និស្សិត​ជយ​លា​ភី​អាហារូបករណ៍​ទៅ​ប្រទេស​ជប៉ុន ចែក​រំលែ​កបទពិសោធន៍​

  • 2019-01-18 03:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេតឃើញថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ និស្សិត​ខ្មែរ​កាន់តែច្រើន​ទៅៗ​បាន​ចេញទៅ និង​កំពុងតែបន្ត​ការសិក្សា​នៅ​ក្រៅប្រទេស រួមមាន​អាមេរិក ជប៉ុន កូរ៉េ សឹង្ហ​បុរី ថៃ វៀតណាម និង​បណ្ដា​ប្រទេស​សហភាព​អ៊ឺរ៉ុប​។ និស្សិត​ទាំងនោះ​សិក្សា​ក្នុង​មុខ​ជំ​នា​ញច​ម្រុះ ចាប់ពី​ថ្នាក់​ជំនាញ​បច្ចេកទេស រហូតដល់​ថ្នាក់បណ្ឌិត​។ កាលពីពេល​ថ្មីៗ​នេះ និស្សិត​ខ្មែ​រចំ​នួន​១២​រូប​ផ្សេង​ទៀត​បានជាប់​អាហារូបករណ៍​ថ្នាក់​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ក្រោម​កម្មវិធី​MEXT​ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​

លោក​សន លីដា និស្សិត​បញ្ចប់​ការសិក្សា​ពី​ជំ​នា​ញ​សំ​ណង់​ស៊ីវិល របស់​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់ បច្ចុប្បន្ន​សាកល​វិទ្យា​ល័យ​ផារ៉ា​ហ្គ​ន​អន្តរជាតិ​នឹង​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ រយៈពេល​ពីរ​ឆ្នាំកន្លះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​តូ​ក្យូជំនាញ​វិស្វកម្ម​គ្រោង​របស់​សំ​ណង់ (Structural Engineering)​។ ក្នុង​រយៈពេល​២​ឆ្នាំកន្លះ​នៃ​ការសិក្សា លោក​នឹង​ចំណាយពេល​៦​ខែ​ដើម្បី​សិក្សា​ភាសា​ជប៉ុន​។ ថ្លែង​ទា​ក់ទង​នឹង​របៀប​ដាក់​អាហារូបករណ៍​នេះ លីដា ​បញ្ជាក់ថា​មាន​ចំនួន​បួន​ដំ​ណាក់​កាល​។

ដំណាក់កាល​ទី​១ ជា​ដំណាក់កា​លដាក់​សំ​ណើ​ស្រាវជ្រាវ ដែល​បេក្ខជន​បេ​ក្ខ​នារី​ត្រូវ​ប្រមែប្រមូល​ទិន្ន​ន័​យ និង​សរសេរ​សំណើ​ផែនការ​ស្រាវជ្រាវ​ជា​ភាសា​អង់គ្លេស​ចំ​នួន​១០០០​ពាក្យ​។ ក្នុង​ដំណាក់កាល​ទី​២ បេក្ខជន​បេ​ក្ខ​នារី​ត្រូវ​ប្រលង​តេស្ដ​ភាសា​ភាសា​អង់គ្លេស និង​ជប៉ុន​។ បេក្ខជន​បេ​ក្ខ​នារី​មិនចាំបាច់​បារម្ភ​នោះ​ឡើយ ក្នុង​ករណី​ដែល​ខ្លួន​មិន​ចេះ​ភាសា​ជប៉ុន ឬ​ចេះ​ភាសា​ជប៉ុន តែ​មិនសូវ​ច្បាស់​ភាសា​អង់គ្លេស ដ្បិត​គណៈកម្មការ​នឹង​ជ្រើស​យក​ពិន្ទុ​ខ្ពស់​បំផុត របស់​តេស្ដ​មួយ​ក្នុង​ចំណោម​ពីរ​។

ក្នុងករណី​ដែល​អ្នកដាក់ពាក្យ​ជាប់​តេស្ដ​ភាសា​ហើយ​នោះ បេក្ខជន​បេ​ក្ខ​នារី​នឹងត្រូវ​ឆ្លង​វ​គ្គ​សម្ភាសន៍​ទម្រាំ​តែ​ទទួលបាន​ល​ទ្ធ​ផល​ចុងក្រោយ​។ ក្រោយពី​នេះ បេក្ខជន​បេ​ក្ខ​នារី​ត្រូវ​បំ​ពេញ​បែបបទ​រដ្ឋបាល​មួយ​ចំ​នួន​រួមមាន​ល​ទ្ធ​ផល​ការ​ពិ​និត្យ​សុខភាព​ទៅកាន់​ស្ថានទូត និង​សាលា​នៅឯ​ប្រទេស​ជប៉ុន​។​

រូបភាព​៖ លោក​សន លីដា​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ពី​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​

លោក​សឿន ថា​រិទ្ធិ អតីត​និស្សិត​របស់​សាកល​វិទ្យា​ល័​យ​ផា​រ៉ា​ហ្គ​ន​អន្តរជាតិ​ម្នាក់​ទៀ​ត ក៏​នឹង​ទៅ​បន្ត​ការសិក្សា​នៅឯ​ប្រទេស​ជប៉ុន តាម​រយៈ​សាកល​វិទ្យា​ល័យ​Waseda ក្នុង​ជំនាញ​វិទ្យាសាស្ត្រ​ហិ​រញ្ញ​វត្ថុ​ផងដែរ​។ ថា​រិទ្ធិ​លើកឡើងថា ទម្រាំ​តែ​ជាប់​អាហារូបករណ៍​MEXT​នេះ លោក​ត្រូវ​ដោះស្រាយ​បញ្ហា​លំ​បាក​មួយ​ចំ​នួន​។ ការ​លំបាក់ទី​មួយ​ត្រង់​ថា វ​គ្គប្រកួត​តេ​ស្ដភាសា​ជាវ​គ្គ​ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់ ព្រោះតែ​បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់​ដែល​ដាក់​គ​ម្រោ​ង​ស្រាវជ្រាវ​របស់ខ្លួន​មិន​ត្រូវបាន​ជ​ម្រុះ​ក្នុង​វ​គ្គ​នោះ​ទេ តែ​ពួកគេ​ទាំងអស់​នោះ​ត្រូវមក​ប្រកួត​ជ​ម្រុះ​វ​គ្គ​ភាសា​ឯ​ណោះ​វិ​ញ​។

ដោយសារតែ​វិញ្ញាសា​មិនសូវ​ជា​ពិបាក​ប៉ុន្មាន បេក្ខជន​បេ​ក្ខ​នារី​ម្នាក់ៗ​ត្រូវ​ខិត​ខំ​ធ្វើឱ្យ​បានល្អ​បំ​ផុត មិន​ឱ្យមាន​ច​ន្លោះ​ប្រហោង ត្បិត​បេក្ខជន​បេ​ក្ខ​នារី​ជាច្រើន​អាច​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ ការ​លំបាក​មួយ​វិ​ញ​ទៀ​ត​ត្រង់​ការជ្រើសរើស​ប្រធានបទ​សម្រាប់​សំ​ណេ​រ​ស្រាវជ្រាវ​។ លោក​យកឈ្នះ​លើ​ការ​លំបាក​នេះបាន​តាម​រយៈ ការព្យាយាម​ស្វែង​យល់​ពី​ច​ន្លោះ​ខ្វះខា​តរបស់​មុខវិជ្ជា​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​របស់លោក ហើយ​ច​ន្លោះ​ខ្វះខាត​នោះ​ជា​បញ្ហា​ដែល​ពុំ​ទាន់​មាន​អ្នក​ដោះ​ស្រាយ​នៅឡើយ​។ ការ​លំបាក​ចុងក្រោយ​នៅត្រង់​ថា សំណើ​ស្រាវជ្រាវ​ត្រូវ​ទទួលបាន​ការ​យល់​ព្រម​ពី​សាស្ត្រាចារ្យ​នៅ​ប្រទេស​ជប៉ុន ដោយ​យើង​ត្រូវ​ស្វែង​យល់ថា​តើ​សាស្ត្រាចារ្យ​នៅតាម​សាកល​វិទ្យា​ល័យ​ក្នុងប្រទេស​ជប៉ុន​នោះ មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់ ឬ​ចំណាប់អារម្មណ៍​សម្រាប់​ប្រធានបទ​ស្រាវជ្រាវ​របស់​បេ​ក្ខ​ជន​បេ​ក្ខ​នារី​ឬទេ​។​

រូបភាព​៖ លោក​សឿន ថា​រិទ្ធិ​ក្នុង​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅប្រទេស​

លោក​ប៉ុក អ៊ី​ឡុង អតីត​និស្សិត​សាកលវិទ្យា​ល័​យ​ផា​រ៉ា​ហ្គ​ន​អន្តរជាតិ​ដែរ​នោះ ក៏​ជា​ជយលាភី​អាហារូបករណ៍​ថ្នាក់​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ទៅ​សិក្សា​ជំ​នា​ញ​រចនា​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយ​នៅ​សាកល​វិទ្យា​ល័​យ ​Keio ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ផងដែរ​។ អ៊ី​ឡុង​នឹង​សិក្សា​មុខវិជ្ជា​ផ្សេងៗ​ទា​ក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការលើកកម្ពស់​ម៉ាក​ផលិតផល​ជាដើម​។ និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រកាល​ពី​ឆ្នាំ​ទៅ​នេះ ជ​ម្រុញ​និស្សិត​ដែល​ចង់​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ដូច​រូបលោក ឱ្យមាន​ភាពក្លាហាន និង​ហ៊ាន​សាក​ដាក់​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​។ និស្សិត​គួរតែ​ជឿជាក់​លើ​ខ្លួនឯង ព្រម​ទាំង​ហ៊ាន​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ក្នុង​វ​គ្គ​ជម្រុះ​របស់​អាហារូបករណ៍​ផងដែរ​។ ចំពោះ​ថ្ងៃ​អនាគត អ៊ី​ឡុង​ចង់​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​ជំនាញ​សិល្បៈ និង​អក្សរសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​លោក​អាច​សម្លឹងមើល​ការសិក្សា​នៅឯ​ប្រទេស​ថៃ បើ​ពុំ​នោះទេ លោក​នឹង​ត្រលប់មក​ប្រទេស​ខ្មែរ​វិញ​ដើម្បី​ចែក​រំ​លែ​ក​បទពិសោធន៍​ចំ​ណេះ​ជំ​នា​ញ​របស់លោក ដល់​អ្នក​ជំនាន់​ក្រោយ ដ្បិត​ជំនាញ​របស់​លោក​ពុំ​សូវ​មាន​ធន​ធាន​សម្រាប់​ប​ណុះ​បណ្ដាល់​ដល់​កូន​ខ្មែរ​នោះ​ទេ​។​

រូបភាព​៖ លោក​ប៉ុក អ៊ី​ឡុង​ពេល​បញ្ចប់​ការសិក្សា​ គួរ​បញ្ជាក់ដែរថា អាហារូបករណ៍​MEXT​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ​នេះ ទទួល​រ៉ាប់​រង​ថ្លៃ​សិក្សា សំបុត្រ​យន្ត​ហោះ និង​ប្រាក់​ប្រចាំខែ​របស់​និស្សិត​អាហារូបករណ៍​។ ផងដែរ និស្សិត​ទាំង​អស់ដែល​ទទួលបាន​អាហារូបករណ៍​នៅ​ឆ្នាំ​នេះ​នឹង​ចាប់ផ្ដើម​ការសិក្សា​របស់​ខ្លូន​ខ្លូន​នៅ​ប្រទេស​ជប៉ុន នៅ​ខែមេសា​ខាងមុខ​នេះ​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម