ចិនបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់នៅខែមីនា ខាងមុខនេះ
- 2019-01-26 03:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់នៅខែមីនា ខាងមុខនេះ
ចន្លោះមិនឃើញ
ប្រសិនបើមិនមានអ្វីប្រហែលប្រួលនោះទេ ផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់ នៅអំឡុងខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានលើកឡើងក្នុងសន្និសីទបូកសរុបលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅស្ថានទូតចិនប្រចាំកម្ពុជា។
ឯកឧត្ដម Wang Wentian បានលើកឡើងថា ផ្លូវល្បឿនលឿននេះ គឺមានប្រវែង ១៩០គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយថវិកាប្រមាណជាង ២ ០០០លានដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុនេះ មានប្រវែងសរុប១ ៩០គីឡូម៉ែត្រ ដែលត្រូវសាងសង់ ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។
គម្រោងផ្លូវ ល្បឿនលឿននេះ នឹងត្រូវឆ្លងកាត់រាជធានី ខេត្តចំនួន៤ គឺរួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះ គឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានលើកឡើងថា ផ្លូវល្បឿនលឿននេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ពិសេសគឺភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ និងខេត្តព្រះសីហនុ៕