ចម្ការ​ផ្កាឈូក​រ័ត្ន និង​ស្បៃរឿង ខេត្ត​ត្បូងឃ្មុំ ក្លាយទៅជា​ទី​កម្សាន្ត​ដ៏​ស្រស់​ស្អាត

  • 2019-01-18 04:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដាំ​​នៅ​លើ​ផ្ទៃ​​​​ទំហំ​ជិត ៥ហិកតា ចម្ការ​ផ្កា​ឈូករ័ត្ន និង​ស្បៃរឿង​មួយ​កន្លែង​​ បាន​នឹង​​កំពុង​រីក​ស្គុះស្គាយ​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​​យ៉ាង​ច្រើន​កុះករ​ទៅ​កម្សាន្ត​ឥត​ដាច់ ពិសេស​ថ្ងៃ​ចុង​សប្ដាហ៍។ ​ចម្ការ​ផ្កា​ឈូក​រ័ត្ន​នេះ​ស្ថិតនៅ​ក្នុង​ឃុំជីរោទ៍ទី១ ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូង​ឃ្មុំ។

ដើម្បី​ទៅដល់​ចម្ការ​ផ្កា​ឈូករ័ត្ន លោក​អ្នក​អាច​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​គីហ្សូណា​ត្រើយ​ខាង​កើត​តាម​ផ្លូវ​បេតុង​ចម្ងាយ​៦​គីឡូម៉ែត្រ ជិត​ដល់​វត្ត​ជី​រោទ៍​បត់​ស្ដាំ​ដៃ​បន្តិច ​នឹង​ទៅ​ដល់​ចម្ការ​ផ្កា​ដ៏​ស្រស់​បំព្រង​នេះ ​ជាមួយ​នឹង​អារម្មណ៍​ស្រស់​ស្រាយ និង​ខ្យល់​បរិសុទ្ធ​ពិតៗ។

មែនទែន​​​ទៅ​ការ​ដាំ​ផ្កា​ឈូករ័ត្ន​ និង​​ផ្កា​ស្បៃរឿង ​គឺ​ក្នុង​បំណង​ទាក់ទាញ​ហ្វូង​ឃ្មុំ​ មក​ក្រេប​លំអង​ផ្កា​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ លោក​​ ប៉ត សុផល ម្ចាស់​ចម្ការ​ផ្កាឈូក​រ័ត្ន។ លោក សុផល មានមុខ​របរ​ជា​អ្នក​ចិញ្ចឹម​ឃ្មុំ ដែល​គិត​មក​ដល់​ពេល​នេះ លោក​បាន​ចិញ្ចឹម​ឃ្មុំ​មាន​ជាង ១០០​ឡាំង​ហើយ​។ “ដំបូង​ខ្ញុំ​ដាំ​ឈូករ័ត្ន​តិច​ដែរ​ទេ​ ប៉ុន្តែ​ចាប់​ចិញ្ចឹម​ឃ្មុំ​កាន់តែ​ច្រើន​ ​ផ្ទៃ​ដី​ដាំ​ផ្កា​ក៏​បាន​ពង្រីក​រហូត​ជិត ៥ហិចតា។ ឃ្មុំ​ចូល​ចិត្ត​លំអង​ផ្កាឈូករ័ត្ន និង​ស្បៃរឿង​”។

លោក ប៉ត សុផល បង្ហាញ​អារម្មណ៍​រីករាយ​ ដែល​ចម្ការ​របស់​លោក​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​ទស្សនា​កម្សាន្ត ខណៈ​ថ្ងៃ​ខ្លះ​មាន​រហូត​ដល់​ខ្ទង់​​រយ​នាក់ និង​បាន​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​កាន់តែ​ល្អ​ប្រសើរ​ឡើង​តាម​រយៈ​លក់​ដូរ​។ ក្នុង​ឆ្នាំ​២០១៩ នេះ​លោក​ សុផល ក៏​គ្រោង​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​ផ្កាឈូក​រ័ត្ន​ឱ្យ​កាន់តែ​ធំ​ជាង​មុន បង្កើត​ជា​កន្លែង​អង្គុយ​លេង​បន្ថែម​ទៀត​បាន​ច្រើន​កន្លែង​ ព្រម​ទាំង​ដាំ​ននោង​ជាជួរ​បង្កើត​ជា​ម្លប់​ត្រជាក់​នៅ​ក្នុង​រដូវ​ប្រាំង​ផងដែរ។

ចំពោះ​ភ្ញៀវ​មក​កម្សាន្ត​នៅ​ចម្ការ​ឈូក​រ័ត្ន​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ គ្រាន់តែ​យក​ថ្លៃ​ផ្ញើ​ម៉ូតូ ១​ ០០០​រៀល​ក្នុង​១គ្រឿង និង​រថយន្ត​ចំនួន ៣ ០០០រៀល​ក្នុង​មួយ​គ្រឿង​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្តី ​លោក សុផល​ បាន​​សំណូមពរ​ភ្ញៀវ​ទេសចរ ដែល​មក​លេង​នៅ​ចម្ការ​ផ្កា​ឈូក​រ័ត្ន​​ មេត្តា​កុំ​ចោល​សំរាម​ពាសវាលពាសកាល​ ពោល​គឺ​ត្រូវ​ដាក់​​ចូល​ក្នុង​ធុង​សំរាម​ ដើម្បី​រួមគ្នា​លើក​កម្ពស់​សោភ័ណ និង​បន្ត​ទាក់ទាញ​​​ភ្ញៀវ​ទេសចរ​បាន​ច្រើន​​ទៀត​​មក​កម្សាន្ត​ចម្ការ​ឈូករ័ត្ន៕

Photo: SethiZelo Phath     

អត្ថបទ៖ សុផល