មកដឹងពីលក្ខណៈសម្បត្តិរបស់កាស AirPods ជំនាន់ទី ២ រៀបចេញនាពាក់កណ្ដាលឆ្នាំនេះ
- 2019-01-24 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីលក្ខណៈសម្បត្តិរបស់កាស AirPods ជំនាន់ទី ២ រៀបចេញនាពាក់កណ្ដាលឆ្នាំនេះ
ចន្លោះមិនឃើញ
បើតាមរបាយការណ៍នាពេលថ្មីៗនេះ របស់ Digitimes បានលើកឡើងថាកាសឆ្កុយ ឥតខ្សែរបស់ Apple ដែលពេញនិយមបំផុតគឺ AirPods នោះនឹងចេញជាម៉ូដែលថ្មីរបស់ខ្លួន ដែលអាចមានឈ្មោះថា AirPods 2 ក្នុងអំឡុងពេលពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។ នៅក្នុងរបាយការណ៍នោះទៀត Digitimes បានលើកឡើងថា AirPods 2 អាចនឹងមានរូបរាងថ្មី ដោយមានការភ្ជាប់មកជាមួយនូវមុខងារតាមដានសុខភាពទៀតផង តែមិនបានលម្អិតថាមុខងារនោះនឹងដំណើរការដូចម្ដេចឡើយ។
និយាយពីមុខងារសុខភាពនេះ Apple សឹងតែជាក្រុមហ៊ុននាំមុខគេទៅហើយ បើប្រៀបធៀបទៅនឹងក្រុមហ៊ុននានាដូចជា Samsung ឬក៏ Sony ព្រោះនាឡិកាឆ្លាតវៃរបស់ខ្លួន Apple Watch ជាឧបករណ៍តាមដានសុខភាពដ៏ល្អមួយ ហើយក៏ជានាឡិកាឆ្លាតវៃដែលលក់ដាច់បំផុតក្នុងពិភពលោកដែរ។
មុខងារពិសេសមួយទៀតដែលគេអាចនឹងឃើញមានក្នុង AirPods 2 នោះ គឺការសាកថ្មប្រអប់វា ដោយមិនប្រើខ្សែ (wireless charging) ដែលប្រអប់ AirPods សព្វថ្ងៃអាចសាកបានដោយប្រើតែឌុយ Lightning ដូច iPhone តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិនេះ អាចមានសង្ឃឹមខ្ពស់ខ្លាំងថានឹងក្លាយជាការពិត ព្រោះគេបានទទួលដំណឹងពីការចាប់ផ្ដើមសង្វាក់ផលិតកម្មឆ្នាំងសាកឥតខ្សែ Apple AirPower ដែលអាចសាក iPhone, Apple Watch និង AirPods ដែលមានប្រអប់គាំទ្រមុខងារសាកថ្មដោយឥតខ្សែ ក្នុងពេលតែមួយតាំងតែពីចុងឆ្នាំ ២០១៧ មកម៉្លេះ។
ចំពោះ មុខងារផ្សេងៗដែលគេរំពឹងទុកថាអាចនឹងមាននៅក្នុង AirPods 2 ជំនាន់ចុងក្រោយនោះ គឺការដឹងពីកម្រិតសំឡេងត្រឹមត្រូវពេលដាក់ក្នុងត្រចៀក មុខងារហៅ Siri បញ្ជាដោយសំឡេង "Hey Siri” និងចុងក្រោយ គឺការការពារពីការខ្ទាតទឹកប៉ះ ឬក៏ទប់ការចូលធូលី និងទឹកកម្រិតស្រាលជាដើម (Splash Proof or Water Resistance)។
ចាំមើលថា កាសឥតខ្សែ AirPods 2 របស់ Apple ចេញមកមានរូបរាងប្លែក និងមុខងារថ្មីអស្ចារ្យយ៉ាងណានោះ មានតែចាំមើលត្រឹមពាក់កណ្ដាលឆ្នាំ ជាមួយ Sabay ទាំងអស់គ្នា។
ចុចអាន៖