អាយុ​ត្រឹម​២២​ឆ្នាំ ប៉ុន្តែ​អ្នក​ជំនាញ​ថត​រូប​នេះ​មាន​ទេព​កោសល្យ​មិន​សរសើរ​មិន​បាន

  • 2019-01-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​វ័យ​តែ២២​ឆ្នាំ ផុន ឆៃយុទ្ធ ជា​អ្នក​ជំនាញ​ថត​រូប​បែប​ទម្រង់​ហ្វេសិន​ប្លែកៗ​ស្រស់​ស្អាត ប្រកប​ទៅ​ដោយ​ទឹក​ដៃ​មិន​ធម្មតា និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​សុទ្ធ​តែ​តារា​ម៉ូដែល​លំដាប់​ខ្ពស់​នៅ​ប្រទេស​កម្ពុជា។

ឆៃយុទ្ធ

ប្រាប់​មក​កាន់ Sabay យុទ្ធ​និយាយ​ថា​ ខ្លួន​ចាប់​ផ្ដើម​ចូល​ចិត្ត​ថត​រូប​ដំបូង តាំង​ពី​ជំនាន់​ទូរស័ព្ទ​ iPhone 3 មក​ម្ល៉េះ ដោយ​សារ​តែ​ជំនាន់​នោះ​មាន​តែ​​ទូរស័ព្ទ​ប្រភេទ​នេះ​ទេ ដែល​អាច​ថត​រូប​បាន​ច្បាស់​បើ​ប្រៀប​ធៀប​នឹង​កាមេរ៉ា​​ទូរស័ព្ទ​ប្រភេទ​ដទៃ​ទៀត។ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្ម័គ្រចិត្ត​មួយ ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​ជាមួយ​ ជន​បរទេស​ដែល​មាន​ប្រភេទ​ម៉ាស៊ីន​ថត​ម៉ាក​ទំនើប​ៗ លោក​ក៏​ចាប់​ផ្ដើម​សាក​ប្រើ​​កាមេរ៉ា​ទាំង​នោះ​ ហើយ​ក៏​ពេញ​ចិត្ត​នឹង​គុណភាព។

​ក្រោយ​មក​ទៀត​ យុទ្ធ​ ក៏​ចាប់​ផ្ដើម​ចូល​ចិត្ត​ហើយ​ចង់​បាន​កាមេរ៉ា​ផ្ទាល់​ខ្លួន​ដើម្បី​ថត​រូប​។ "ហ្នឹង​​ហើយ​បង ពេល​ចង់​បាន​កាមេរ៉ា​ដំបូង​ហើយ ក៏​ស្រាប់​តែ​​បែក​គំនិត​ថត​រូប​បែប​ហ្វេសិន​សាក​តែ​ម្ដង"។ យ៉ុទ្ធ​ បញ្ជាក់។ ដំណាក់​កាល​ដំបូងៗ​រូប​ទាំង​នោះ​គឺ​នៅ​មាន​កម្រិត​ ពោល​គឺ​មិន​សូវ​ជា​ស្អាត​ខ្លាំង​ប៉ុន្មាន​ទេ ដែល​តម្រូវ​ឲ្យ​​លោក ស្វែង​រក​គំនិត​ថ្មីៗ​មិន​ថា​ជា​តាម​អ៊ីនធឺណិត ឬ​ក៏​មើល​តាម​អ្នក​ជំនាញ​ពី​មុនៗ​ជា​ដើម។

ជំហាន​បន្ទាប់ ឆៃយុទ្ធ​ ក៏​ចាប់​ផ្ដើម​ចេះ​ជ្រើស​រើស​ Concept ប្លែកៗ ឈុត​សម្លៀក​បំពាក់​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​និង Background ក៏​ដូច​ជា​ចេះ​ជ្រើស​រើស​តួ​ឲ្យ​សម​នឹង​អ្វី​ដែល​ចង់​បាន។ ចំណុច​សំខាន់​មួយ​ទៀត​គឺ ការ​ចេះ​ចាប់​ប្លង់​និង​ការ​កែ​ច្នៃ​រូប (Re-Touch) ឲ្យ​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត។ គិត​មក​ត្រឹម​ពេល​នេះ លោក​បាន​សហការ​ថត​រូប​ជាមួយ​ក្រុម​ហ៊ុន​ល្បីៗ​យ៉ាង​ច្រើន ដើម្បី​ផ្សព្វផ្សាយ​ផលិត​ផល​ល្បីៗ ដោយ​ក្នុង​នោះ​ប្រមូល​ផ្ដុំ​សុទ្ធ​តែ​កំពូល​តារា​ម៉ូដែល​ល្បីៗ​ធ្វើ​ការ​ជាមួយ​គ្នា។

គោល​បំណង​មួយ​​របស់​ អ្នក​ជំនាញ​ថត​រូប​នេះ​គឺ​ចង់​បង្កើត​ជា​សៀវភៅ​ឬ​ទស្សនាវដ្ដី​ ដើម្បី​បង្ហាញ​ពី​ទឹក​ដៃ​ថ្មីៗ​ក្នុង​ការ​ថត​រូប​បែប​​​ហ្វេសិន៕

នេះ​ជា​ស្នាដៃ​ខ្លះៗ​របស់ ឆៃយុទ្ធ៖

​​ ​

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម