កំណាយព្រះវិហារព្រះពុទ្ធសាសនានៅអង្គរធំ រកឃើញរឿងរ៉ាវភ្ញាក់ផ្អើលបំផុតពីព្រះពុទ្ធ

  • 2019-01-31 07:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោងព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទចំនួន៨ទីតាំងនៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។ គម្រោងនេះមានរយៈពេលជិត១ខែ ចាប់ផ្តើមពីថ្ងៃទី១១ ខែមករា ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បេក្ខភាពបណ្ឌិត Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ដែលជាបុរាណវិទូនៃសាកលវិទ្យាល័យជាតិតូរូនតូបានឱ្យដឹងថា ការរកឃើញខឿនព្រះវិហារព្រះពុទ្ធសាសនានៅអង្គរធំគឺជាង១០០ឆ្នាំមកហើយដោយជនជាតិអាមេរិក បារាំង និងខ្មែរ ដែលមានចំនួនសរុប៧០កន្លែង។ ប៉ុន្តែការធ្វើកំណាយស្រាវជ្រាវសាកល្បងគឺតែពីរខឿនព្រះវិហារព្រះពុទ្ធសាសនាទេ។ កន្លងមក មានការស្រាវជ្រាវតិចតួចណាស់អំពីសំណង់ខឿនពុទ្ធសាសនាថេរវាទនៅអង្គរដូច្នេះទើបសាកលវិទ្យាល័យជាតិតូរូនតូសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសាកល្បងដើម្បីដឹងពីរចនាសម្ពន្ធសំណង់។ សំណង់នេះសាងសង់ពីស.វទី១៣ដល់ទី១៧នៃគ្រឹស្តសករាជ។ តើប្រាសាទព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយានសម័យអង្គរ ខុសគ្នាពីសំណង់ពុទ្ធសាសនាថេរវាទសម័យកណ្តាលដែលជាសម័យអន្តរកាលដូចម៉្តេច?

បេក្ខភាពបណ្ឌិត Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project

លោក Andrew បន្តថា ការស្រាវជ្រាវជំហានដំបូង គឺសម្អាតទីតាំងខឿនព្រះវិហារចំនួន៨កន្លែងផ្សេងៗគ្នា និងធ្វើកំណាយ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅខាងជើងក្លោងទ្វារទន្លេអុំ ចម្ងាយប្រហែល៥០០ម បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ-ចិន បំណែកព្រះហស្ថព្រះពុទ្ធ ទំហំប្រវែង៣៥សង់ទីម៉ែត្រ បល្ល័ង្គ និងរូបរាងរចនាសម្ពន្ធព្រះវិហារ។ ទីតាំងទី២ ស្ថិតនៅខាងលិចក្លោងទ្វារតាកាវប្រហែល៦០០ម គឺមិនមានចេតិយនៅក្រោយព្រះវិហារទេ មានតែខឿនរាបស្មើ មានផ្លូវចូលប្រវែង៥០ម៉ែត្រ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានបល្ល័ង្គខ្ពស់នៅពីលើខឿន។

រីឯផ្នែកខាងត្បូង មានខឿនខ្ពស់សម្រាប់ព្រះសង្ឃគង់។ បន្ថែមពីនោះមានយ៉នៅមុខព្រះវិហារធ្វើពីថ្មភក់និងថ្មបាយក្រៀម ដែលមានស្លាកស្នាមមានដំបូលប្រក់ក្បឿង និងមានដំរីនៅពីមុខផ្លូវចូលចំនួនមួយ ដែលដេកដួលជាមួយសន្លឹកសីមា (តាមការសន្និដ្ឋានគួរតែមានដំរី១គូ) ដែលដូចទៅនឹងខឿនព្រះវិហារនៅប្រាសាទតាទួត មានផ្លូវចូលក្រាលថ្មភក់លាយថ្មបាយក្រៀម និងដំរីអមផ្លូវ១គូ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលដែលបានរកឃើញទាំងនេះសបញ្ជាក់ថា ខឿនព្រះពុទ្ធសាសនាថេរវាទពិតជាមានប្រាកដ មានរូបរាងនិងទំហំខុសៗគ្នាច្រើនប្រភេទនៅអង្គរធំ។ ខឿនទាំងនេះបង្ហាញពីការចាប់ផ្តើមនៃសំណង់ព្រះពុទ្ធសាសនាថេរវាទនៅតំបន់អង្គរ ក៏ដូចនៅស្រុកខ្មែរទាំងមូល។ ទៅអនាគត យើងត្រូវធ្វើបញ្ជីខឿនព្រះពុទ្ធសាសនាទាំងនេះ បែងចែកប្រភេទ ធ្វើកំណាយស្រាវជ្រាវ និងប្រៀបធៀបជាមួយសំណង់ប្រភេទនេះនៅក្នុងតំបន់៕

លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោង

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ រូបភាព៖ ក្រសួងវប្បធម៌