កម្មវិធី​ទូរសព្ទ​និង​គេហទំព័រពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហមស្នាដៃនិស្សិត DMC ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ!

  • 2019-02-04 05:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្មវិធី​ទូរសព្ទ​ និង​គេហទំព័រ​ស្ដី​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហមថ្មី​មួយ​​ មាន​ឈ្មោះ​ថា «ទី​ចង​ចាំ​ ឬ Mapping Memories Cambodia (MMC) ស្នាដៃនិស្សិតនៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ ត្រូវបាន​​សម្ភោធនិង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​ហើយ ។

​ប្រធាន​គម្រោង​ទី​ចង​ចាំ​ ឬ Mapping Memories Cambodia (MMC) កញ្ញា​ ចាន់​ មុយ​ហុង​ បាន​ពន្យល់​អំពី​លក្ខណៈ​ពិសេស​នៃ​គម្រោង​នេះ​​ថា ៖ «កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​​ ទី​ចង​ចាំ​ ឬ​ MMC នេះ និយាយ​អំពី​ទី​តាំង​សំខាន់​ៗ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ ដោយ​បង្ហាញ​ទី​កន្លែង​សំខាន់ៗ​ទាំង​នោះ​ នៅ​លើ​ផែន​ទី​ប្រទេស​កម្ពុជា​តែ​ម្ដង។

ហើយ​មកទល់​ពេលនេះ យើង​បាន​ដៅ​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រមាណ​ជា​១៨​ហើយ​ មាន​ដូចជា​ ​ទី​ក្រុង​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ ខេត្ត​បាត់​ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់​ធំ​ ជាដើម​។

ខ្លឹមសារ​នៅ​ក្នុង​​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​ទី​ចង​ចាំ​នេះ គឺ​ជា​ការ​ផលិត ​ដោយ​និស្សិតដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ ជំនាន់​ទី​១៥​ និង​ទី​១៦ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈពេល​មួយ​ឆ្នាំ​សិក្សា​កន្លង​ទៅ​នេះ​ ដោយ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​កន្លែង​ និង​បាន​សម្ភាស​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​ពី​របប​ខ្មែរ​ក្រហម​។​

​ជាមួយ​គ្នា​នេះ​ដែរ កញ្ញា មុយ​ហុង​ ក៏​បាន​ឲ្យ​ដឹង​ពី​លក្ខណៈ​ពិសេសៗ​របស់​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​​នេះ​ថា​៖

“កម្មវិធី​ទូរសព្ទ និង​គេហទំព័រ​​ទី​ចង​ចាំ​ ឬ​ MMC មាន​លក្ខណៈ​ពិសេស​ចំនួន​ ៥​ រួមមាន​៖

  • ទី​១៖ វា​មាន​មុខងារ​​នាំ​ផ្លូវ​អ្នក​ប្រើ​ប្រាស់​ទៅ​កាន់​ទី​តាំង​ប្រវត្តិសាស្ត្រ​កើត​ហេតុ​ដោយ​​​ផ្ទាល់​ ដើម្បី​ឲ្យ​គាត់​បាន​ដឹង​រឿងរ៉ាវ ក៏​ដូចជា​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម តាម​រយៈ​បច្ចេកវិទ្យា​ជា​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ មាន​ដូច​ជា​ អត្ថបទ​ព័ត៌មាន ភាពយន្តឯកសារ​ខ្នាត​ខ្លី បទ​យក​ការណ៍​វិទ្យុ ​កម្រង​រូបភាព​ និង​ព័ត៌មាន​មាន​ប្រយោជន៍​ជាដើម។
  • ទី​២៖ គ្រប់​រឿងរ៉ាវ​នៅ​ក្នុង​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ គឺ​ធ្វើ​ឡើង​ជាពីរ​ភាសា។​ អ្នក​ប្រើប្រាស់​អាច​ជ្រើស​យក​ភាសា​ខ្មែរ​ ឬ​ ​អង់គ្លេស​។
  • ទី​៣៖ អ្នក​ប្រើ​ប្រាស់​ ក៏​អាច​ចែក​រំលែក​រឿង​រ៉ាវ​របស់​ពួក​គេ​ក្នុង​សម័យ​ខ្មែរ​ក្រហម មក​កាន់​គម្រោង​ ទី​ចងចាំ​ ផង​ដែរ។
  • ទី​៤៖ ស្រដៀងគ្នា​នឹង Facebook ​ អ្នកប្រើ​ប្រាស់​អាច​ផ្ដល់​ជា​មតិ​យោបល់​​នៅ​ទី​តាំង​ណា​មួយ​ ដែល​គាត់​ចាប់​អារម្មណ៍​ ឬ​ប្រាប់​នូវ​ព័ត៌មាន​​បន្ថែម​ទៀ​ត​ពី​តាំង​នោះ​​។
  • ទី​៥៖​ ទី​ចង​ចាំ​ មាន​ផ្នែក​ “ព័ត៌មាន​មានប្រយោជន៍” ឬ Factbox ដែល​ជា​អត្ថបទ​ខ្លីៗ​ អំពី​ព័ត៌មាន​ទាក់​ទង​នឹង​​ទី​តាំង​សំខាន់​ៗ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​បាន​ស្រាវ​ជ្រាវ​ និង​សរសេរ​ឡើង​ដោយ​ក្រុម​ការី​និពន្ធ​​របស់​គម្រោង​​ទី​ចងចាំ​ផ្ទាល់​តែ​ម្ដង​។

គម្រោង​ទី​ចង​ចាំ​ ឬ​ MMC នេះ​ ប្រើ​​រយៈ​ពេល​១៣​ខែ​ក្នុង​ការ​បង្កើត​នូវ​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​ ដោយ​លក្ខណៈ​ពិសេស​ដូច​តាម​រៀប​រាប់​ខាង​លើ​នេះ ពោល​គឺ​ចាប់​កកើត​ ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង​បញ្ចប់​គម្រោង​នៅ​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ។

កញ្ញា​ មុយហុង​ បញ្ជាក់​ថា បើ​ទោះ​បី​គម្រោង​ទី​ចងចាំ​ ឬ MMC នេះ​នឹង​​បញ្ចប់​នៅ​ពេល​ឆាប់ៗ​នេះ ​ក៏​ពិត​មែន​ តែ​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ ទី​ចង​ចាំ​ ឬ​MMC គឺ​នៅ​តែ​បន្ត​ទៅ​មុខ​ចែករំលែក ​ចំណេះដឹង​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្មែរក្រហម​បន្ត​ទៀត ដោយ​នឹង​មាន​ការ​ដាក់​បញ្ចូល​ ស្នាដៃ​និស្សិតDMCជំនាន់​ក្រោយៗ​​ ដែល​មាន​ខ្លឹមសារ​ទាក់ទង​នឹង​រឿងរ៉ាវ​ ខ្មែរក្រហម​ដោយ​ផ្សា​ភ្ជាប់​នឹង​ទី​តាំង​លើ​ផែនទី​ប្រទេស​កម្ពុជា​ផង​ដែរ​។

ក្នុងនាម​ជា​ប្រធាន​គម្រោង​ ទី​ចង​ចាំ​ ឬ​MMC កញ្ញា​ មុយ​ហុង​ សង្ឃឹមថា​ នៅ​ពេល​ខាង​មុខ​នេះ​ ពួក​យើង​មាន​បំណង​ចង់​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ​ ទី​ចង​ចាំ​ ឬ​MMC ឲ្យ​រឹត​តែ​ពិសេស​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បន្ថែម​ ដូច​ជា​ការ​បញ្ចូល​នូវ​មុខងារ​ថ្មី​ទៀត​ ដូចជា Gamification ឬ AR ជាដើម ប្រសិន​បើ​ DMC ​អាច​រក​បាន​កញ្ចប់​ថវិកា​បន្ថែម​ទៀត​។

លោក​ អ៊ុង ប៊ុនអ៊ី​ ប្រធាន​ស្ដីទី​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​​​ (DMC) ក៏​ដូចជា​អ្នក​ផ្ដួច​ផ្ដើម​គម្រោង ទី​ចង​ចាំ​ ឬ MMC ​ នេះ​ ឲ្យ​ដឹង​ថា​៖​ “​គម្រោង​ទី​ចង​ចាំ​ ឬ MMC ​ នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​​ជំរុញ​​ឲ្យ​​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើប្រាស់​​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​​ចុះទៅ​ស្រាវ​ជ្រាវ​បន្ត​អំពី​​​ព័ត៌មាន​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្មែរក្រហម នៅ​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ព្រម​ទាំង​បង្កើត​ការ​សន្ទនា​​​​អំពី​​​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ក្នុង​ចំណោម​យុវជន​​ និង​ក្រុម​គ្រួសារ​”។

ស្រប​គ្នា​នេះ​ដែរ​ លោក​ អ៊ុង ប៊ុនអ៊ី​ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​លោក​សម្រេច​សហ​ការ​បង្កើត​គម្រោង ​ទាក់​ទិន​នឹង​​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នេះ​ថា​៖​ « DMC គិត​ថា​ ការ​បន្ត​ការ​សន្ទនា​អំពី​ប្រវត្តិសាស្ត្រ ​ខ្មែរក្រហម​​គឺ​ជា​ការ​សំខាន់។​​ នេះ​ជា​មូល​ហេតុ ​ដែល​​ប្រធានបទ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ​​លេច​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​​ សម្រាប់​កិច្ចការ​និស្សិត​របស់​DMC ​ក្នុង​អំឡុង​ពេល​សិក្សា​របស់​ពួកគេ។»​

ក្នុង​នោះ​ផង​ដែរ​ លោក​ ប៊ុនអ៊ី​ ក៏បាន​ពន្យល់​បន្ថែម​ផង​ដែរ​ថា៖​ “បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មាន​ឬស​គល់​ចេញ​ពី​សោកនាដកម្ម ​ដែល​បាន​កើត​ឡើង​នៅ​របប​ខ្មែរក្រហម។ យុវជន​ជំនាន់​ក្រោយ​ត្រូវ​រៀន​ពី​អតីតកាល​របស់​ប្រទេស​កម្ពុជា ​ដើម្បី​យល់​ថា​អតីតកាល​មាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ​និង​សង្គម​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​។ ការសន្ទនា​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ដល់​ការរៀនសូត្រ​របស់​​សាធារណជន និង​ការ​ផ្សះផ្សា​អតីតកាល​ ជាមួយ​បច្ចុប្បន្ន​។”

ស្នាដៃ​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ និង​គេហទំព័រ ទី​ចង​ចាំ​ ឬ MMC នេះ មាន​រឿងរ៉ាវ​ជាច្រើន​ដែលកើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​​​ដូចជា​ ការ​រៀប​ការ​ដោយ​បង្ខំ​ ការ​​បង្ខំ​ធ្វើ​ការ​ហួស​កម្លាំង​ដើម្បី​សម្រេច​គម្រោង​ទំនប់ធំៗ​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​សាសនា​ កិច្ច​ការ​ទូត​បរទេស​​របស់​ខ្មែរ​​ក្រហម។​

​កញ្ញា​ គួច​ ម៉ាស៊ី​ និង​សមាជិក​ក្រុម​បានរួម​គ្នា​​​ផលិត​ភាពយន្ត​ឯកសារ​ខ្លី​មួយ​ឈ្មោះ​ថា​ “​កោះតាង” ដែល​និយាយ​ពី​ជម្លោះ​ដែន​ទឹក​រវាង​ទ័ព​ខ្មែរ​ក្រហម​ និង​ទ័ព​អាមេរិក​ ក្រោយ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច។​

កញ្ញា​បាន​រៀប​រាប់​​ថា​៖ “​តាម​រយៈ​ការ​ផលិត​វីដេអូ​ឯកសារ​នេះ​ ខ្ញុំ​បាន​រៀន​សូត្រ​ពី​ការងារ​បាន​យ៉ាង​ច្រើន​ដូច​ជា​ ការ​ចេះ​សាមគ្គី​ តស៊ូ​ និង​អត់​ធ្មត់​​ ក្នុង​ធ្វើ​ការ​ជា​ក្រុម​ រៀន​ពី​បច្ចេកទេស​ផលិត​រឿង​បាន​ល្អ​ជាង​មុន​។ហើយ​អ្វី​ដែល​សំខាន់​គឺ​ចេះ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​។” យ៉ាងណាមិញ​ កញ្ញា​​ ម៉ាស៊ី ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ ខណៈ​ពេល​ដែល​ក្រុម​ខ្លួន​ផលិត​ភាព​ឯកសារ​នេះ មាន​ដូចជា​ កង្វះ​​ឯកសារ​ និង​ប្រភព​ព័ត៌មាន​ជា​ដើម​។”

ក្នុង​ឱកាស​សម្ពោធ​នេះ ក្នុង​នាម​ជា​ប្រធាន​គម្រោង​ កញ្ញា​ មុយ​ហុង​ បាន​គូស​បញ្ជាក់​ថា​ គម្រោង​មួយ​នេះ​ អាច​សម្រេច​ជា​រូបរាង​បាន​ជោគជ័យ​​ដូច​ពេលនេះ ក៏​ព្រោះ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​​​ (DMC) ដោយ​មាន​ការ​គាំទ្រ ​ពី​អង្គការ​សេវា​សន្តិភាព​ស៊ីវិល​ (ស៊ី.ភី.អេស.) ​នៃ​កិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ) និង​មាន​ដៃគូ​សហការ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ( ​DC-Cam) ដែល​បាន​ជួ​យ​ពិនិត្យ​ផ្ទៀងផ្ទាត់ ​ភាព​ពិត​របស់​ខ្លឹម​សារ​ទាំង​អស់​ក្នុង​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ ទី​ចង​ចាំ​ ឬ​MMC ព្រម​​ទាំង​បាន​ផ្ដល់​ជា​រូបភាពនិង​វីដេអូឯកសារ​ពាក់​ព័ន្ធ​នឹង​សម័យ​ខ្មែរ​ក្រហម​​។

ក្នុង​នាម​ជា​ទីប្រឹក្សា​របស់​អង្គការ​សេវា​សន្តិភាព​ស៊ីវិល​ (ស៊ី.ភី.អេស.)នៃ​កិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់​ (ជី.អាយ​.ហ្ស៊ី​.) លោក​ស្រី​ Stefanie Duckstein បាន​ឲ្យដឹង​ពី​ហេតុ​ផល ​ដែល​ជម្រុញ​ឲ្យស៊ី.ភី.អេស.គាំ​ទ្រ​គម្រោង​ទី​ចង​ចាំ​នេះ​ថា​៖ ដោយស៊ី.ភី.អេស. តែងតែ​គាំទ្រ​ DMC ក្នុង​ការ​ផ្ដល់​ជា​ការ​អប់រំ​វិជ្ជាជីវៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហើយ​ទន្ទឹម​នឹង​នេះ​ ស៊ី.ភី.អេស.ក៏បាន​សហការ​​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ និង​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​គម្រោង​អប់រំ​ស្ដី​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម។ ហេតុដូច្នេះ​ យើង​ក៏​យក​ឱកាស​នេះ​ បញ្ចូល“ការ​បណ្ដុះ​បណ្ដាល​និស្សិត​សារព័ត៌មាន​ និង​ការ​បង្កើត​ជា​ឧបករណ៍​អប់រំ” បញ្ចូល​​គ្នា​តែ​ម្ដង​ ។​

និស្សិត​ក៏​ដូចជា​ប្រជាជន​កម្ពុជា​ជា​ច្រើន​ទៀត គឺ​កំពុង​តែ​ចាប់អារម្មណ៍​នឹង​បច្ចេកវិទ្យា​ឌីជីថល ដោយ​ប្រើ​ប្រាស់​ស្មាតហ្វូន​ឬ​ថេប្លេត ក្នុង​ការ​ទទួលយក​ព័ត៌មាន​ពី​ផ្សព្វផ្សាយ​​។ ដូច្នេះ​វា​ហាក់​ដូចជា​ឃើញ​ច្បាស់​ណាស់​ថា​ វា​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ជ្រើសរើស​កម្មវិធី​ស្មាតហ្វូន​ជា​ឧបករណ៍​ដើម្បី​ផ្សព្វផ្សាយ​រឿងរ៉ាវ​នានា​ក្នុង​សម័យ​ខ្មែរក្រហម។»

ជាចុងក្រោយ​ ប្រធាន​ស្ដីទី​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​​​ (DMC) លោក​ អ៊ុង ប៊ុនអ៊ី​ បាន​ថ្លែង​គំនិត​សុទ្ធិនិយម​ទៅ​លើ​គម្រោង​នេះ​ថា៖ “កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​នេះ នឹង​ដើរ​តួ​ជា​វេទិកា​ដ៏​សំខាន់​មួយ​​​សម្រាប់​កិច្ច​សន្ទនា​ប្រកប​ដោយ អត្ថន័យ និង​ដោយចំហ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​សម្រាប់​យុវជន​ជំនាន់​ក្រោយ​​រួម​ទាំង​អ្នក​រស់រានពី​របប​ខ្មែរក្រហម៕”

ចុចដោនឡូតលើ Play Store | App Store

អត្ថបទ៖ រក្សា