ស្រូវប្រាំង​ជាង៣០០ហិកតា​​ ក្នុងតំបន់ខ្លះ នៅកំពង់ឆ្នាំង កំពុងខ្វះ​ទឹក

  • 2019-02-07 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម​ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា ស្រូវ​ប្រាំង​ជាង ៣៥២ហិកតា របស់​ប្រជា​កសិករ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង កំពុង​មាន​ខ្វះ​ទឹក​។

លោក ដោក ប៊ុនថុន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង ​រួម​ជាមួយ​អាជ្ញាធរ​ដែន​ដី​បាន​នឹង​កំពុង​ចុះ​ជួយ​អន្តរាគមន៍​បូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ទាំង​នោះ ​ដោយ​ចុះ​អន្តរាគមន៍​បូម​ទឹក​ចំនួន​០២​កន្លែង ដោយ​ប្រើ​ម៉ាស៊ីន ៦៥​សេះ ចំនួន​៤​គ្រឿង។

ក្នុង​នោះ​បាន​ធ្វើ​សកម្មភាព​បូម​ទឹក​ចេញ​ពី​ប្រឡាយ​មេ​ចំនួន​០២​គ្រឿង ស្ថិត​នៅ​ភូមិ​កោះ​តាមូវ ឃុំ​កំពង់​ព្រះ​គគីរ និង០២គ្រឿងទៀតធ្វើសកម្មភាពបូមចេញពីបឹងទន្លេសាប ស្ថិត​នៅ​ចំណុច​ភូមិ​កំពង់​ព្រះ​គគីរ ឃុំ​កំពង់​ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ ​

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​ស្ថានភាព​អាកាស​ធាតុ​មាន​ការ​ប្រែប្រួល​ខុស​ពី​ធម្មតា ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ស្ថាន​ភាព​ភ្លៀង​ដើម​ឆ្នាំ​បាន​លឿន និង​ចុង​ឆ្នាំ​មាន​ភ្លៀង​តិច​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កង្វះខាត​ទឹក​ស្រោចស្រព និង​ប្រើប្រាស់។

លោក ឃួន សៅរុំ អភិបាល​ស្រុក​បរិបូណ៌ បាន​ឱ្យ​ដឹង​ដែរ​ថា ជា​វិធានការ​របស់​មន្ទីរ​ធនធាន​ទឹក​និង​អាជ្ញាធរ​ដែនដី​ដែល​ត្រូវ​ប្រកាន់​យក​នោះ គឺ​ត្រូវ​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​ដោយ​ប្រើប្រាស់​គ្រប់​លទ្ធភាព​ជួយ​សង្គ្រោះ​ដល់​ការងារ​បង្កបង្កើន​ផល​របស់​បងប្អូន ប្រជាកសិករ​នៅ​គ្រប់​កន្លែង ដែល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​នៅ​ក្បែរ​នោះ។

សូម​បញ្ជាក់​ថា ស្រុក​បរិបូណ៌​នៅ​រដូវ​បង្កបង្កើន​ផល​ស្រូវប្រាំង​ ឆ្នាំ២០១៨-២០១៩នេះ ស្រុក​បាន​ដាក់​ចេញ​នូវ​ផែនការ​ផលិត​ស្រូវ​លើ​ផ្ទៃដី​ចំនួន ២.៦០០ហិកតា ។

ប៉ុន្តែ​ការ​ដាំដុះ​ជាក់ស្ដែង​របស់​ប្រជា​កសិករ​មក​ដល់​ពេល​នេះ គឺ​សម្រេច​បាន​លើ​ផ្ទៃដី​ជាង ៣.៣០០ហិកតាហើយ ពោល​គឺ​បាន​ធ្វើ​លើស​ផែនការ​ជាង ៧០០ហិកតា ខណៈ​ផ្ទៃដី​មួយ​ចំនួន បាន​នឹង​កំពុង​ជួប​ការ​ខ្វះខាត​ទឹក។ នេះ​បើ​តាម​លោក លោក ឃួន សៅរុំ អភិបាល​ស្រុក​បរិបូណ៌។

ប្រភព៖ AKP   ប្រែ​សម្រួល៖ ពៅ រក្សា