លើកទី១ ស៊ឹម ស្រីនិច ស្គាល់រសជាតិត្រូវគេវាយឡើងទ្រោមខ្លួន

  • 2019-01-21 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ ស៊ឹម ស្រី​និច ​ប្រាប់​ថា ​ខ្លួន​ត្រូវ​គេ​វាយ​ឡើង​ទ្រោម​ខ្លួន ​ឈឺ​ជាំ​ពេញ​សាច់ ​ហើយ​ត្រូវ​ភ្លក់​រស​ជាតិ​លំបាក​សព្វ​បែប​យ៉ាង ​ជា​លើក​ទី​១ តាំង​ពី​ចូល​ប្រឡូក​សិល្បៈ​ជាង​២​​ឆ្នាំ​មក​នេះ។

​ទោះ​ជា​ត្រូវ​ឈឺ​ពេញ​ខ្លួន​យ៉ាង​ណា ក៏​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ ​មិន​រួញ​រា​​ដែរ ដោយសារ​តែ​រឿង​ដែល​កញ្ញា​សម្ដែង​មាន​ចំណងជើង​ថា "​កញ្ញា​ជើង​ខ្លាំង​" តម្រូវ​ជា​​តួ​អ្នក​ប្រដាល់​ បើ​ទោះ​តារា​ជា​ច្រើន​​មិន​ប្រាថ្នា​ថត​រឿង​មាន​ឈុត​វាយ​ទាត់​ធាក់ ​ក្តី។

ស្រី​និច​ថា ​បាន​ហាត់​រៀន​ក្បាច់​ល្បុក្កតោ​ខ្លះ​ៗ​ពី​មុន ​ដូច្នេះ​ហើយ​ ពេល​ដល់​ឈុត​ត្រូវ​ប្រដាល់​លើ​សង្វៀន មិន​សូវ​សម្ដែង​ទៅ​ឆ្គង​នោះ​ទេ។ ​ប៉ុន្តែ​ក្រៅ​ពី​ជួប​ការ​លំបាក​ គេ​វាយ​មាន​ពេល​ខ្លះ​ហើម​មុខ ប៉ោង​សាច់​ ស្រី​និច នៅ​ត្រូវ​​ជួប​ឈុត​ធ្លាក់​ទឹក​ច្រើន​ដង ទាំង​ខ្លួន​មិន​ចេះ​ហែល​ទឹក និង​កម្សត់​ស្រក់​ទឹក​ភ្នែក​ថែម​ទៀត។

​ស្រី​ស្អាត​ទើប​ប្រឡូក​សិល្បៈ​រូប​នេះ ប្រាប់​ថា ​នេះ​ជា​លើក​ទី​១ ដែល​ខ្លួន​ត្រូវ​សម្ដែង​ជា​តួ​ស្រី​មាន​ចរិត​ដូច​មនុស្ស​ប្រុស ព្រោះ​កន្លង​មក​កញ្ញា ​បាន​ឱកាស​សម្ដែង​ភាគ​ច្រើន​ជា​តួ​មាន​ចរិត​ញ៉ិកញ៉ក់ ក្រមិច​ក្រមើម និង​សុភាព​ប៉ុណ្ណោះ។ ​វា​ជា​រស​ជាតិ​ថ្មី​ប្លែក​មួយ​សម្រាប់​កញ្ញា ​ហើយ​ទោះ​ត្រូវ​គេ​វាយ​ទ្រោម​ខ្លួន​​ក៏​ដោយ ​ក៏​ស្រី​និច សប្បាយ​ចិត្ត​ និង​ព្យាយាម​ចង់​សម្ដែង​ភាព​យន្ត​បែប​នេះ​បន្ត​ទៀត ព្រោះ​ត្រូវ​នឹង​អត្ត​ចរិត​របស់​ខ្លួន ចូល​ចិត្ត​អ្វី​ដែល​រឹងប៉ឹង និង​ក្លាហាន។ ម្យ៉ាង​ទៀត ស្រី​និច ​ចង់​ទទួល​បាន​ការ​កសាង​កេរ្តិ៍ឈ្មោះ​ពី​សិល្បៈ​ ដែល​ខ្លួន​ខំ​តស៊ូ​យ៉ាង​ខ្លាំង​ ក្នុង​វិស័យ​មួយ​នេះ។​​​

សម្រាប់​តួអង្គ​សម្ដែង​​ នៅ​ក្នុង​រឿង «​កញ្ញា​ជើង​ខ្លាំង » ក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ រួមមាន កញ្ញា ស៊ិ​ម ស្រី​និ​ច សម្ដែង​ជា​តួ​ស្រី​កូន​អ្នក​ក្រ​ ដែល​មាន​ចរិត​កាច​ឆ្នាស់ឆ្នើម មានចិត្ត​រឹងមាំ និង​ក្លាហាន។ ចំណែក​តួឯក​ប្រុស​វិញ​ គឺ​សម្ដែង​ដោយ​លោក សុខ សាន់​នី ដែល​មាន​ចរិត​អាក្រក់ តែ​ចិត្ត​ល្អ ក្រៅ​ពី​នេះ​មាន​តារា​ថ្មីៗ​ជាច្រើន​ទៀត ​ចូលរួម​ដូចជា អ្នកនាង ឌី លី​ណា , កុមារី អាំង សុជាតា, លោក ឧ​ត្ត​ម , ចេនឡា , ប្រ​សិ​ដ្ឋ និង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត៕

រូបភាព៖ FB Ah Nich

​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម