ស្នាដៃអ្នកនិពន្ធប្រលោមលោក​ "ទន្សាយ" នៅតែទទួលការគាំទ្រខ្លាំងមិនធម្មតារហូតត្រៀមចេញសៀវភៅថ្មីឆាប់ៗ

  • 2019-01-17 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចេញ​ស្នាដៃ​ប្រលោមលោក​ថ្មី​ចុងក្រោយ​របស់​អ្នកស្រី ម៉ៅ សំណាង គឺរឿង «​ប្រលោម​ចិត្ត​» មាន​ចំនួន ២៦០ ទំព័រ​ដែល​និពន្ធ​នៅ​ឆ្នាំ​ ២០១៨ ដែលបោះពុម្ព​ចំនួន ៣០០០ ក្បាល​មកថ្មីៗមិនទាន់បាន១ខែកន្លះស្រួលបួលផងត្រូវ​ប្រិយមិត្ត​អ្នកគាំទ្រ​បាន​ជាវ​អស់​ជាង​ពាក់កណ្តាល​ហើយ ខណៈ​អ្នកនិពន្ធ​រូប​នេះ​ខាន​និពន្ធ​ជិត​ ១០ ​ឆ្នាំ​មក​នេះ។ ​ប្រលោមលោករបស់​អ្នកនិពន្ធ​មាន​រហស្សនាម «​ទន្សាយ​» កំពុងតែ​ទទួល​បាន​ការគាំទ្រ​ពី​ប្រិយមិត្ត​អ្នកអាន​ច្រើន ដោយសារ​តែ​ការ​នឹករឭក និង​ខ្លឹមសារ​នៃ​សាច់រឿង​ពោរពេញដោយ​ការអប់រំ​ក្នុង​សង្គមរស់នៅនាពេលបច្ចុប្បន្ន។

អ្នកនិពន្ធ​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះសីហនុ​ដែល​និយម​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​តូច​ក៏​ព្រោះ​តែ​មាន​ឪពុក​គឺជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ បាន​បន្សាំ​បានផ្តល់ការសម្ភាសន៍មកកាន់ Sabay​​​​​ ថា៖ "អ្នកស្រី​បាន​ប្រឡូក​នៅក្នុង​អាជីព​និពន្ធ​នា​ឆ្នាំ​ ១៩៨០ និង​សម្រុក​និពន្ធ​បាន ១០០ រឿង​ដែល​ប្រើ​ពេល​ត្រឹមតែ​ ២ ​ឆ្នាំ។ ហើយស្នាដៃអ្នកស្រី​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ ១ ពាន​រង្វាន់​ព្រះសីហនុ​រាជ ឆ្នាំ ១៩៩៥ រឿង «​រលក​បោក​ខ្សាច់​» លេខ​ ៥ ពានរង្វាន់​ព្រះសីហនុ​រាជ​ទី​ ២ ​ឆ្នាំ​ ១៩៩៨ រឿង «​ពន្លឺ​ចន្ទ​» លេខ​ ២ នៅ​អង្គការ​ន័រវេស៍​សង្គ្រោះ​កុមារ​ឆ្នាំ ២០០០ រឿង «​កម្រងផ្កា​ម្លិះ​» និង​ចំណាត់ថ្នាក់​លេខ​ ៥ ពានរង្វាន់​មហោស្រព​អង្គរ​ឆ្នាំ​ ២០០០ រឿង «​ឋានសួគ៌​សាង​បាប​»​ផងដែរ។

ពិសេសអ្នកស្រី​ក៏​មាន​អត្ថបទ​ជ្រើសរើស​បកប្រែ​ជា​ភាសា​ជប៉ុន​ឆ្នាំ ២០០១ គឺ​រឿង «​កម្រងផ្កា​ម្លិះ​» និង «​សមុទ្រ​ខ្មៅ​»​។ ជយលាភី​លេខ​ ១ ពានរង្វាន់​ទន្លេមេគង្គ​ខ្មែរ-វៀតណាម- ឡាវ ឆ្នាំ​ ២០១០ រឿង​ «​ចិត្ត​មួយ​ថ្លើម​មួយ​» ទទួល​គ្រឿង​ឥស្សរិយយសមុនី​សារាភ័ណ្ឌ​ថ្នាក់​សេនា​ពី​សម្ដេច ហ៊ុន សែន ក្នុង​នាម​ជា​អ្នកនិពន្ធ​មាន​ស្នាដៃ​ល្អ​ក្នុង​ការចូលរួម​ចំណែក​លើកស្ទួយ​នូវ​អក្សរសិល្ប៍ អក្សរសាស្ត្រ និង​វប្បធម៌​ជាតិ​ខ្មែរ​ឆ្នាំ​ ២០០៨​។​ លើសពី​នេះ​ទៅ​ទៀត​អ្នកស្រី​ក៏​បាន​ទទួល​នូវ​ព្រះរាជ​ប្រទាន​ពី​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នូវ​គ្រឿង​ឥស្សរិយយស​មុនីសារាភ័ណ្ឌ​ថ្នាក់​មហាសេនា​កាលពី​ឆ្នាំ​ ២០១៤ ទៀត​ផង។​

​អ្នកស្រីបន្ថែមថា​៖ «​ប្រលោមលោក​ថ្មី​ខ្ញុំ​ដែល​ទើប​និពន្ធ​ចប់​កាល​ចន្លោះ​ខែ -៨-៩ ឆ្នាំ​ ២០១៨​ចេញចុងក្រោយ កន្លងមក​មាន ២៦០ ​ទំព័រ​សាច់​រឿង​និយាយ​ពី​ការលើក​ទឹកចិត្ត​ទៅ​ដល់​មនុស្ស​គ្រប់​ប្រភេទ​ដែល​ជួប​ប្រទះ​នឹង​ភាព​ខកបំណង​ច្រើន ឬ​យើង​ហៅថា​ជំងឺ​បាក់​ទឹកចិត្ត​នោះឯង​។ បើ​និយាយ​ឲ្យ​ពិត​ទៅ​ការខកខាន​និពន្ធ​ប្រលោម​លោក​នា​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​នេះ​ក៏​ព្រោះ​តែ​ខ្ញុំ​ខ្វះ​ថវិកា​បោះពុម្ព​ខកចិត្ត​ទៅ​នឹង​ភាព​ពុំ​ផ្តល់​តម្លៃពីបរិយាកាសជុំវិញមួយចំនួន និង​ខ្វះ​ការលើក​ទឹកចិត្ត​សម្រាប់​អាជីព​អ្នកនិពន្ធ ខណៈ​មុខរបរ​នេះ​គឺ​ពុំ​អាច​រកប្រាក់​ចំណូល​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​មាន​បាន​នោះ​ឡើយ​»​។ ហើយចុងក្រោយអ្នកស្រីសូមផ្តាំផ្ញើរបើមានក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធ ត្រូវទាមទារបទពិសោធន៍ក្នុងការចូលចិត្តអាន និងស្រាវជ្រាវឲ្យបានច្រើនក្នុងការតែងនិពន្ធ អរគុណការគាំំទ្រ &ការផ្តល់កំលាំងចិត្តមកឲ្យអ្នកស្រី ហើយអ្នកស្រីមិនធ្វើឲ្យអ្នកគាំទ្រខកបំណងទេត្រៀមនឹងមានចេញផ្សាយស្នាដៃប្រលោមលោកថ្មីចែកជូនជាបន្តទៀតគឺ រឿង "កុលាបខ្មៅ" នាដើមខែកុម្ភៈក្នុងពេលឆាប់ៗនេះ៕

មើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ កញ្ញា ម៉ៅ​ ចាន់រស្មី

អត្ថបទ៖ សិរីរត្នន៍