អ្នក​ជំនាញ​ជលផល គ្រោង​ប្រើ​បច្ចេកទេស​បង្កាត់​ពូជ​ត្រី​ល្បី​ឈ្មោះ​មួយ​​នៅ​ខេត្ត​ស្ទឹងត្រែង

  • 2019-01-18 04:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​មាន​ការ​ប្រែប្រួល​ទេ នៅ​ឆ្នាំ​ក្រោយ​នេះ​​មន្ត្រី​ជំនាញ​ផ្នែក​ជល​ផល​ គ្រោង​នឹង​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ពូជ​ត្រី​ប៉ាស៊ីអ៊ី ដែល​មាន​ឈ្មោះ​ល្បី​ខ្លាំង​នៅ​ខេត្ត​ស្ទឹងត្រែង។ នេះ​បើ​តាម​ប្រសាសន៍ ​លោក ទុំ នីរ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​​។ ត្រី​ប៉ាស៊ីអ៊ី ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​មាន​រសជាតិ​ឆ្ងាញ់​ខុស​ពី​ត្រី​ដទៃ មាន​នៅ​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​កំពុង​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​​ ហើយ​មាន​តម្លៃ​ថ្លៃ​។

 

“អញ្ចឹង​ប្រហែល​ឆ្នាំ​ ២០២០​ យើង​ចាប់​ផ្ដើម​យក​មក​ផ្សាំ​ ត្រី​ទម្ងន់​រង្វង់​​៣ខាំ ទៅ​៤​​ខាំ​អី​ហ្នឹង​ នៅ​ក្នុង​ស្រះ​ថា​តើ​អត្រា​រស់​របស់​វា​ហ្នឹង អាច​រស់​បាន​អត់ បន្ទាប់​មក​យើង​បំប៉ន​វា​ឱ្យ​ធំ​ធាត់​មាន​ពង​មាន​អី​ហើយ​​ អា​ហ្នឹង​យើង​ចាប់​ផ្ដើម​បង្កាត់​អីចឹង។​ ហ្នឹង​គ្រាន់តែ​ជា​ផែន​ការ​ទេ។ បើ​សិន​ជា​យើង​ពឹង​តែ​​លើ​ធម្មជាតិ​ យើង​អត់​អាច​ធានា​និរន្តរភាព​បាន​ទេ​​ ព្រោះ​កំណើន​ប្រជាជន​កើន​ឡើង​រាល់ថ្ងៃ​ តម្រូវ​ការ​ក៏​កើន​ឡើង​ ហើយ​ធនធាន​ក៏​កាន់​តែ​ថយ​ចុះ។ដូច្នេះ​ហើយ​វា​អត់​មាន​តុល្យ​ភាព​គ្នា​ទេ”។ លោក ទុំ នីរ៉ូ និយាយ។

លោក​បាន​បន្ថែម​ថា មូលហេតុ​ដែល​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ ២០២០​ ដោយសារ​ខេត្ត​ស្ទឹង​ត្រែង​នៅ​មិន​ទាន់​មាន​ស្ថានីយ​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ត្រី​​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​ស្ថានីយ​ស្រាវជ្រាវ និង​ពិសោធន៍​ គ្រោង​នឹង​បញ្ចប់​​ការ​សាងសង់​នៅ​ដើម​ឆ្នាំ ​២០២០​។​ ស្ថានីយ​ស្រាវជ្រាវ និង​ពិសោធន៍​ត្រី ​​គឺ​មាន​ទំហំ​ផ្ទៃដី ១០​ហិចតា​។ “យើង​ត្រូវ​ការ​ប្រឹងប្រែង​ ការ​ព្យាយាម និង​ភាព​អត់​ធ្មត់ ទាំង​អស់​គ្នា។ ខ្ញុំ​ឧទាហរណ៍​ថា ត្រី​ដែល​​យើង​បង្កាត់​រាល់ថ្ងៃ​ហ្នឹង​ពពួក​ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ និង​ត្រី​អណ្ដែង​ផ្សេងៗ​នេះ កាល​ពី​ដើម​មក​ យើង​អត់​អាច​បង្កាត់​បានទេ ក៏ប៉ុន្តែ​បច្ចុប្បន្ន​យើង​អាច​ធ្វើ​បាន​។ ដូច្នេះ​យើង​មាន​សុទិដ្ឋិនិយម​ថា អាច​ធ្វើ​បាន​​”។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា បើ​ការ​បង្កាត់​ទទួល​​បាន​ជោគជ័យ​ គឺ​យើង​អាច​ធានា​បាន​​​នូវ​ការ​មិន​ផុត​ពូជ​ប្រភេទ​ត្រី​ប៉ាស៊ីអ៊ី​ ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​​នៅ​តាម​សហគមន៍​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ ព្រោះ​ថា ត្រីប៉ាស៊ីអ៊ី ជា​ប្រភេទ​ត្រី​មាន​តម្លៃ​ថ្លៃ។

ទិន្នផល​ត្រី​ប៉ាស៊ី​អ៊ី ​នៅ​ខេត្ត​ស្ទឹង​ត្រែង​សម្រាប់​ឆ្នាំ​នេះ​ ប្រហាក់​ប្រហែល​នឹង​​ឆ្នាំមុន​ដែរ​ ប៉ុន្តែ​ជាង​៧០%​ មាន​ទំហំ​តូច​​ជាង​ឆ្នាំមុន។ នេះ​បើ​តាម​​លោក​ ទុំ នីរ៉ូ​។ ចំពោះ​តម្លៃ​វិញ​ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ ក្នុង​នោះ​ទម្ងន់​ចាប់ពី​ ៤​ខាំ​ទៅ​ ៦​ខាំ​ តម្លៃ មួយ​គីឡូ​ក្រាម​ចន្លោះ​ពី​ ៨​ម៉ឺន​រៀល​ទៅ ១០​ម៉ឺន​រៀល។ ទម្ងន់​ចាប់ពី​​ ៧ខាំ ទៅ​៩ខាំ តម្លៃ​ចាប់​ពី​១២​ម៉ឺន​រៀល​ ​ទៅ​១៥​​ម៉ឺន​រៀល។ ទម្ងន់​ចាប់ពី​ ១​គីឡូ​ក្រាម​ទៅ​ជិត​ ២​គីឡូក្រាម​ តម្លៃ​ចាប់ពី ២០​ម៉ឺន​រៀល ​ទៅ​​៣៥​ម៉ឺន​រៀល។

ចុង​​ក្រោយ​លោ​ក​ ទុំ នីរ៉ូ​ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា និង​​ប្រើប្រាស់​ធនធាន​ជល​ផល​​​ ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់ បើ​មិន​ដូច្នេះ​ទេ​ធនធាន​ជលផល​ ក្នុង​ប្រទេស​អាច​ប្រឈម​នឹង​ភាព​អន្តរាយ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ សុផល