Fellaini បញ្ជាក់​ពី​ហេតុផល​ដែល​ចាកចេញ​ពី Man Utd ហើយ​ប្រាប់​ពី​ក្លឹប​យក្ស​មួយ​ដែល​ធ្លាប់​ចែចូវ​រូប​គេ

  • 2019-02-11 12:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ​ Marouane Fellaini បាន​បង្ហើប​ថា​ រូប​គេ​ដល់​ពេល​ត្រូវ​ចេញ​ពី​ក្លឹប​ Manchester United ហើយ​ក្រោយ​ពេល​ដែល​បាន​មក​លេង​នៅ​អង់គ្លេស​ជាង​ ១០​ឆ្នាំ ព្រម​ទាំង​បាន​ប្រាប់​ថា​ក្លឹប​ Paris Saint-Germain ចង់​បាន​រូប​គេ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​ ២០១៨។

ក្នុង​កម្មវិធី​ទូរទស្សន៍​បារាំង​ Telefoot កីឡាករ​រូប​នេះ​បាន​ឆ្លើយ​សំណួរ​ខ្លី​ៗ (Yes/No Quiz) ថា​ "តើ​ខ្ញុំ​អាច​ចុះ​កុងត្រា​ឲ្យ​ PSG រដូវ​ក្ដៅ​ឆ្នាំ​មុន​ទេ? '' គេ​ក៏​ឆ្លើយ​ថា​បាទ។ " តើ​ខ្ញុំ​អាច​លេង​នៅ​ PSG ទេ? '' គេ​ក៏​ថា​បាទ។ " តើ​ Thomas Tuchel (គ្រូ PSG) ជា​អ្នក​មិន​ឲ្យ​ខ្ញុំ​មក​ឬ? '' គេ​ក៏​ថា​បាទ។

បន្ទាប់​មក​គេ​ក៏​ប្រាប់​ពី​ហេតុ​ផល​ដែល​គេ​ចាកចេញ​ពី​ក្លឹប​ Manchester United ដោយ​គេ​និយាយ​ថា​៖ " ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ហើយ​ បន្ទាប់​ពី​ខ្ញុំ​មក​លេង​នៅ​ប្រទេស​អង់គ្លេស​រយៈពេល ១០​ឆ្នាំ​ កន្លះ​។ ខ្ញុំ​មាន​រដូវ​កាល​ល្អ​ៗ​ជា​ច្រើន​ ហើយ​ពេល​នេះ​ ខ្ញុំ​ត្រូវ​ការ​ការ​ប្រកួត​ប្រជែង​ថ្មី​ និង​ការ​ផ្សងព្រេង​ថ្មី​ " ។

ក្រោយ​ពី​ការ​ចាក​ចេញ​របស់​លោក Jose Mourinho ខ្សែ​បម្រើ​កម្ពស់​ខ្ពស់​រូប​នេះ​ហាក់​ដូច​ជា​បាត់បង់​ឱកាស​លេង​។ លុះ​នៅ​ពេល​ថ្មី​ៗ​នេះ រូប​គេ​បាន​ផ្ទេរ​ទៅ​ក្លឹប​លីគ​កំពូល​ចិន​ Shandong Luneng ក្នុង​តម្លៃ​ ១៤​លាន​ដុល្លារ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី