មិនថាជាមិត្តភាព ឬស្នេហា រកមើល ៥ចំណុចនេះសិនមុនបណ្តោយឲ្យទំនាក់ទំនងកាន់តែជ្រៅ

  • 2019-02-08 05:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​គេច​ចេញ​ពី​ភាព​ឯកា យើង​តែង​បង្កើត​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន ដែល​ចុង​ក្រោយ​ទំនាក់ទំនង​ទាំង​នោះ​ខ្លះ​អាច​វិវឌ្ឍន៍​ក្លាយ​ទៅ​ជា​មិត្តភាព ឬ​ជា​ស្នេហា​ជា​ដើម។ រឿង​មួយ​ដែល​យើង​គ្រប់គ្នា​ត្រូវ​​ចង​ចាំ​ គឺ មនុស្ស​ស្គាល់​មុខ ស្គាល់​មាត់​ តែ​មិន​ស្គាល់​ចិត្ត ដូច្នេះ​កុំ​ឆាប់​ជឿ​ទុក​ចិត្ត​គេ​ពេក ដោយ​គួរ​កំណត់​ដែន​នៃ​ការ​រាប់​អាន​ឲ្យ​ច្បាស់។ មាន​មិត្ត​ស្គាល់​ចិត្ត​ម្នាក់​ប្រសើរ​ជាង​មាន​ច្រើន​នាក់​ហើយ​នាំ​តែ​បញ្ហា​ឲ្យ​អ្នក។

ដើម្បី​បង្ការ​កុំ​ឲ្យ​ខ្លួន​ឯង​ចាយ​ពេល​វេលា និង​ទឹក​ចិត្ត​ខុស​លើ​ទំនាក់​ទំនង​ អ្នក​ត្រូវ​រៀន​ចេះ​សង្កេត​រកមើល ៥​ចំណុច​នេះ លើកខ្លួន​មនុស្ស​ដែល​អ្នក​កំពុង​សេពគប់​មុន​ចង់​បន្ត​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ស៊ីជម្រៅ ដូចជា៖

១. ភាព​ស្មោះ​ត្រង់ ៖ មនុស្សយើង​មិនសូវ​សម្ដែង​ចេញ​ចរិត​ពិត​ឡើយ​ពេល​ទើប​ស្គាល់​គ្នា​ដំបូង។សំខាន់​អ្នក​ខ្លួន​ឯង​ត្រូវ​ចេះ​សង្កេត​មើល​កម្រិត នៃ​ភាពស្មោះត្រង់​របស់​ តាមរយៈ​ការ​ជជែក​គ្នា​លេង​ពី​នេះ​ពី​នោះ។ ភាព​ស្មោះ​ត្រង់​នេះ​ គឺ​ចង់​សំដៅ​សំខាន់​លើ​ចេតនា​អាក្រក់​ណា​មួយ​មក​លើ​អ្នក ឬ​ចង់​បោកប្រាស់​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​ជាដើម។ គេ​តែង​លើក​ឡើង​ថា​ពាក្យ​សម្ដី​របស់​មិត្ត​ល្អ អាច​គ្រោតគ្រាត​បន្តិច តែ​ជា​សម្ដី​គ្មាន​ពិស ប្រសើរ​ជាង​សម្ដី​ផ្អែម​លាក់​ពុត​បង្កប់​កល ដែល​អាច​នាំ​គ្រោះ​ដល់​អ្នក​។

២. យល់ចិត្ត និង​ចេះ​សម្រប ៖ នេះ​មាន​ន័យ​ថា​ទាំង​ពីរ​នាក់​មាន​ឆន្ទៈ​រាប់​អាន​គ្នា​យូរអង្វែង និង​បើក​ចិត្ត​ត្រៀម​ជា​ស្រេច​ដើម្បី​កែរ​លម្អ​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​សិន​មាន​ចំណុច​ខ្វះ​ខាត ឬ​លើសលួស។ នេះ​មិន​មែន​មាន​ន័យ​ថា​ត្រូវតែ​ព្យាយាម​សម្រប​ជាមួយ​មនុស្ស​គ្រប់​គ្នា​គ្រប់​រឿង​នោះ​ទេ គួរ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​ស្រួល​បួល ព្រោះថា​បើ​ជួប​គ្នា​ហើយ​ទើស​តែ​រហូត​នោះ ក៏​មិន​គួរ​ដើរ​ជាមួយ​គ្នា​ដែរ។

៣. ចេះ​លះ​បង់​ចំពោះ​គ្នា ៖ បើ​យើង​ចង់​ឲ្យ​មាន​មនុស្ស​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត​ច្រើន យើង​​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ល្អ​ជា​មុន​សិន ដូច​គេ​ថា​មាន​ទៅ​មាន​មក កុំ​ប៉ាច់​ឡើង​គិត​តែ​យក​ចំណេញ​រៀង​ៗខ្លួន។ មិត្ត​ល្អ​តែង​យក​អាសា​រគ្នា​អស់​ពី​លទ្ធភាព​ក្នុង​គ្រា​អាសន្ន​អន់​ក្រ ដូច្នេះ​ហើយ​ទើប​គេ​តែង​និយាយ​ថា​ក្នុង​ស្ថានភាព​លំបាក​ធ្វើ​ឲ្យ​យើង​ស្គាល់​ច្បាស់​ពី​សារជាតិ​មនុស្ស​។

៤. គោរព និង​ផ្តល់​តម្លៃ​ឲ្យ​គ្នា ៖ ចំណុច​នេះ​សរ​បញ្ជាក់​តាមរយៈ​ពេល​ពាក្យ​សម្ដី និង​កាយវិការ​របស់​គេ​មក​កាន់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សម្ពាធ ​កក់ក្តៅ និង​សុវត្ថិភាព។ ដូចជា​គេ​មិន​និយាយ​ប្រមាថ​មើល​ងាយ​អ្នក​ ឬ គ្រួសារ​អ្នក​ឡើយ និង​តែង​យកចិត្តទុកដាក់​ចំពោះ​វេលា​ដែល​គេ​នៅ​ជាមួយ​អ្នក​។

៥. សហការ និង​គាំទ្រ៖ មិត្ត​ល្អ​នឹង​នៅ​កំដរ​​អ្នក​ ផ្តល់​កម្លាំង​ចិត្ត​ ប្រឹក្សា​យោបល់​ជួយ​អ្នក​ឲ្យ​ហែល​ឆ្លង​ការ​លំបាក​នា​នា​ក្នុង​ជីវិត​។ ចំពោះ​មនុស្ស​ខ្លះ​ចូល​មក​ក្នុង​ជីវិត​តែ​ពេល​សប្បាយៗ បើ​ស្គាល់​ហើយ​កុំ​បាច់​ស្និត​ស្នាល​ពេក​ក៏​បាន។ គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រភេទ​បំពុល​ដល់​ជីវិត​អ្នក​នាំ​អ្នក​ធ្វើ​តែ​រឿង​ខុស និង​នាំ​បញ្ហា​មិន​ចេះ​ចប់ និង​ប្រភេទ​ទុក​មិន​ចំណេញ ដក​ចេញ​មិន​ខាត៕

អត្ថបទ៖ លីដា