EU ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​នីតិវិធី​ក្នុង​ការ​ដក​ជា​បណ្ដោះអាសន្ន EBA ពី​កម្ពុជា

  • 2019-02-11 14:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ផ្លូវ​ការ​របស់​គណៈ​កម្មការ​អឺរ៉ុប​ក្នុង​ថ្ងៃ​នេះ សហភាព​អឺរ៉ុប (EU) ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​នីតិវិធី​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

បើ​តាម​ប្រភព​ដដែល ក្រោយ​ការ​សម្រេច​ចិត្ត​មួយ​នេះ​ ស្ថាប័ន​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​ជា​ដំណាក់​កាល​ៗ នូវ​នីតិវិធី​ខាង​លើដូច​តទៅ៖

-រយៈ​ពេល ៦ ខែ​ គិត​ចាប់​ពី​ថ្ងៃ​ទី ១២ កុម្ភៈ​ទៅ គឺ​ជា​រយៈ​ពេល​តាម​ដាន​ត្រួត​ពិនិត្យ និង​ទាក់ទង​យ៉ាង​ល្អិតល្អន់​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា។

-ក្រោយ​មក សហភាព​អឺរ៉ុប​នឹង​ប្រើប្រាស់​រយៈ​ពេល ៣ ខែ​ទៀត ក្នុង​ការ​សរសេរ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​តាម​ដាន​ត្រួត​ពិនិត្យ និង​ទាក់​ទង​ខាង​លើ។

-ក្រោយរយៈ​ពេល​មួយ​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ទី ១២ កុម្ភៈ​នេះ​ទៅ គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្ដី​សម្រេច​ថា ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ ក្នុង​ដំណាក់​កាល​នេះ​ដែរ ក្នុង​ករណី​ដែល​គណៈកម្មការ​អឺរ៉ុប​សម្រេច​ថា​ដក ស្ថាប័ន​នឹង​ធ្វើ​ការ​សម្រេច​អំពី​កម្រិត​ និង​រយៈ​ពេល​នៃ​ការ​ដក​ EBA។ បើ​សិន​ជា​សម្រេច​ថា​ដក​មែន ការ​ដក​នេះ​នឹង​ចូល​ជា​ធរមាន​ក្រោយ​រយៈ​ពេល ៦ ខែ​បន្ទាប់​មក​ទៀត។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ដដែល ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​នីតិ​វិធី​ក្នុង​ការ​ដក​ជា​បណ្ដោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ មិន​មែន​មាន​ន័យ​ថា EU សម្រេច​ដក​ EBA ពី​កម្ពុជា​ភ្លាម​ក្នុង​ថ្ងៃ​នេះ នោះ​ទេ។ ការ​សម្រេច​ដក​ EBA គឺ​ជា​ជម្រើស​ចុង​ក្រោយ​បំផុត៕

ប្រភព៖ គណៈកម្មការអឺរ៉ុប

អត្ថបទ៖ សេរី មង្គល