន ហើយ​វា​នឹង​បើក​ភ្នែក និង​បេះ​ដូង​អ្នក​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​តស៊ូ​ក្នុង​ជីវិត។

(រូបតំណាង)

៦. ស្វែង​រក​កម្លាំង​ជំរុញ​ថ្មី​តាមរយៈ​ការ​អាន​សៀវភៅ និង​ជួប​បុគ្គល​ដែល​វិជ្ជមាន៖ រក​នឹក​មើល​ តើ​អ្នក​មាន​មិត្តភក្ដិ​ណា​ខ្លះ​ដែល​ពោរពេញ​គំនិត​វិជ្ជមាន និង​សុទិដ្ឋិនិយម​ក្នុង​ជីវិត គួរ​ជួប​ពួកគេ​ភ្លាម។ ការ​ជជែក​លេង​ជាមួយ​មិត្តភក្ដិ​ក៏​អាច​ជួយ​ឲ្យ​អ្នក​បន្ធូរ​សម្ពាធ​បាន ហើយ​ថែម​ទាំង​អាច​ស្គាល់​​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់។ កុំ​ជួប​មិត្តភក្ដិ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​តាន​តឹង​ឲ្យ​សោះ។

បុគ្គល​ជោគជ័យ​ល្បីៗ មិនមែន​ជា​មិត្ត​អ្នកដែល​អ្នក​ចង់​ជួប​ គឺ​បាន​ឡើយ។ តែ​មិន​ថ្វី​ទេ អ្នក​អាច​ទិញ​សៀវភៅ​របស់​ពួក​គេ​មក​អាន​បាន។ ការ​អាន​បាន​ច្រើន នឹង​ធ្វើ​ឲ្យ​គំនិត​អ្នកវាងវៃ ​រីកចម្រើន និងអាច​​ស្រមើ​ស្រមៃ​កាន់​តែ​ធំធេង៕

(រូបតំណាង)

អត្ថបទ​៖ ដេត​ លីដា