មិនមែនមានតែចិនទេ ឥឡូវជនជាតិថៃម្នាក់ ទៅបង្កើតរោងចក្រច្នៃផ្លែឈើនៅព្រះសីហនុ

  • 2019-02-01 08:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​មាន​អ្នក​វិនិយោគ​ទុន​ថៃ​ម្នាក់​​ បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​ ៣លាន​ដុល្លារ​ បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​ នៅ​ឃុំ​អូរឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

អ្នកវិនិយោគទុន​ ជនជាតិ​ថៃ​មួយ​រូប​នោះ​ បាន​សម្រេច​ចិត្ត​យ៉ាង​ក្លាហាន​ បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​មួយ​ នៅ​លើ​ផ្ទៃដី​ ១០ហិកតា នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំ​អូរ​ឧកញ៉ា​ហេ​ង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ( ជាប់​ផ្លូវ​ជាតិ​លេខ​៤​)​។ តាម​គម្រោង រោងចក្រ​នេះ​​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ៣​លាន​ដុល្លា និង​មាន​សម្ថតភាព​អាច​កែច្នៃ​ផ្លែ​ឈើ​មួយ​ចំនួន​ដូចជា៖ ផ្លែ​ស្វាយ​ ផ្លែ​ល្ហុង​ ផ្លែ​សាវម៉ាវ​ ផ្លែ​ម្នាស់​ ​ផ្លែ​ដូង​ជាដើម។ ក្នុង​អាច​ទទួល​បាន​ទិន្នផល​ពី​ ២០ ទៅ២៥​ តោន​ ក្នុងមួយថ្ងៃ​។

បើ​តាម​ប្រសាសន៍​ ឯកឧត្ដម យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ដឹង​ថា​​ នេះ​ជា​ចំណុច​ដែល​លោក​ចង់បាន​ក្នុង​អាណត្តិ​នេះ​។ នៅ​រវាង​ ៤ទៅ​៥​ ខែ​ទៀត​ ក្រោយ​ពី​រោងចក្រ​បាន​សាងសង់​រួច​ លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ តាម​រយៈ​វត្ត​មាន​រោងចក្រ​នេះ​ នឹង​ផ្ដល់​ការងារ​ចំនួន​២០០កន្លែង​ ជាពិសេស​ធ្វើ​ឲ្យ​កសិផល​របស់​កសិករ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ ដោយសារ​កន្លង​មក​ នៅ​រៀងរាល់​រដូវ​ប្រមូល​ផល​ ផ្លែ​ស្វាយ​ ផ្លែ​សាវម៉ាវ​របស់​ប្រជា​កសិករ​​ លក់​ចេញ​ក្នុង​តម្លៃ​ថោក​ សល់​ស្អុយ​រលួយ​ ខាត​ឡុងចុង​ ធ្វើ​ឲ្យ​ពួកគាត់​ គ្មាន​កម្លាំង​ចិត្ត​ គ្មាន​ជំនឿ​នឹង​ប្រកប​របរ​កសិកម្ម​​ត​ទៅ​ទៀត៕

  .

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ