«អន្ទង​វិញ្ញាណ» សម្ពោធ​ដាក់​បញ្ចាំង​យប់​មិញ រន្ធត់​ផ្អើល​រោង​ភាពយន្ត

  • 2019-01-23 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​ភាពយន្ត «អន្ទង​វិញ្ញាណ» ដែល​ជា​ស្នា​ដៃ​ទី​៤​ របស់​ផលិតកម្ម Wonderfilm បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​រោង​ភាពយន្ត​ Major Cineplex សែន​សុខ​ មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ។

សាច់​រឿង​ភាពយន្ត​នេះ​គឺ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​ និង​មាន​ឈុត​ឆាក​ភ័យ​រន្ធត់​ជា​ច្រើន​​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អង្គុយ​លើ​កៅអី​មិន​នឹង​។ ទោះ​បី​ជា​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បាន​ចូល​ទស្សនា​យ៉ាង​ណា​ក្ដី​ ផលិតករ​រឿង​នេះ​និង​តួ​ឯក​ស្រី បាន​បង្ហើប​ថា​ខ្លួន​មិន​ទាន់​សង្ឃឹម​ច្រើន​នៅ​ឡើយ​ទេ។

ជុំវិញ​ការ​ដាក់​បញ្ចាំង​រឿង​នេះ លីង​លីង​ ដែល​ជា​តួ​ឯក​ស្រី​បាន​ឆ្លើយ​តប​មក​កាន់​​ Sabay ថា​ទោះ​បី​ជា​ភាពយន្ត​បែប​ខ្មោច​រន្ធត់​នៅ​ក្នុង​ស្រុក​មាន​ច្រើន​ ដូច្នេះ​នាង​មាន​តែ​ខិត​ខំ​សម្ដែង​យ៉ាង​ណា​ឲ្យ​កាន់​តែ​ដូច​ការ​ពិត​ ធ្វើ​អ្នក​ទស្សនា​កាន់​តែ​រន្ធត់​មួយ​កម្រិត​ទៀត​។ "ចាស​បង ដោយ​សារ​តែ​ពេល​នេះ​ភាពយន្ត​បែប​រន្ធត់​កំពុង​​តែ​មាន​ទី​ផ្សារ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​សម្ដែង​យ៉ាង​ណា​ឲ្យ​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត ឲ្យ​អ្នក​ដែល​ទស្សនា​មើល​ទៅ​គឺ​ប្រៀប​ដូច​ជា​ហេតុការណ៍​កើត​ឡើង​ពិតៗ​អីចឹង ចំពោះ​តួ​សម្ដែង​បែប​កំប្លែង​ឬ​មនោសញ្ចេតនា ខ្ញុំ​នឹង​រៀន​បន្ថែម​ទៀត​ពេល​ក្រោយ។" អ្នក​នាង​ លីងលីង​ បញ្ជាក់។

គូស​បញ្ជាក់​ថា​ភាពយន្ត​នេះ​គឺ​ជា​ភាពយន្ត​ថ្មី​បន្ត​ភាគ​ពី​រឿង​ចាស់ "ស្នូរ​ជើង​អ្នក​ណា" ដែល​មាន​សាច់​រឿង​បន្ត​បន្ទាប់​គ្នា។ ជុំ​វិញ​ការ​ថត​ភាពយន្ត​ «អន្ទងវិញ្ញាណ» លោក​ សែម​ វិសាល ម្ចាស់​ផលិតកម្ម Wonderfilm Cambodia ថ្លែង​ថា​ភាពយន្ត​នេះ​បាន​ចំណាយ​ដើម​ទុន​អស់​ច្រើន​ជាង​រឿង​មុនៗ ដោយ​សារ​ចំណាយ​ពេល​ថត​ដល់​ប្រទេស​ថៃ​ឯណោះ​ ដើម្បី​ផ្ដិត​យក​ទេស​ភាព​ស្រស់​ស្អាត​ប្លែក​ៗ​ បូក​រួម​ជាមួយ​តំបន់​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា
លោក សែម​ វិសាល ម្ចាស់​ផលិតកម្ម Wonderfilm Cambodia

ខ្សែភាពយន្ត«អន្ទងវិញ្ញាណ» បង្កប់នូវអំបិយជំនឿប្លែកៗ ទាំងកោដ្ឋ ទាំងអារក្សដុះស្នែងដែលសុទ្ធសឹងតែជាជំនឿ​បុរាណ​ដែល​លក្ខណៈ​សាកល និងបុរាណ។ «កោដ្ឋ» ត្រូវបានប្រជាជនខ្មែរប្រើដាក់សព ឬ ឆ្អឹង ធាតុ ជនដែលកាន់តាមព្រះពុទ្ធសាសនាក្នុង សង្គម។ តែកាលដំបូងភាគច្រើនគេប្រើកោដ្ឋដើម្បីដាក់សពអ្នកដែលមានឋានៈជា ព្រះរាជា និងព្រះរាជវង្សានុវង្ស, ព្រះសង្ឃ ឬអ្នកទាំងឡាយផ្សេងទៀតដែលព្រះមហាក្ស័ត្រិយ៍ទ្រង់ព្រះរាជានុញ្ញាតិ។ ហេតុដូចនេះ «កោដ្ឋ» មានន័យធំណាស់ក្នុងសង្គមខ្មែរ។

ចំណែក អារក្សដែលជាបុគ្គលមួយរូបដែលមាននៅគ្រប់ជំនឿបុរាណទាំងជំនឿប្រពៃណីសាកល ហើយជាស្តេចខ្មោចដុះស្នែង មាន ឈ្មោះ ថៈសកៈ ជាយមទូតទ្វារនរក មុននឹងវិញ្ញាណទៅដល់ស្ពានឆ្លងស្ទឹង វេតៈរណី ដែលតែងតែស្លៀកពាក់ពណ៌ក្រហម ឬខ្មៅ ដែលឈរនៅទ្វារនរកចាំបោះមនុស្សទៅក្នុងស្ថាននរក។ អបិយជំនឿទាំងនេះសុទ្ធសឹងតែរំលេចក្នុងភាពយន្ត «អន្ទងវិញ្ញាណ»។

ភាពយន្ត​នេះ នឹង​ចាប់​ដាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​​២៤ ខែ​មករា​ឆ្នាំ ២០១៩​នេះ​ហើយ៕

ទីដ្ឋភាព​ខ្លះៗ ពី​កម្មវិធី​សម្ពោធ​ដាក់​បញ្ចាំងរឿង «អន្ទងវិញ្ញាណ»៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី