តន្ត្រី​បេសកកម្ម​ស្នាម​ញញឹម​នៃ​ក្ដី​ស្រលាញ់​ រក​ចំណូល​បាន​ជាង​៧​លាន​រៀន​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

  • 2019-02-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​មុន​នេះ កម្មវិធី​តន្ដ្រី​បេសកកម្ម​ស្នាម​ញញឹម​នៃ​ក្ដី​ស្រលាញ់ ដែល​រៀប​ចំ​ដោយ​ក្រុម​យុវជន​មួយ​ក្រុម​ហៅ​ថា "ខ្ញុំ​ស្រលាញ់​កម្ពុជា" ឬ "IloveCambodia” រក​ចំណូល​​បាន​ដល់​ទៅ​​ជាង​៧លាន​រៀល​ឯណោះ​ដើម្បី​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។

​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​យ៉ាង​កក្រើក​នៅ​ ផ្សារ​ទំនើប អ៊ីអន​២​ ចាប់​ផ្ដើម​ពី​ម៉ោង​៣​រសៀល​ដល់​១០​យប់ ដោយ​មាន​អ្នក​ចូលរួម​សរុប​ដល់​ទៅ ៥១០​នាក់​ក្នុង​នោះ​មាន​ភ្ញៀវ VIP ចំនួន​១៨៦​នាក់​និង​៣២៤​នាក់​ជា​ភ្ញៀវ​ដែល​ទិញ​សំបុត្រ។ ថវិកា​សរុប​ដែល​ទទួល​បាន​ពី​កម្មវិធី​តន្ត្រី​នេះ​គឺ ៥,៤៦២,០០០រៀល និង ៥៣០​ដុល្លារ​អាមេរិក គិត​ទៅ​​ប្រហែល​ជាង​៧​លាន​រៀល។ ចំណូល​សរុប​ដែល​បាន​ពី​កម្មវិធី​នេះ​ក៏​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​នេះ​ផង​ដែរ។

ចំពោះ​ក្រុម​យុវជន​នេះ​ផ្ទាល់ ក៏​បាន​បង្ហាញ​ពី​ជំហរ​គំនិត​ថា​ពួក​គេ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត សម្រាប់​កម្មវិធី​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ​​ ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​រលូន និង​កែប្រែ​ចំណុច​ខ្វះ​ខាត​ ដើម្បី​រក​ចំណូល​ផ្សេងៗ​ទាក់ទង​នឹង​សកម្មភាព​​មនុស្ស​ធម៌៕

​​

អត្ថបទ៖ ធារ៉ូ