ផ្ដាំបងប្អូន​ខ្មែរថែខ្លួនផង! កម្រិតខ្យល់កខ្វក់នៅថៃ កំពុងកើនឡើងដល់កម្រិតគ្រោះថ្នាក់ហើយ

  • 2019-01-31 10:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ប្រឹក្សា​ទទួល​បន្ទុក​ពលករ​ប្រចាំ​ប្រទេស​ថៃ​ ចេញ​សេចក្ដី​ណែនាំ​ដល់​ពលករ​កម្ពុជា​ជាពិសេស​ សូម​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ដោយ​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ ​សម្រាប់​បងប្អូន​ខ្មែរ​ស្នាក់​នៅ និង​ធ្វើការ នៅ​ទីក្រុង​បាងកក​ និង​តាម​បណ្តា​ខេត្ត​រង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កខ្វក់ PM2.5 នា​ពេល​ថ្មី​ៗ​នេះ​។

សេចក្ដី​ណែនាំ​នេះ ក្រោយ​​នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​បង្ហោះ​ភ្លាមៗ​លើ​ហ្វេសបុក​ផ្លូវការ​​​​ថា​ គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​ដោយ​មាន​កម្ទេច​ធូលី​ជា​ច្រើន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា PM2.5 នៅ​តំបន់​ចំនួន ៤១​ជុំវិញ​ទីក្រុង។ ចំណែក​ឯ​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ដែរ​ថា PM2.5 គឺ​ជា​ភាគ​ល្អិត​នៃ​ធូលី​ដែល​មាន​ទំហំ​តូច​ជាង ២,៥​មីក្រូម៉ែត្រ ហើយ​ត្រូវ​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​បំផុត​ដោយ​សារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត។

​អាស្រ័យ​​ហេតុ​នេះ​ អភិបាលក្រុង​បាងកក ​បាន​ចេញ​សេចក្តី​ប្រកាស​ឱ្យ​សាលា​រៀន​ទាំង​អស់​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំ​វិញ​ ចំនួន​៤៣៧កន្លែង បិទ​ទ្វារ​ផ្អាក​ការសិក្សា​បណ្តោះ​អាសន្ន ចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០១៩ ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់ PM2.5 នៅ​ក្នុង​តំបន់​ទីក្រុង​បាងកក​មាន​ការ​កើន​ឡើង​ជាលំដាប់ ​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។

ប្រភព៖ ហ្វេសបុកផេក ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ

អត្ថបទ៖ ស៊ិន សាវ៉េត