មកស្គាល់បុរសជប៉ុន អាចផុតជីវិតពីការទម្លាក់គ្រាប់បែកបរមាណូ ២លើកផ្ទួនគ្នា

  • 2019-01-17 08:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tsutomu Yamaguchi បាន​កើត​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ១៩១៦ គឺ​ជា​អ្នក​រស់​រាន​មាន​ជីវិត​ម្នាក់​ពី​ហេតុការណ៍​ទម្លាក់​គ្រាប់បែក​បរមាណូ​ទាំង ២លើក នៅ​ក្នុង​ទីក្រុង Hiroshima និង Nagasaki នៃ​ប្រទេស​ជប៉ុន ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។

លោក Tsutomu Yamaguchi

ថ្វី​បើ​មនុស្ស​យ៉ាងហោចណាស់ ៧០នាក់​បាន​រង​ផល​ប៉ះពាល់​ពី​ហេតុការណ៍​នោះ​ក្តី ប៉ុន្តែ​លោក Tsutomu គឺ​ជា​មនុស្ស​តែ​ម្នាក់គត់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន។

លោក Yamaguchi ដែល​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង Nagasaki បាន​ទៅ​កាន់​ទីក្រុង Hiroshima ដើម្បី​ធ្វើ​ជំនួញ នៅ​ពេល​ដែល​គ្រាប់បែក​បាន​ទម្លាក់​មក​លើ​ទីក្រុង​នៅ​វេលា​ម៉ោង ៨ និង ១៥នាទីព្រឹក ថ្ងៃទី០៦ ខែ​សីហា ឆ្នាំ១៩៤៥។

នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ត្រលប់​ទៅ​កាន់​ទីក្រុង Nagasaki វិញ ហើយ​ថ្វី​បើ​លោក​រង​របួស​ក្ដី ក៏​លោក​នៅ​តែ​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​ធម្មតា នៅ​ថ្ងៃ​ទី០៩ ខែ​សីហា ដែល​ជា​ថ្ងៃ​គ្រាប់បែក​បរមាណូ​ទី២ ត្រូវ​បាន​ទម្លាក់។ នៅ​ព្រឹក​នោះ ខណៈ​ពេល​ដែល​អ្នក​គ្រប់គ្រង​របស់​លោក Yamaguchi កំពុង​និយាយ​អំពី​ការ​ទម្លាក់​គ្រាប់បែក​បំផ្លាញ​ទីក្រុង Hiroshima ស្រាប់តែ​គ្រាប់បែក​មួយ​ទៀត​បាន​ផ្ទុះ​ឡើង​តែម្ដង នៅ​ក្នុង​ទីក្រុង Nagasaki។

នៅ​ក្នុង​ឆ្នាំ១៩៥៧ លោក Yamaguchi ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​រងគ្រោះ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ២០០៩ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន សម្រេច​ទទួល​ស្គាល់​លោក​ជា​ផ្លូវការ។ លោក​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​មហារីក​ក្រពះ នៅ​ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ២០១០ នៅ​អាយុ ៩៣ឆ្នាំ៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សេង ឡុង