ខ្លោចចិត្ត! មុនអស់ដង្ហើម Aloysius ខំពោលពាក្យ ១ឃ្លានេះទៅម្ដាយទាំង​ខ្លួនកំពុងឈឺចាប់

  • 2019-01-28 04:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មរណភាព​របស់​តារាសម្ដែង​វ័យ​ក្មេង​ប្រចាំ​សិង្ហបុរី​ Aloysius Pang ទាំង​ក្រុម​គ្រួសារ​ មិត្តរួមអាជីព និង​អ្នកគាំទ្រ​ពិតជា​មាន​ការ​សោកស្ដាយ​ជាពន់ពេក​រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំ​បាន​ ព្រោះ​វា​មាន​រយៈ​ពេល​ខ្លីពេក។

កាន់​តែ​ក្ដុកក្ដួល​ ទោះ​បី​ខ្លួន​រង​របួស​ក៏​ដោយ​ ប៉ុន្តែ​ចិត្ត​គំនិត​របស់​ Aloysius នៅតែ​បារម្ភ​គិត​ពី​ម្ដាយ​ជានិច្ច។ ម្ដាយ​របស់​លោក​ គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ឃើញ​សភាព​របស់​ Aloysius ពេល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ ដោយសារកូន​ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន​បែប​នេះ​ អ្នកស្រី​យំ​រហូត​ ប៉ុន្តែ​សម្រាប់​ Aloysius ជា​កូន​វិញ​ ពេល​ឃើញ​ម្ដាយ​យំ​មិនឈប់ ក៏​ខំ​ប្រាប់​ និង​លួង​ម្ដាយ​ កុំ​ឲ្យ​យំ។

និយាយ​ក្នុង​ពិធី​បុណ្យ​សព​ កាល​ពី​ថ្ងៃអាទិត្យ​ ទី​ ២៧ ខែ​មករា​កន្លងទៅ បងប្រុស​ធំ​របស់​ Aloysius គឺ​លោក​ Jefferson បាន​និយាយ​ថា៖ "នៅពេល​ម្ដាយ​ខ្ញុំ​យំលើ​គ្រែ​របស់​ Aloysius ពាក្យ​ដំបូង​ដែល​គាត់​និយាយ​ទៅ​កាន់​ម្ដាយ​គឺ 'ម៉ាក់ កុំ​យំ បើ​ម៉ាក់​យំ​ កូន​ក៏​យំ​ដែរ ហើយ​កូន​រឹត​តែ​ឈឺ​ចាប់។ ប៉ុន្មាន​ថ្ងៃ​ទៀត​ កូន​នឹង​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​ហើយ ហើយ​ចាំ​កូន​នាំ​ម៉ាក់​ទៅ​ដើរ​លេង​កាស៊ីណូ​នៅ​ប្រទេស​ណូវែលហ្សេឡង់'​”។

បង​ប្រុស​ដដែល​បាន​បន្ត​ថា៖ "អ៊ីចឹង​ហើយ​ ពេល​ខ្ញុំ​ឃើញ​រូបភាព​ទាំង​នេះ​ កើត​ឡើង​ចំពោះ​ប្អូន​ខ្ញុំ ខ្ញុំ​អាច​យល់​បាន​ថា​ គាត់​មាន​អារម្មណ៍​ឈឺចាប់​ណាស់ ហើយ​មនុស្ស​សំខាន់​​ដែល​គាត់​គិត​មុនគេ​គឺ ម៉ាក់”។

សូម​បញ្ជាក់​ផងដែរ​ថា​ តារា​សម្ដែង​ Aloysius Pang បាន​រង​របួស​ធ្ងន់​ អំឡុង​ពេល​ហាត់​សម​បាញ់​កាំភ្លើង​នៅ​ប្រទេស​ណូវែលហ្សេឡង់កាល​ពីថ្ងៃទី ១៩ ខែមករា។ ថ្ងៃ​នោះ​ លោកត្រូវ​សម​ហាត់​បាញ់​កាំភ្លើង​ជាមួយ​មិត្ត​ផ្សេង​ទៀត ប៉ុន្តែ​ជា​រឿង​ចៃដន្យ​គ្រាប់​កាំភ្លើង​ធ្លាយ​ចេញ​មក តម្រង់​ចំ​ទ្រូង​ និង​ ពោះ​របស់​ Aloysius តែម្ដង។ ភ្លាមៗ​ លោក​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​សង្គ្រោះ​ ប៉ុន្តែ​ដោយសារ​សភាព​ធ្ងន់​ធ្ងរពេក តារា​ប្រុស​រូបនេះ​ក៏​ត្រូវ​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​ ២៣ ខែមករា ក្នុង​វ័យ​ ២៨ឆ្នាំ។

លោក​គឺជា​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​សំណាក់​មនុស្សជុំ​វិញ​ខ្លួន​ជាច្រើន។ តារា​ប្រុស​ត្រកូល Pang នេះ​ជា​មនុស្ស​ដែល​ខិត​ខំ​ធ្វើ​ការ​មិនខ្លាច​នឿយហត់ មាន​ទឹកចិត្ត​ល្អចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួន ជា​កូន​ប្រុស​ដែល​គោរពស្រឡាញ់​ឪពុក​ម្ដាយ និង​គោរព​អ្នក​ជុំវិញ​ខ្លួនជានិច្ច។ ការបាត់បង់​ Aloysius គឺ​ជា​ការ​បាត់​បង់​ធនធាន​ដ៏​សំខាន់​​ម្នាក់​របស់​សិង្ហបុរី​ ក្រោយ​លោក​បាន​បម្រើ​ជាតិ​ និង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ ដើម្បី​បម្រើ​អារម្មណ៍​មនុស្ស​ជា​ច្រើន ហើយ​បើ​ទោះ​លោក​ឃ្លាត​ទៅ​ភព​ផ្សេង​ទៀត​ក៏ពិត​មែន ប៉ុន្តែ​ស្នាដៃ​ និង​អំពើ​ល្អ​ទាំងឡាយ​របស់​លោក នឹង​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​មនុស្ស​គ្រប់​គ្នា​ដែល​ស្គាល់​លោក៕

បងប្រុសរបស់ Aloysious

ប្រភព៖ Stomp   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម