ឈ្នះ Sevilla បាន Real អាចសងគំនុំចាស់ និងឡើងចំណាត់ថ្នាក់
- 2019-01-18 08:09:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះ Sevilla បាន Real អាចសងគំនុំចាស់ និងឡើងចំណាត់ថ្នាក់
ចន្លោះមិនឃើញ
ជំនួបរវាង Sevilla និង Real Madrid កាលពីដើមខែកញ្ញាគឺជាកូនសោយ៉ាងសំខាន់សម្រាប់ស្ទាបស្ទង់គ្នាមុនការប្រកួតជើងទីពីររបស់ពួកគេនៅថ្ងៃសៅរ៍ស្អែកនេះ ប៉ុន្តែរវាងក្រុមទាំងពីរមានការប្រែប្រួលច្រើនមិនមែនដូចពីមុននោះទេ។
កាលពីជើងទីមួយ Sevilla បានបំបាក់មិនឲ្យ Real តដៃរួចក្នុងលទ្ធផល ៣ទល់នឹង០ ក្រោមការដឹកនាំរបស់លោក Pablo Machin និងចំពោះមុខអ្នកគាំទ្រម្ចាស់ផ្ទះជាច្រើនម៉ឺននាក់នៅកីឡដ្ឋាន Sánchez-Pizjuán។ ជ័យជម្នះកាលណោះក៏ជាសម្ពាធមួយដែរសម្រាប់លោក Julen Lopetegui រហូតត្រូវបាន Real បណ្ដេញចេញនៅប៉ុន្មានសប្ដាហ៍ក្រោយមក។
យ៉ាងណាការប្រកួតស្អែកនេះ គិតត្រឹមពាក់កណ្ដាលរដូវកាលកន្លងមកក្រុមទាំងពីរសុទ្ធតែមានរាសី ឡើងចុះដូចគ្នា មិនតែប៉ុណ្ណោះ កាន់៣៣ពិន្ទុស្មើគ្នាថែមទៀត គ្រាន់តែ Sevilla មានតែមជាងបន្តិចត្រង់រូបមន្ត Head to head ទើបបានឈរលើ Real។
Real ក្រោមការដឹកនាំរបស់គ្រូថ្មី Santiago Solari ទើបយកឈ្នះ Real Betis ដែលជាគូប្រជែងមកពី ទីក្រុងតែមួយជាមួយ Sevilla ដោយលទ្ធផល ២-១ នៅសប្ដាហ៍មុន។ កាលពីជើងមុន Real បានអវត្តមានកីឡាករជាកូនសោសំខាន់ដូចជា Dani Carvajal និង Isco តែប្រកួតស្អែកនេះពួកគេមានវាសនាកាន់តែអាក្រក់ថែមទៀតដោយអវត្តមាន Karim Benzema, Gareth Bale និង Marco Asensio។
ស្ថានភាពរបស់ Sevilla វិញក៏មិនល្អពេកដែរត្បិតក្រុមនេះឈរកំពូលតារាងបានមួយរយៈខ្លីកាលពីដើមរដូវកាលក៏ដោយ។ ដៃគូប្រយុទ្ធជួរមុខទាំងពីរមាន André Silva និង Wissam Ben Yedder កំពុងជួបគ្រោះរាំងស្ងួតក្នុងការរកគ្រាប់បាល់ ជាក់ស្ដែង Sevilla រកបានត្រឹម២ពិន្ទុប៉ុណ្ណោះពី ៣ប្រកួតចុងក្រោយរហូតធ្វើឲ្យក្រុមដាច់ឆ្ងាយពីក្រុម Barcelona និង Atletico Madrid ក្នុងការប្រជែងពានរង្វាន់៕