កម្ពុជា នឹងបាញ់ផ្កាយរណបផ្ទាល់ខ្លួនទៅកាន់ទីអវកាសឆ្នាំ ២០២១

  • 2019-02-09 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ត្រូវការ​លុយ​វិនិយោគ​ប្រមាណ ១៥០​លាន​ដុល្លារ ដើម្បី​បង្ហោះ​ផ្កាយរណប​ជាលើក​ដំបូង​របស់ខ្លួន​ទៅកាន់​គន្លង​ផែនដី នៅឆ្នាំ​ ២០២១ ខាងមុខនេះ។ ផ្កាយ​រណប​នេះអាច​មាន​អាយុកាល​យ៉ាងហោច ១៥​ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន នៅ​ក្រោយ​សិក្ខា​សាលា​ស្តីពី "ការ​វាស់​ស្ទង់​តម្រូវ​ការ​ទីផ្សារ​សម្រាប់​គម្រោង​បង្ហោះ​​ផ្កាយ​រណប"។

រូបតំណាង

លោក​បាន​លើក​ពី​ក្រុមហ៊ុន Royal Blue Skies ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប Royal Group និង​​ក្រុមហ៊ុន Great Wall Industry Corporation ដែល​មាន​មូលដ្ឋាន​មកពី​ប្រទេស​ចិន កំពុង​សិក្សា​​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​គម្រោង​មួយ​​នេះ។

ក្រុមហ៊ុន​ចិន​នេះ ធ្លាប់​មាន​បទ​ពិសោធន៍ ​ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​មួយ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១៥។ ដូច្នេះការ​អភិវឌ្ឍ​គម្រោង​នេះអាច​នឹង​ចំណាយ​ពេលឆាប់។

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី របស់​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ជំរុញ​ឲ្យលោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ពិចារណា​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស ក្នុងការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នៅ​កម្ពុជា។

សម្តេច​ថ្លែង​ថា ប្រសិន​បើ​កម្ពុជា​មាន​ផ្កាយ​រណប នោះ​ទូរគមនាគមន៍​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍​នានា ដែល​កំពុង​ទិញ​សេវា​ពី​បរទេស នឹង​ងាក​មក​ប្រើប្រាស់​សេវា​ដែលមាន​នៅស្រុក​ខ្មែរវិញ ហើយនិង​ធ្វើឲ្យ​ប្រព័ន្ធ​អ៊ីនធើណេត​នៅ​កម្ពុជា មាន​ល្បឿនលឿន តាមទាន់​បច្ចេកវិទ្យា​សម័យ​ថ្មី។

ផ្កាយរណបឡាវ ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែតចិន ចេញពីខេត្តស៊ីឈួន ប្រទេសចិន ក្នុងឆ្នាំ២០១៥

ចំណែកឯមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា នៅ ប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួល ដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវសន្តិសុខតាម បណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។

អ្នកនាំពាក្យក្រសួងការពារជាតិឯកឧត្តម ឈុំ សុជាតិ បានមានប្រសាសន៍ថា នៅពេលដែលប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារ​ប្រទេស ពិសេស​ការ​គ្រប់គ្រង​បាន​ល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ ការ​គ្រប់គ្រង​បាន​ល្អ​នូវ​សន្តិសុខ​តាម​បណ្តា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។

បច្ចុប្បន្ន​នេះ បើសិន​ត្រូវការ​តាមដាន​សន្តិសុខ​សង្គម ឫ​ក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយ​រណប​បរទេស ដូច្នេះ​រាល់​ការ​សម្ងាត់​ខ្លះ​ៗ​របស់​យើង ពិបាក​ក្នុង​ការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយ​រណប​របស់​គេ​ណាស់ ហើយ​ការ​ជួល​នោះ​ ក៏​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត៕

ប្រភព៖ Kley Kley | secc.gov.kh   ប្រែ​សម្រួល៖ រក្សា