ឡៅ ចិត្រា​ ថា ខំ​ហាត់​ខ្លាំង​ជាង​មុន​ទ្វេ​ដងត្រៀមប៉ះម្ចាស់ផ្ទះថៃ​

  • 2019-01-17 07:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ ឡៅ ចិត្រា បាន​បង្កើន​ការ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ទ្វេ​ដង​នៅ​ពេល​រូប​គេ​ទទួល​បាន​ឱកាស​​បង្ហាញ​សមត្ថភាព​ក្នុង​សង្វៀន​ធំ NE: CLASH OF LEGENDS ទល់​នឹង​ជើង​ខ្លាំង​ជួរ​មុខ​ម្ចាស់​ផ្ទះ​ថៃ Superlek Kiatmoo9 ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ឱកាស​បាន​ប្រកួត​នៅ​ខែ​កុម្ភៈ​​ខាង​មុខ​នេះ​ មិន​មែន​ជា​ការ​ប្រកួត​ធម្មតា​នោះ​ លើក​នេះ​​ម្ចាស់​ខ្សែ​ក្រវាត់​នៅ​សង្វៀន​បាយ័ន​ត្រូវ​ប៉ះ​​ជើង​ឯក​ពិភព​លោក​ខាង​ក្បាច់​មួយ​ថៃ។ បើ​សិន​​កីឡាករ​កម្ពុជា​រូប​នេះ​​ពិត​ជា​មាន​សមត្ថភាព​អាច​បំបាក់​ជើង​ខ្លាំង​រូប​នេះ​បាន​​ រូប​គេ​​នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ប្រភេទ​ទម្ងន់​ Featherweight នៅ​ ONE Super Series។

ឡៅ ចិត្រា (ឆ្វេង) ពេល​វ៉ៃ​ជាមួយ​កីឡាករបរទេស

ឡៅ ចិត្រា បាន​និយាយ​ថា រូប​គេ​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ឱកាស​ដ៏​កម្រ​នេះ។ ការ​ប្រកួត​ដ៏​ធំ​នេះ​​គឺ​​សំខាន់​​ជាង​ការ​ប្រកួត​​ធំ​​​ៗ​​កន្លង​មក​។ ទោះ​ជា​លទ្ធផល​ចាញ់​ ឬ​ឈ្នះ​ រូប​គេ​នឹង​ខិត​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​បំផុត។

កីឡាករ​មក​ពី​ខេត្ត​កំពង់ស្ពឺ​​រូប​នេះ​ត្រូវ​ផ្គូផ្គង​ឲ្យ​ជើង​ខ្លាំង​ជួរ​មុខ​របស់​ថៃ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​Lumpinee Stadium Muay Thai World Champion​ ពីរ​សម័យ​កាល។ ការ​និយាយ​តែ​សំដី​ចេញ​មក​មិន​គ្រប់​គ្រាន់​នោះ​ទេ​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ទើប​​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ប្រកួត។ ឡៅ ចិត្រា​និយាយ​ថា ៖«​ឥឡូវ​ខ្ញុំ​ប្រកួត​អន្តរជាតិ​​ធំ​អីចឹង​ ខ្ញុំ​ត្រូវ​ហ្វឹក​ហាត់​ខ្លាំង​ជាង​មុន​ពីរ​ដង​ទើប​បាន»។

ស្ថាបនិក​ក្លឹប​គុន​ចម្រុះ​ Cambodian Top Team លោក​ ហ៊ុន​ ច័ន្ទរាជ្យ​បង្ហាញ​ទស្សនៈ​ជុំ​វិញ​ជំនួប​ដ៏​សំខាន់​នេះ​ថា ៖«ចិត្រា​ជា​កីឡាករ​ក្នុង​ចំណោម​ជើង​ខ្លាំង​លើ​គេ​ម្នាក់។ ការ​ប្រកួត​ត​ទល់​នឹង​ Superlek វា​ធំ​ណាស់​! សម្រាប់​អ្នក​ផ្សេង​មិន​ដឹង​ទេ​ តែ​សម្រាប់​ជន​ជាតិ​ខ្មែរ​ និង​ថៃ​គឺ​សំខាន់​ខ្លាំង»។

«ទី​មួយ​គឺ​ត្រូវ​ប៉ះ​ចំ​ Superlek​ ជា​អ្នក​ប្រដាល់​ខ្លាំង​ពិត​ប្រាកដ​ម្នាក់​ក្នុង​កំពូល​អ្នក​ប្រដាល់​ផ្សេង​ៗ។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​គុន​ខ្មែរ​ ដែល​អាច​បង្ហាញ​គេ​ពី​ជំនាញ​ ពី​ស្មារតី​អ្នក​ប្រយុទ្ធ​ និង​បេះ​ដូង​យើង​»។

កីឡាករ Superlek (រូបថត៖ Twitter Superlek09)

នៅ​សង្វៀន​ជា​មួយ​គ្នា​ នៅ ស្រី​ពៅ វ៉ៃ​គុន​ចម្រុះ​តទល់​នឹង​ស្រី​ស្អាត​ Rika Ishige ប្រភេទ​ទម្ងន់​ ៤៨​គក៕

ប្រវត្តិ​ប្រកួត​កីឡាករ​ថៃ Superlek Kiatmoo9

  • ប្រកួត​៖ ៣២៧​ដង
  • ឈ្នះ៖ ២៣២ដង
  • ចាញ់៖ ៩២​ដង
  • ស្មើ៖ ៣ដង

ប្រកួត​ប្រកួតកីឡាករ​កម្ពុជា ឡៅ ចិត្រា

  • ប្រកួត​៖ ៧០​ដង
  • ឈ្នះ៖ ៦៣​ដង
  • ចាញ់៖ ៥ដង
  • ស្មើ៖ ២ដង

អត្ថបទ៖ Matias Andres