សប្បាយ​កប់! តារា​ខ្មែរ​ជិត ២០​ ដួង ចប់​បេសកកម្ម ក្រោយ​នាំ​ពលករ​រាំ​បែក​ផ្សែង​នៅ​កូរ៉េ

  • 2019-02-06 07:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​​​របស់​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​នៅ​រដូវ​ធ្លាក់​ព្រឹល​បាន​បញ្ចប់​ហើយ តារា​ជិត​២០​រូប​ដែល​បាន​ទៅ​ចូល​រួម​កម្មវិធី​មួយ​នេះ​បាន​​នាំ​បង​ប្អូន​ខ្មែរ​ដែល​ជា​ពលករ​រស់​នៅ​ទី​នោះ ​រាំ​លេង​យ៉ាង​សប្បាយ ពោល​គឺ​ម្នាក់ៗ ឡើង​ចេញ​ផ្សែង​តាម​មាត់​គ្រប់​គ្នា ស្រប​ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​ផង​នោះ។

ការ​ប្រគំ​​តន្ត្រី​ខាង​លើ​បាន​ធ្វើ​ឡើង​ចំនួន​២ថ្ងៃ​នៅ​កន្លែង​ផ្សេង​គ្នា គឺ​នៅ​ទី​ក្រុង​ប៊ូសាន ទី​ក្រុង អាន់សាំន។ សន្ទុះ​នៃ​ការ​គាំទ្រ​នៃ ទី​ក្រុង​ទាំង​​២​នេះ គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា អ្វី​ដែល​ពិសេស​នេះ បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ គឺ​ម្នាក់ៗ​ចង់​រាំ​លេង​សប្បាយ​ខ្លាំង​ណាស់ ស្រប​ពេល​ដែល​ពួក​គេ​សម្រាក​ពី​ការ​ងារ។

លោក សុខ សៀងឌី ជា​តារា​ចម្រៀង​ពលករ​និង លោក សេង គឺម ឡែន ដែល​​ជា ម្ចាស់​ស្ពុនស័រ ការ​ប្រគំតន្ត្រី​នៅ​រដូវ​រងា បាន​លើក​ឡើង​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​រៀប​ចំ​កម្មវិធី​ខាង​លើ​ដោយ​ជោគជ័យ​​បែប​នេះ។ លោក​ថ្លែង​ថា ទោះ​បី​ជា​មិន​ទទួល​បាន​ការ​គាំទ្រ​លើសលប់​តែ​ចំនួន​នេះ ប៉ុន្តែ​​អាច​ទទួល​យក​បាន ហើយ​លោក​សូម​ថ្លែង​អំណរគុណ​ដល់ អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ឆ្លៀត​ពេល​មក​ចូល​រួម​កម្មវិធី ដែល​​ក្រុម​ហ៊ុន​រៀបចំ​ជា​លើក​ដំបូង​នេះ។

ដូច​ដែល​បាន​លើក​ឡើង​កន្លង​មក ក្រុម​តារា​​​ជិត​២០រូប​ដែល​បាន​ទៅ​ចូល​រួម​នៃ​ការ​​ប្រគំតន្ត្រី​​ខាង​លើ មានដូច​ជា លោក ខេម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហាជី លោក សៅ លោក ពេជ្រ ថាណា ឧត្ដម លោក ថែល ថៃ កញ្ញា យូរី កញ្ញា សួស វីហ្សា កញ្ញា លីនដា កញ្ញា សុធារ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ាដូណា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី រួម​និង​ក្រុម​ការងារ​៤ទៅ៦​នាក់​ផ្សេង​ទៀត។

ម្ចាស់​ស្ពុនស័រ​ខាង​លើ​បាន​ថ្លែង​ជា ចុង​ក្រោយ​ថា ការ​​នាំ​តារា​មក​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នេះ ​មិន​មែន​ធ្វើ​ឡើង​តែ​​មួយ​លើក​នេះ​ឡើយ នៅ​រដូវ​បន្ទាប់​ៗ ​លោក នឹង​នាំ​មក​ជូន​នូវ​ការ​ប្រគំតន្ត្រី​បែប​នេះ​បន្ត​ទៀត ទៅ​តាម​សំណូម​ពរ​បង​ប្អូន​ខ្មែរ​រស់​នៅ​ទីនេះ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម