តារាប៉ុន្មានដួងនេះ ប្រែរូបរាងប្លែកស្ទើរមិនជឿ ក្រោយប្រឹងហាត់ប្រាណពេញទំហឹង

  • 2019-02-11 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តារា​ជា​ច្រើន​ បាន​ងាក​មក​ហាត់​ប្រាណ​យក​រាង​ស្អាត ​ក្រោយ​ពី​មើល​ឃើញ​ថា រូប​រាង​របស់​ខ្លួន​ហាក់​មិន​សូវ​សម​ប្រាថ្នា។ ​ឆ្លង​កាត់​ការ​លំបាក​ មាន​ពេល​ខ្លះ​សន្លប់ ​ពេល​ខ្លះ​ស្វាយ​មុខ ​ព្រោះ​តែ​តម​ចំណី​អាហារ​ផង ប្រឹង​ប្រែង​ហាត់​ផង ​ទី​បំផុត ​តារា​ច្រើន​ដួង​សម្រេច​បាន​ដូច​ក្តី​ប្រាថ្នា ទទួល​បាន​រាង​ស្អាត ​យ៉ាង​ទាក់​ទាញ​បំផុត។

១. ម៉ុង ម៉ានិត

តារា​ចម្រៀង​រូប​នេះ ​ធ្លាប់​ទម្លាយ​ថា កាល​ពី​មុន​លោក​ជា​មនុស្ស​រស់​នៅ​ក្នុង​ភាព​អៀន​ខ្មាស ហើយ​ត្រូវ​មនុស្ស​ជា​ច្រើន​យក​រូប​រាង​របស់​លោក មក​លេង​សើច។ ​ដោយសារ​តែ​លើស​ខ្លាញ់ និង​ជាតិ​អាស៊ី​ត​ច្រើន ម្ចាស់​បទ ​"​មាន​នាង​ក៏​ធុញ ​គ្មាន​នាង​ក៏​ធុញ​" ​សម្រេច​ចិត្ត​ហាត់​ប្រាណ​។ ​ក្នុង​រយៈ​ពេល​ហាត់​សម្រក​នេះ ​​ចៅ​ប្រុស​អ្ន​ក​ស្រី ​ពាន់​ ភួង​បុប្ផា ​ជួប​ការ​លំបាក​ច្រើន​ ពេល​ខ្លះ​សន្លប់ ​ពេល​ខ្លះ​មុខ​ឡើង​ស្វាយ ដើរ​មិន​ចង់​រួច ក៏​មាន។ ​តែ​ពេល​នេះ ​លោក​ទទួល​បាន​រូប​រាង​ថ្មី ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​កោត​សរសើរ​គ្រប់​គ្នា​ថា រូប​រាង​របស់​ម៉ានិត​មាន​ភាព​ខុស​ប្លែក​ពី​មុន​ដាច់​ឆ្ងាយ​តែ​ម្តង។

២. ស៊ូ ស៊ីរីកា

តារា​ចម្រៀង​នៅ​ផលិតកម្ម​ថោន​រូប​នេះ ធ្លាប់​ទម្លាយ​ពី​រូប​ថត​កាល​ពី​មុន​របស់​ខ្លួន ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ​ជាង​៧៤​គី​ឡូក្រាម។ ​ដោយ​សារ​មើល​ទៅ​ភ្លៅ​ធំ ដើម​ដៃ​ក៏​ធំ និង​យល់​ថា រូប​រា​ង​បែប​នេះ ពិបាក​ស្លៀក​ពាក់​ពេក ​អតីត​បេក្ខភាព​ប្រលង The Voice Cambodia ​បាន​ងាក​មក​ហាត់​ប្រាណ​ ជាមួយ​គ្រូ​ជំនាញ​នៅ​ក្លឹប​ផង ​និង​ប្រឹង​ហាត់​បន្ថែម​ផង​នៅ​ផ្ទះ​យ៉ាង​ទៀង​ទាត់ផង។ ​នៅ​ពេល​នេះ ​មិន​ត្រឹម​សម្រស់​របស់​ម្ចាស់​បទ "ឧបសគ្គ​ស្នេហ៍" ​ស្រស់​ថ្លា​នោះ​ទេ ​សូម្បី​ចង្កេះ​ក៏​តូច​ជាង​មុន ព្រម​ទាំង​មាន​រាង​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ​ថែម​ទៀត។

៣. វ៉ាន់ នីឡា

អតីត​តារា​ចម្រៀង​នៅ​ផលិត​កម្ម Pleng Record ​រូប​នេះ ​ខំ​ហាត់​ប្រាណ​យ៉ាង​ពេញ​ទំហឹង ​ដើម្បី​បាន​រូប​រាង​ដូច​ក្តី​ប្រាថ្នា។ ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ម្ចាស់​បទ ​"គេ​សុំ​ជួប​សង្សា​ចាស់​គេ" ​បង្ហោះ​រូប​នៅ​ក្លឹប​ហាត់​ប្រាណ ​ស្ទើរ​រាល់​ថ្ងៃ ដោយ​ហាត់​ជាមួយ​គ្រូ​ជំនាញ ​ហើយ​ថែម​ទាំង​តឹង​តែង​ខ្លួន​ឯង ​លើ​របប​អាហារ​ថែម​ទៀត​ផង។ ​ការ​ខំ​ប្រឹង​ហាត់​អស់​ជា​យូរ ​ពេល​នេះ​ប្អូន​ស្រី​របស់​អ្នក​និពន្ធ ​សុខ ​ជំ​នោរ​ ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ភ្ញាក់​ក្រ​ញ៉ាង​នឹង​រូប​រាង​ថ្មី ក្នុង​ឆ្នាំ​២០១៩នេះ ​យ៉ាង​ប្លែក​ភ្នែក​តែ​ម្ដង។

​​​៤. កេ​សរ

សមាជិក​ក្រុម SmallWorld SmallBand ​រូប​នេះ ​ក៏​ចំណាយ​ពេល​ច្រើន​មិន​ធម្មតា ​លើ​ការ​ហាត់​ប្រាណ​យក​​រាង​ស្អាត​ផង​ដែរ។ ​កាល​ពី​មុន ​​តារា​ចម្រៀង​ Original Song ​រូប​នេះ​មាន​រូប​រាង​ស្គម​ ពេល​ស្លៀក​ពាក់​​ម្តង​ៗ ​មិន​សូវ​មាន​ភាព​ទាក់​ទាញ​នោះ​ឡើយ។ ​តែ​ក្រោយ​ពី​ហាត់​ប្រាណ​​​មក ​កញ្ញា ​កេសរ ចាប់​ផ្តើម​មាន​រូប​រាង​ខុស​ប្លែក​ពី​មុន ​ស្អាត​​​ខ្លាំង​តែ​ម្តង៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម