មកស្គាល់ក្រុមហ៊ុនលក់សំបុត្រយន្តហោះតម្លៃទាបជាងគេ ជិះទៅជាង១០០គោលដៅ សេវាកម្មលំដាប់ពិភពលោក

  • 2019-01-18 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រតិបត្តិការ​ហោះ​ហើរ​រយៈ​ពេល​ជាង​១ទស្សវត្ស Air Asia គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​មាន​តម្លៃ​សំបុត្រ​ទាប​បំផុត​លើ​លោក។ ថ្វី​បើ​តម្លៃ​ទាប​ក៏​ពិត​មែន ​ប៉ុន្តែ​អ្នក​ដំណើរ​ នៅ​តែ​អាច​ទទួល​បាន​សេវាកម្ម​បម្រើ​លំដាប់​ថ្នាក់​ពិភពលោក។

រូបតំណាង

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន​ខាង​លើ​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់១ ក្នុង​រាជ​ធានី​ភ្នំពេញ កាលពី​ម្សិលមិញ។

លោកស្រី Laddawan Meesupwatana ប្រធាន​ផ្នែក​ផលិតផល​ ប្រចាំ​ទី​ផ្សារ​ឥណ្ឌូចិន បាន​បញ្ជាក់​ព័ត៌មាន​ថា ក្រុមហ៊ុន​អាកាសចរណ៍ Air Asia គឺ​នៅ​តែ​បន្ត​ការ​ផ្ដល់​ជូន​​អ្នកដំណើរ​លំដាប់​ថ្នាក់​ពិភពលោក ហើយ​អតិថិជន​អាច​ជ្រើស​រើស​គោលដៅ​ហោះហើរ​ដ៏​សម្បូរ​បែប និង​ដោយ​ក្ដី​រីករាយ។

លោកស្រី​ថា ១០ឆ្នាំ​កន្លង​ទៅ​នេះ បើ​តាម​ក្រុមហ៊ុន Skytrax World Airlines បាន​បន្ត​ណែនាំ​ការ​​ហោះហើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ និង​ការ​ត​ភ្ជាប់​ទៅកាន់ ១៣០​ប្រទេស​គោលដៅ ​នៅ​ទូទាំង​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ទ្វីប​អាស៊ី​ផង​ទាំង​មូល​ដែរ។

លោក​ស្រី​បន្ត​ថា​ តួលេខ​អ្នក​ដំណើរ គិត​មក​ត្រឹម​ឆ្នាំ​២០១៨ អាកាសចរណ៍​ដែល​លក់​​សំបុត្រ​ទាប​ជាង​គេ​ខាង​លើ បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជាង ១.២៦លាន​នាក់ រាប់​បញ្ចូល​ទាំង​អ្នក​ជិះ​ទៅ​ និង​មក​ប្រទេស​កម្ពុជា។

ប្រមាណ​៧៨% នៃ​ភ្ញៀវ​ភាគ​ច្រើន គឺ​បាន​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដែល​ជា​ចំណែក​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ នៃ​ប្រទេស​នានា ពិសេស​ប្រទេស​ចំនួន​៣​មាន​ដូចជា កម្ពុជា ថៃ និង​ប្រទេស​ម៉ាឡេស៊ី។

សម្រាប់​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ​Air Asia មាន​គោលដៅ​​ហោះហើរ​ចំនួន៣ គឺ៖ ចេញ​ពី​រាជធានី​ភ្នំពេញ​ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ។

ក្រៅ​ពី​នេះ ក៏​មាន​គោល​ដៅ​ក្រៅ​ស្រុក ចំនួន​៦ បន្ថែម​ទៀត​ដូចជា៖

១. ការ​ហោះហើរ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​ទី​ក្រុង បាងកក (ដន​មឿង)

២. ការ​ហោះហើរ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​ទីក្រុង កូឡាឡាំពួរ

៣. ការ​ហោះហើរ​ចេញ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទី​ក្រុង បាងកក (ដន​មឿង)

៤. ការ​ហោះហើរ​ចេញ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទីក្រុង កូឡាឡាំពួរ

៥. ការ​ហោះហើរ​ចេញ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ខេត្ត ភូកេត ប្រទេស​ថៃ

៦. ការ​ហោះហើរ​ចេញ​ពី​ខេត្ត​ព្រះសីហនុ ទៅ​កាន់​ទីក្រុង កូឡាឡាំពួរ។

សូម​រំលឹក​ថា Air Asia ធ្លាប់​បាន​ឈ្នះ​ជាប់ៗ​គ្នា​នូវ​ពាន​រ​រង្វាន់​អាកាសចរណ៍​តម្លៃ​ទាប​លើក​ទី​៥ និង​ពាន​រ​រង្វាន់ Cabin Crew នៅ​ក្នុង​កម្មវិធី​ប្រារព្ធ​ពាន​រង្វាន់ World Travel Awards ប្រចាំ​ឆ្នាំ​២០១៧ សម្រាប់​តំបន់​អាស៊ី​ និង​អាស៊ី​អូស្ត្រាលី​ ដែល​បាន​ប្រគល់​ជូន​នៅ​ឯ​សណ្ឋាគារ Kempinski ក្នុង​ក្រុង​សៀង​ហៃ ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៧ កន្លងទៅ។

អត្ថបទ៖ ពៅ រក្សា