អាចរកដៃគូបង់រំលស់ផ្ទះជាមួយគ្នាបាន តែបើអត់ដឹង៣ចំណុចនេះ ប្រយ័ត្នគេស៊ីដាច់

  • 2019-01-17 02:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​បច្ចុប្បន្ន​ ហាក់​កែ​ប្រែ​ឥរិយាបថ​ កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ជីវិត​ឯករាជ្យ​ជា​ជាង​ពឹង​ពាក់​គ្រួសារ​ ក្នុង​ការសម្រេច​ចិត្ត​រឿង​គូ​ជីវិត​​។ ក្នុង​នោះ​គេ​សម្គាល់​ថា គូ​សង្សារ​ដែល​ចង់​បង្កើត​គ្រួសារ​មួយ​​ដោយ​ខ្លួន​ឯង​ ក៏​ចាប់​ផ្ដើម​​ផ្នត់​គំនិត​ថ្មី​ ពិសេស​នោះ​គឺ​ការ​ប្រឹង​​រក​ប្រាក់​ចំណូល​រៀប​ចំ​ពិធី​មង្គល​ការ​ ឬ​ទិញ​លំនៅឋាន​ដោយ​ផ្ទាល់ខ្លួន​។ ​​​​​​​​​

រូបតំណាង

ពិត​ណាស់​ តម្រូវការ​លំនៅឋាន​ មុន​ ឬ​ក្រោយ​រៀប​ការ គឺ​សំខាន់​ចំពោះ​គូស្នេហ៍។​​​ ​ហេតុនេះ​ការ​ចាប់​ផ្ដើម​គិត​រឿង​ហិរញ្ញវត្ថុ​ មាន​ភាព​​ចាំបាច់​​នៅ​អំឡុង​ពេល​ទាក់ទង​គ្នា​​។ ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ប្រឹក្សា​ក្នុង​វិស័យ​អចលនទ្រព្យ​។

​លោក ប៉ូ អ៊ីវគង់ ​អ្នក​ជំនាញ​ជើងចាស់​មួយ​រូប ​យល់​ស្រប​លើ​គំនិត​ចែករំលែក​សេដ្ឋកិច្ច​ (Sharing Economy)មុន​រៀបការ​ពិត​ជា​សំខាន់​ ​ដូច​យ៉ាង​​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ​​គេ​លើក​ទឹកចិត្ត​ឲ្យ​យុវជន​កំពុង​ពេញកម្លាំង​ ពិសេស​អ្នក​មាន​ដៃគូ ​គួរ​ចាប់​ផ្ដើម​បង្កើត​ចំណូល​ថេរ​មួយ​ រហូត​អាច​មាន​លទ្ធភាព​ទិញ​លំនៅឋាន​ខ្លួន​ឯង​ ជា​ជាង​អាស្រ័យ​ឪពុកម្ដាយ​។

លោក ប៉ូ អ៊ីវគង់

លោក ​អ៊ីវគង់​ ​គូស​បញ្ជាក់​បន្ថែម​ពី​លើ​ថា​ ​៖ «ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​មុន​ពេល​សម្រេច​ចិត្ត​ទិញ​លំនៅឋាន​រួមគ្នា​ ​អ្នក​ទាំងពីរ​ត្រូវតែ​ចែក​ឲ្យ​ដាច់​រវាង​សម្ព័ន្ធ​ស្នេហា និង​ការ​វិនិយោគ​»។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា បើ​មាន​រឿង​រកាំរកុះ​ស្នេហា​ត្រូវ​ដោះស្រាយ ដោយ​បុគ្គល​ទាំង​ពីរ ប៉ុន្តែ​​រឿង​ដាក់​ទុន​រួម​គ្នា​​ត្រូវ​ដោះស្រាយ​ដោយ​ផ្លូវ​ច្បាប់ ​។​ ម្យ៉ាង​បើជ្រុល​ជា​បាន​ដាក់​ទុន​ទិញ​រួមគ្នា​ហើយ​ តែ​បារម្ភ​រឿង​មិន​ចុះ​សម្រុង​នៅ​ថ្ងៃ​ក្រោយ ​លោក​អ្នក​គួរ​មាន​នីតិវិធី ៣យ៉ាង​នេះ​ជាមុន​៖

ទី១. ​ត្រូវ​ធ្វើ​ចំណូល​ចំណាយ​ទាំង​ពីរ​នាក់​ឲ្យ​មាន​ភាព​ស្នើ​គ្នា​

ទី២. ត្រូវ​ធ្វើ​កិច្ច​សន្យា​ទិញ-លក់​​ មាន​ឈ្មោះ​ទាំង​ពីរ​​តាម​ផ្លូវច្បាប់​ឲ្យ​ច្បាស់លាស់​

ទី៣. ​ត្រូវ​មាន​ប្លង់​កម្មសិទ្ធិ​អចលនទ្រព្យ​ ត្រូវ​មាន​មាន​ឈ្មោះ​ទាំង​ពីរ។

យ៉ាង​ណា​ក្ដីធនាគារ​​មួយ​ចំនួន​​កម្ពុជា​ ​លើក​ទឹកចិត្ត​ឲ្យ​គូស្នេហ៍​ មិនទាន់​រៀប​ការ​ តែ​មាន​បំណង​ទិញ​លំនៅឋាន​ អាច​ទទួល​ប្រាក់​កម្ចី​ឥណទាន​ផង​ដែរ​។ បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​បញ្ជាក់​ថា ​គូ​ស្នេហ៍​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​បាន​​ ប៉ុន្តែ​ត្រូវ​ដឹង​នូវ​​លក្ខខណ្ឌ​តម្រូវ​​ ដូចជា​៖​

  • ត្រូវ​មាន​ប្រាក់​ផ្ទាល់​ខ្លួន​ យ៉ាង​ហោច​ពី​ ៣០ ទៅ ៤០% នៃ​តម្លៃ​លំនៅឋាន​ចង់​ទិញ​ ​
  • ត្រូវ​មាន​លិខិត​បញ្ជាក់( ថា​អ្នក​ជា​គូស្នេហ៍​មាន​គម្រោង​រៀបការ​ ឬ​ភ្ជាប់​ពាក្យ​រួចរាល់​) ​
  • ត្រូវ​មាន​ឈ្មោះ​អ្នក​ទាំង​ពីរ​ ក្នុង​​​កិច្ចសន្យា​ទិញ​-លក់​លំនៅឋាន​​​ និង​ប្លង់​
  • ត្រូវ​មាន​លិខិតបញ្ជាក់​ប្រាក់​​ចំណូល​ជា​ប្រចាំ​ ឬ​​ទ្រព្យ​បញ្ជាំ ​និង​ភ្ជាប់​ឯកសារ​បញ្ជាក់​សំខាន់ៗ​ផ្សេង​ទៀត (​អាជីព​ឬ​អាជីវកម្ម​​ ​សៀវភៅ​គ្រួសារ​ អត្តសញ្ញាណ​ប័ណ្ណ​...) ។​​​​​
រូបតំណាង

​​​​​សូម​បន្ថែម​ថា​ ប្រសិន​បើលោក​អ្នក​ និងដៃគូ គិត​ថា​ការ​ស្នើ​​ប្រើ​ប្រាស់​កម្ចី​ឥណទាន​ពី​ធនាគារ​មាន​ភាព​សាំញ៉ាំ​ច្រើន​ លោក​អ្នក​ក៏​អាច​ពិចារណា​បង់​រំលស់​ជាមួយ​បុរី​ ឬ​គម្រោង​អភិវឌ្ឍន៍លំ​នៅ​ឋាន​​នានា ដែល​មិន​ទាម​ទារ​ឯកសារ​អ្វី​ច្រើន​ ប៉ុន្តែអ្នក​ត្រូវ​ចំណាយ​ពេល​យូរ​ រហូត​ដល់​គម្រោង​បញ្ចប់​ការ​សាងសង់​ ទើប​បាន​លំនៅឋាន​ចូល​រស់​នៅ​បាន​៕​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត