សហព័ន្ធ​ជឺជីតស៊ូ​ ចាប់​ផ្ដើម​រៀប​ផែនការ​ប្រជែងយក​មេដាយ​ស៊ីហ្គេម​ឆ្នាំ​នេះ​ទៀតហើយ

  • 2019-01-17 02:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​កំពុង​រៀបចំ​ឯកសារ​ ក៏​ដូច​ជា​ទំនាក់ទំនង​ជា​មួយ​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដើម្បី​ដំណើរ​ការ​នៃ​ការ​ដាក់​អត្តពលិក​របស់​ខ្លួន​ត្រៀម​ប្រជែង​យក​មេដាយ​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣០​ នៅ​ហ្វីលីពីន។​

ជេសា និង វិវឌ្ឍនា ពេលហ្វឹកហាត់

លោក​ ខូវ​ វិវឌ្ឍនា​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​មិន​ដឹង​ថា​អាច​ត្រូវ​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ប៉ុន្មាន​នាក់​ទៅ​ចូលរួម​ក្នុង​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​ទេ ​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ងារ​នេះ​ជា​មួយ​ភាគី​ខាង​ម្ចាស់​ផ្ទះ​ហ្វីលីពីន។​ ប៉ុន្តែ​ព័ត៌មាន​មួយ​ចំនួន​ដូច​ជា​ប្រភេទ​ទម្ងន់​ប្រកួត​គឺ​បាន​ដឹង​អស់​ហើយ​ នៅ​សប្ដាហ៍​ក្រោយ​សហព័ន្ធ​នឹង​ត្រូវ​ប្រជុំ​ជា​មួយ​ខាង​ NOCC​ ជា​ថ្មី​ទៀត។​

បុរស​សញ្ជាតិ​ខ្មែរ​ បារាំង​ រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា​ បើ​តាម​គម្រោង​នោះ​គឺ​សហព័ន្ធ​ចង់​យក​មេដាយ​ឲ្យ​បាន​២គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។​ សហព័ន្ធ​ចង់​បញ្ជូន​កីឡាករ​ កីឡា​ការិនី​សរុប​ ៥នាក់​ ដើម្បី​ទៅ​ប្រកួត​នៅ​ហ្វីលីពីន​ លើក​នេះ។​

ជេសា និង វិវឌ្ឍនា ពេលហ្វឹកហាត់

រំលឹក​ដែរ​ថា​ កីឡា​ជឺជីតស៊ូ​ របស់​កម្ពុជា​ក៏​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣០​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ ចាប់​ពី​ថ្ងៃ​ទី៣០ ​វិច្ឆិកា​ ដល់​ទី​១១​ ធ្នូ​ ២០១៩​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​