ល្អបំផុត! ចាប់ពីឆ្នាំ២០១៩នេះទៅ ពេលលក់រថយន្តចាស់ ទិញថ្មី លែងខ្វល់រឿងស្លាកលេខ

  • 2019-01-18 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវ​គោក​ប្រចាំ​ឆ្នាំ២០១៨ នៅ​រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៩​នេះ​ទៅ នៅ​ពេល​លក់​រថយន្ត បងប្អូន​ប្រជាពលរដ្ឋ អាច​ដោះ​ស្លាក​លេខ​រថយន្ត​ចាស់ របស់​ខ្លួន​ឯង​ទុក​បាន ដើម្បី​យក​ទៅ​បំពាក់​រថយន្ត​ថ្មី​ដែល​បាន​ទិញ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល ដល់​ប្រជាពលរដ្ឋ​ដែល​លក់​រថយន្ត​ចាស់ ទិញ​រថយន្ត​ថ្មី មិន​ពិបាក​ក្នុង​ការ​ធ្វើ​ស្លាក​លេខ​ថ្មី។ មាន​ន័យ​ថា​យក​ស្លាក​លេខ​ចាស់​របស់​ខ្លួន​ទៅ​បំពាក់​តែ​ម្ដង។

ពិសេស​នោះ ប្រជាពលរដ្ឋ​អាច​ធ្វើការ​បញ្ជា​ទិញ​ស្លាក​លេខ​យានយន្ត​ផ្ទាល់​ខ្លួន តាម​លេខ​ដែល​ខ្លួន​ស្រលាញ់ នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រសួង និង​អាច​បង់​លុយ​តាម​ប្រព័ន្ធ​អនឡាញ​នោះ​បាន​ទៀត​ផង។

រូបតំណាង

ឯកឧត្ដម ស៊ុន ចាន់ថុល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ក្រសួង​នឹង​កែ​សម្រូល​ទៅ​លើ​ការ​កាត់​ឈ្មោះ​យានយន្ត មិន​ឲ្យ​ស្មុគស្មាញ​ទៅ​ទៀត​ឡើយ។ ក្នុង​នោះ​ក្រសួង​នឹង​បង្កើត    ឲ្យ​មាន​ការ​កាត់​ឈ្មោះ​យានយន្ត​តាម​ប្រព័ន្ធ​អនឡាញ ដោយ​ផ្ដល់​ភាព​ងាយ​ស្រួល កាត់បន្ថយ​ការ​ចំណាយ​ពេល​វេលា៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ