សង្វេគណាស់ ឪពុកតារា រឿន សារ៉ាត់ ពោលពាក្យថា "ចប់"​ពេលកូនស្លាប់ដោយសារលង់ទឹក ទាំងវ័យក្មេង

  • 2019-01-23 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរណភាព​របស់​​តារា​សម្ដែង​ រឿន សា​រ៉ាត់ ​បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​តក់​ស្លុត​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​លោក​ទើប​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​​ មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​ត្រូវ​លា​អ្នក​គាំ​ទ្រ​បាត់​ទៅ​ហើយ។

ឪពុករបស់ លោក រឿន សារ៉ាត់ (ពាក់អាវស)

បើ​តាម​ឪពុក​របស់​តារា​វ័យ​២៣​ឆ្នាំ​នេះ ​ប្រាប់​ថា មុន​ថ្ងៃ​កើ​ត​ហេតុ កូន​ប្រុស​បាន​សុំ​ឪពុក​ថា​ទៅ​ថត នៅ​ខេត្ត​ព្រះ​សី​ហ​នុ និង​កំពត ដោយ​ទៅ​ជាមួយ​មិត្តភ័ក្ដិ និង​លោក យូ ឌី​ស្កូ ​ផង​ដែរ។ ​ប៉ុន្តែ​ដំណើរ​ដើម​ទង​យ៉ាង​ណា លោក​មិន​ដឹង​ច្បាស់​នោះ​ទេ ។

​ក្រោយ​ពេល​បាត់​បង់​កូន​ប្រុស​ច្បង​រូប​នេះ ​ក្រុម​គ្រួសារ​ទាំង​មូល​កំពុង​ស្ថិត​ក្នុង​ភាព​លំបាក​កាន់​តែ​ខ្លាំង ព្រោះ​កន្លង​មក ជីវភាព​ទាំង​មូល​ បាន​ពឹង​ផ្អែក​លើ​ចំណូល​របស់​លោក រឿន សារ៉ាត់ ទាំង​ស្រុង ​។​ឪពុក​របស់​តារា​រូប​នេះ​មាន​វ័យ​កាន់​តែ​ចាស់ មាន​ជំ​ងឺ​លើស​ឈាម​ ម្ដាយ​មាន​ជំ​ងឺ​បេះ​ដូង ​ហើយ​ប្អូន​ប្រុស​ពៅ​អាយុ​២២​ឆ្នាំ​វិញ ​មាន​សុខភាព​មិន​មាំ​ទាំ​នោះ​ឡើយ។

ឪពុក​របស់​តារា​រូប​នេះ ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា ផ្ទះ​របស់​លោក​ធ្លាប់​ត្រូវ​ចោរ​ចូល​លួច​អស់​គ្មាន​សល់ ពេល​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ។ ​ដូច្នេះ​ហើយ លោក​ក៏​រើ​មក​រស់​នៅ​ភ្នំពេញ ជួល​ផ្ទះ​គេ​មួយ​ខែ ៦០​ដុល្លារ ដោយ​រត់​ម៉ូតូឌុប ។ ខំ​តស៊ូ​រហូត​កូន​ប្រុស​បាន​រៀន​ដល់​សាកលវិទ្យាល័យ និង​មាន​ការងារ​ល្អ​នៅ​ក្នុង​សិល្បៈ ធ្វើ​ឲ្យ​លោក​ជា​ឪពុក​សប្បាយ​ចិត្ត​ណាស់។ ​ដោយ​សារ​តែ​លោក​មាន​ជំងឺ​និង​អាយុ​កាន់​តែ​ច្រើន​ផង ​លោក សារ៉ាត់​ សុខ​ចិត្ត​រ៉ាប់​រង​គ្រួសារ​ទាំង​មូល ​តែ​ពេល​នេះ​កូន​ប្រុស​​បែរ​ជា​​ទៅ​មុន​ ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​ត្រូវ​លិច​លង់​ម្ដង​ទៀត៕

ឪពុក​របស់​តារា​កម្សត់​ស្លាប់​ដោយសារ​លង់​ទឹក ​រូប​នេះ ​និយាយ​ដោយ​ពាក្យ​មួយ​ម៉ាត់​ខ្លី​ថា "​ចប់" នៅ​ពេល​លែង​មាន​វត្តមាន​កូន​ប្រុស​ច្បង​បន្ត​ទៀត ។ ​សមាជិក​ក្នុង​ផ្ទះ​វិញ សុទ្ធ​តែ​មាន​សុខភាព​ទន់​ខ្សោយ ធ្វើ​ឲ្យ​លោក​កាន់​តែ​ពិបាក​ចិត្ត មិន​ដឹង​ថា​ត្រូវ​រស់​នៅ​​យ៉ាង​ណា​នោះ​ទេ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម