បែកធ្លាយ កូរ៉េខាងជើង សាងសង់ជិតរួចរាល់ រមណីយដ្ឋានឆ្នេរខ្សាច់ដ៏ធំមួយ

  • 2019-01-18 03:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​យកការណ៍​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង កំពុង​សាងសង់​ជិត​រួចរាល់​ហើយ ដោយ​មាន​រូបថត​ពី​ផ្កាយរណប​បង្ហាញ​ពី​ដំណើរការ​យ៉ាង​ឆាប់រហ័ស ហើយ​ថែមទាំង​មាន​បំពាក់​ឧបករណ៍​លេង​ទឹក និង​រោងកុន​ទៀត​ផង។

តំបន់​ដែល​គេ​ស្គាល់​ថា​ជា «តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ Wonsan-Kalma Coastal Tourist Area» ត្រូវ​បាន​ច្របាច់​រួម​បញ្ចូល​គ្នា​រវាង​ព្រលានយន្តហោះ​ថ្មី និង​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​កូរ៉េខាងជើង ដែល​ពី​មុន​តំបន់​នោះ​ធ្លាប់​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ហ្វឹកហាត់​កាំភ្លើង​ធំ និង​ការ​បាញ់​មីស៊ីល​ផ្លោង។

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ខណៈ​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​ព្យាយាម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន ទោះ​បី​ជា​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏​ដោយ។

យោង​តាម​ប្រភព​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល ១សែន​នាក់​ក្នុង​មួយ​ឆ្នាំ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន ប៉ុន្តែ​ទីក្រុង​ព្យុងយ៉ាង​គ្មាន​តួ​លេខ​ផ្លូវការ​ផ្ទាល់​ខ្លួន​នោះ​ទេ។

យ៉ាងណាមិញ តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ​នោះ ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ លោក គីម ជុងអ៊ុន ផ្ទាល់​តែម្ដង ហើយ​គ្រោង​នឹង​ប្រកាស​ឲ្យ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែ​តុលា ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី៧៤ នៃ​ការ​បង្កើត​គណបក្ស​ពលករ​កូរ៉េ Workers' Party of Korea៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី