ថៃ បន្តប្រើ Drone កម្ចាត់អ័ព្ទ និងធូលីពុលចេញពីទីក្រុង

  • 2019-01-23 07:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​នៃ​ប្រទេស​ថៃ កំពុង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដើម្បី​ទប់​ស្កាត់​អ័ព្ទ និង​ធូលី​ពុល កម្រិត PM2.5 ដែល​បាន​គ្របដណ្ដប់​លើ​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ អស់​រយៈពេល​ជាង​ពីរ​សប្ដាហ៍​មក​ហើយ។

យោង​តាម​នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​ការពារ​ជាតិ (DTI) ដែល​កំពុង​ធ្វើ​ការ​ជាមួយ​ស្ថាប័នរដ្ឋ និង​ទីភ្នាក់ងារ​សាធារណៈ​ផ្សេង​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​នេះ បាន​ឲ្យ​ដឹង​ថា Drone ចំនួន ១២គ្រឿង​ដែល​ផ្ដល់​ដោយ​ស្ថាប័នរដ្ឋ និង​ឯកជន នឹង​ត្រូវ​បាន​ប្រើ​សាកល្បង​ក្នុង​បេសកកម្ម​នេះ។

យន្តហោះ​គ្មាន​មនុស្ស​បើក ចំនួន​៦គ្រឿង​ម្ដង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​បាញ់​ទឹក​ពី​លើ​ឧទ្យាន Vachirabenjatas នៅ​ក្នុង​សង្កាត់ Chatuchak ចំពោះ​ការ​សាកល្បង​នោះ។ ពួក​វា​បាញ់​ទឹក​នៅ​កម្ពស់ ២៥ម៉ែត្រ​ពី​ដី រយៈ​ពេល​ពី ៣០-៤០នាទី។ ជា​លទ្ធផល វា​អាច​កាត់​បន្ថយ​ធូលី​ដល់​ទៅ ១០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប។

គួរ​បញ្ជាក់​ថា ប្រសិន​បើ​លទ្ធផល​ល្អ នៅ​សប្ដាហ៍​នេះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នឹង​ត្រូវ​ដាក់​ពង្រាយ នៅ​លើ​ឧទ្យាន Vachirabenjatas និង Chatuchak ព្រម​ទាំង​តំបន់​ជុំវិញ​មន្ទីរពេទ្យ Phramongkutklao និង Veterans General ផង​ដែរ។ ទន្ទឹម​នឹង​នេះ លោក​នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាន​ប្រកាស​ថា ការ​សាកល្បង​ខាង​លើ គឺ​ទទួល​បាន​ជោគជ័យ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង