មានទម្លាប់៣យ៉ាងនេះ ទោះជាកូនអ្នកមាន ក៏អាចធ្លាក់ខ្លួនក្រដោយមិនដឹងខ្លួនដែរ

  • 2019-01-22 04:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​រឿង​ចង់​ជោគជ័យ​ ចង់​មាន​បាន​ អ្នក​ណា​ៗ​ក៏​ចង់បាន ប៉ុន្តែ​បុគ្គល​មួយ​ចំនួន​ មិន​អាច​ដើរ​ទៅ​ដល់​គោល​ដៅ​នេះ ព្រោះ​​មាន​ទម្លាប់​មិន​ល្អ​ៗ​បាន​តោង​ជាប់​ប្រាណ​​។ យ៉ាង​ណា​ក្ដី​ សម្រាប់​យុវវ័យ​កម្ពុជា​ កុំ​បណ្ដោយ​ឲ្យ​ពេល​វេលា​កន្លង​ហួស​ គួរ​ណាស់​ខិតខំ​សិក្សា​​បង្កើន​សមត្ថភាព​ និង​ជំនឿ​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ នេះ​គឺ​ជា​ដំណោះ​ស្រាយ​ ដើម្បី​កែប្រែ​ទម្លាប់​អាក្រក់​មួយ​ចំនួន ឲ្យ​ដើរ​ទៅ​ដល់​គោលដៅ។ ​​​​​

១) ការ​វាយ​បំបាក់​ស្មារតី​ខ្លួន​ឯង

ពាក្យ​មួយ​ចំនួន​ដូចជា ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន ខ្ញុំ​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ ខ្ញុំ​ខ្វះ​ភាព​ជឿជាក់​ធ្វើ … សុទ្ធ​តែ​ជា​ការ​វាយ​បំបាក់​ស្មារតី​ខ្លួន​ឯង ទាំង​ដែល​អ្នក​​មិន​ទាន់​បាន​សាកល្បង​។ ផ្ទុយ​ទៅ​វិញ​ ​មិន​ថា​អ្វី​ក៏​ដោយ​ ឲ្យ​តែ​ចិត្ត​អ្នក​ស្រមើស្រមៃ​ និង​មាន​ភាព​ជឿជាក់​ នោះ​ចិត្ត​របស់​អ្នក​នឹង​ទទួល​បាន​វា​។ ​​

រូបតំណាង

ពី​ពេល​នេះ​តទៅ ​អ្នក​ត្រូវ​​ជំនួស​មក​វិញ​នូវ​ពាក្យ​ "ខ្ញុំ​អាច​ធ្វើ​បាន"។ រាល់​មនុស្ស​ជោគជ័យ​តែង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ ទៅ​លើ​គោលដៅ​របស់​ខ្លួន និង រៀប​ចំ​គម្រោង​រួច​ជា​ស្រេច​ដើម្បី​សម្រេច​វា។ ដូច្នេះ​អ្នក​គួរ​ បង្កើត​រូប​ភាព​ជោគជ័យ​មួយ​ឲ្យ​ខ្លួន​ឯង​ បង្កើត​និយម​ន័យ​នៃ​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ ហើយ​ត្រូវ​ជឿ​ថា​អ្នក​អាច​សម្រេច​បាន​នូវ​រឿង​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន។

  ២) ខ្វះ​ការ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​

បុរស ឬ ស្ត្រី​ដែល​ជោគជ័យ​ គឺ​ជា​មនុស្ស​ដែល​ធ្វើ​ការ​ស្ទើរ​គ្រប់​ពេល​ទាំង​អស់​លើ​ការងារ​អាទិភាព​របស់​ខ្លួន។ ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន​មួយ​ជោគជ័យ​ដូច​ពួក​គេ​ អ្នក​ត្រូវ​ជម្រុះ​ចោល​ការងារ​តូច​តាច​មិន​សំខាន់​ មិន​ជះ​ឥទ្ធិពល​ដល់​គោលដៅ​របស់​អ្នក​ ចេញ​ឲ្យ​ឆ្ងាយ​ ពី​ការងារ​ធំ​របស់​អ្នក​។ ការ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​ គឺ​ជា​គោលដៅ ត្រូវ​សរសេរ​ចេញ​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​ប្រចាំ​សប្ដាហ៍​ ប្រចាំ​ខែ ឬ ប្រចាំ​ឆ្នាំ​។ ត្រូវ​កំណត់​ខ្លួន​ឯង​តើ​អ្នក​ត្រូវ​ចំណាយ ​ពេល​ប៉ុន្មាន​សម្រាប់​ការងារ​ទាំង​នោះ​ ហើយ​ពេល​ប៉ុន្មាន​សម្រាប់​ការងារ​ដែល​គ្មាន​សារសំខាន់។

  ៣) ការ​ធ្វើ​អ្វី​ដោយ​ឥត​ព្រាង​ទុក​

​អ្នក​ត្រូវ​តែ​បង្កើត​រូបមន្ត​ជោគជ័យ​មួយ​ឲ្យ​ខ្លួន​ឯង​ជា​មុន​សិន ​ហើយ​អ្នក​ត្រូវ​អនុវត្តន៍​រូបមន្ត​នោះ​ម្តង​ហើយ​ម្តង​ទៀត​ ឲ្យ​បាន​ច្រើន​ដង​។ អ្នក​ត្រូវ​តែ​ចេះ​លួច​មើល​ពី​សកម្មភាព​ជោគជ័យ​របស់​បុគ្គល​ដទៃ ព្រោះ​ពួក​គេ​បាន​ជោគជ័យ​មុន​អ្នក​រួច​ទៅ​ហើយ ហេតុ​ដូច​នេះ​វា​អាច​ជា​គំរូ​មួយ​ ដែល​អ្នក​គួរ​រៀន​តាម។

ប្រសិន​បើ​សកម្មភាព​នេះ​ជោគជ័យ​សម្រាប់​នរណា​ម្នាក់ វា​ក៏​អាច​ជោគជ័យ​ផង​ដែរ​សម្រាប់​អ្នក  រហូត​ធ្វើ​ឲ្យ​គំរូ​ដែល​អ្នក​រៀន​តាម​ទាំង​នោះ​ក្លាយ​ជា​ទម្លាប់ នឹង វិន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក។

ប្រភព៖ CAMHR Career Development

អត្ថបទ៖ ស៊ិន សាវ៉េត